កម្ពុជាអាចក្លាយជាអធិរាជស្វាយចន្ទី

សម្តេចតេជោ ហ៊ុន សែន ចង់ប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី ខណៈអ្នកជំនាញស្នើឲ្យសេដ្ឋីគ្រាក់ៗវិនិយោគលើឧស្សាហកម្មកែច្នៃ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឲ្យក្លាយជាអធិរាជស្វាយចន្ទី ដែលមានសក្ដានុពលខ្ពស់ទាំងការផលិត និងនាំចេញគ្រាប់ស្វាយចន្ទីទៅលក់នៅលើទីផ្សារអន្តរជាតិ។ ការបង្ហាញមហិច្ឆតាបែបនេះរបស់សម្តេចតេជោ ធ្វើឡើងស្របពេលកម្ពុជាបានក្លាយជាប្រទេស ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេលើពិភពលោក ដែលមានចំណែកទីផ្សាររហូត២៤% នៃការផលិតគ្រាប់ស្វាយចន្ទីឆៅសរុបរបស់ពិភពលោក។
សម្តេច ហ៊ុន សែន ចង់ឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី រូបភាព ផេកសម្តេច

ថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងមួយនេះ ប៉ុន្ដែ ទាមទារឲ្យរាជរដ្ឋាភិបាលមានការលើកទឹកចិត្តចំពោះវិនិយោគិនក្នុងស្រុកសម្រាប់ផលិតកម្មមួយនេះ និងស្នើឲ្យវិនិយោគិនគ្រាក់ៗនៅកម្ពុជាងាកពីការវិនិយោគលើវិស័យអចលនទ្រព្យមកវិនិយោគលើឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបានច្រើន ជាពិសេសស្នើឲ្យរាជរដ្ឋាភិបាលបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ឬឧទ្យានកសិ-ឧស្សាហកម្ម ដើម្បីរួមចំណែកធ្វើឲ្យផលិតកម្មស្វាយចន្ទីកាន់តែល្អប្រសើរបន្ថែមទៀត។
ថ្លែងនាឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នៅព្រឹកថ្ងៃទី១៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ ដោយជំរុញឲ្យពលរដ្ឋកម្ពុជាងាកពីការដាំដុះដំណាំធម្មតាមកចាប់អារម្មណ៍ក្នុងការដាំដុះដំណាំយុទ្ធសាស្ត្រ ជាពិសេសដំណាំស្វាយចន្ទីសម្រាប់បម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ ការជំរុញនេះធ្វើឡើងវាស្របពេលដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលចង់ប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសអធិរាជស្វាយចន្ទី ដែលមានការផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើលោកនាពេលអនាគត។ បើតាមការគូសបញ្ជាក់របស់ម្តេច ហ៊ុន សែន បច្ចុប្បន្នកម្ពុជាជាប់ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេលើពិភពលោកជាមួយបរិមាណជាង១លាន១សែន៨ម៉ឺនតោនក្នុង១ឆ្នាំ ដោយបានវ៉ាដាច់ប្រទេសកូឌីវ័ ដែលមានត្រឹមតែ១លាន១សែនតោន។ ចំនួននេះបានជួយឲ្យកម្ពុជាក្តោបចំណែកទីផ្សារ២៤% នៃការផលិតគ្រាប់ស្វាយចន្ទីសរុបរបស់ពិភពលោក ដែលមានប្រមាណ៥លានតោនក្នុង១ឆ្នាំ។
ជុំវិញបញ្ហានេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញការគាំទ្រចុះការចង់ប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាលនាពេលអនាគត ដ្បិតវាអាចជួយធ្វើឲ្យការដាំដុះ និងតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីជួយជំរុញឲ្យវិស័យដាំដុះដំណាំស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទីដើរទៅមុខបានលឿន ប្រធានសមាគមរូបនេះស្នើឲ្យរាជរដ្ឋាភិបាលមានការលើកទឹកចិត្ត និងជំរុញឲ្យវិនិយោគិនក្នុងស្រុកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ងាកពីការវិនិយោគលើវិស័យអចលនទ្រព្យមកវិនិយោគលើឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជាជាងរង់ចាំអ្នកវិនិយោគមកពីក្រៅប្រទេស។

បន្ថែមលើនេះ លោក អួន ស៊ីឡុត ស្នើឲ្យរាជរដ្ឋាភិបាល ឬមហាសេដ្ឋីនៅកម្ពុជាបង្កើតឲ្យមានជាតំបន់សេដ្ឋកិច្ចពិសេស ឬឧទ្យានកសិ-ឧស្សាហកម្ម ដែលអាចប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅ ឬពាក់កណ្តាលសម្រេច និងផលិតផលកសិកម្មផ្សេងទៀតពីកសិករ ដើម្បីកែច្នៃជាផលិតផលសម្រេចសម្រាប់នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ មួយវិញទៀត លោកចង់ឲ្យរាជរដ្ឋាភិបាលជួយបន្ធូរបន្ថយ និងលើកលែងលើចំណុចមួយចំនួនដូចជាការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប លើកលែងពន្ធ កាត់បន្ថយថ្លៃដើមលើការចំណាយទឹក ភ្លើង និងភស្តុភារកម្ម ក៏ដូចជាជួយផ្តល់មន្ត្រីជំនាញកសិកម្មឲ្យជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះដល់កសិករជាដើម។
បើតាមតួលេខក្រៅផ្លូវការពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដាំដំណាំស្វាយចន្ទីទូទាំងប្រទេសសរុបប្រមាណ៧០ម៉ឺនហិកតា ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានជាង១លាន១សែនតោនក្នុង១ឆ្នាំ។ កាលពីឆ្នាំ២០២២ កន្លងទៅ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅលក់នៅទីផ្សារអន្តរជាតិសម្រេចបានជាង៦៧ម៉ឺនតោន គិតជាប្រាក់មានជាង១ពាន់លានដុល្លារអាមេរិក ថយចុះជាង៣៤%បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២១។ គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាស្ទើរ១០០% នាំចេញទៅកាន់ទីផ្សារវៀតណាម ដែលមានប្រមាណជាង៦៦ម៉ឺនតោន។ យ៉ាងណាមិញ តាមរយៈគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ កម្ពុជាដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន២៥% នៃផលិតផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា សម្រាប់នាំយកទៅលក់នៅលើទីផ្សារអន្តរជាតិនៅត្រឹមឆ្នាំ២០២៧៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំមួយចុះកិច្ចសន្យាទិញ និងនាំចេញដំឡូងមីកម្ពុជាឲ្យបាន ៥០ម៉ឺនក្នុង១ឆ្នាំទៅកាន់ទីផ្សារប្រទេសចិន

សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុនធំមួយពីប្រទេសចិន Global Ecological Rice (Cambodia) Co., Ltd. នាពេលថ្មីៗនេះ បានចុះកិច្…

បណ្ឌិត អ៊ិន ចាន់នី៖ ការដួលរលំរបស់ធនាគារអាមេរិកធំពីរ មិនបានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុកម្ពុជានោះទេ!

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុអះអាងថា ការដួលរលំនៃធនាគារធំៗពីររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មី ៗមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ