
ប្រសិនបើពិតជាមានការបិទមិនឱ្យមានការនាំចូលទំនិញពីថៃ មែននោះ តើវាអាចជួយលើកកម្ពស់ការប្រើប្រាស់ផលិតផល និងផលិតកម្មក្នុងស្រុកយ៉ាងណាដែរ?
ក្រុមអ្នកផលិតផលិតផលនៅតាមសហគមន៍យល់ឃើញថា ក្នុងករណីមានការផ្អាក ឬបិទទំនិញរបស់ថៃ មិនឱ្យនាំចូលកម្ពុជាមែន វាមិនមានអ្វីគួរត្រូវព្រួយបារម្ភនោះទេ ព្រោះការផលិតផលិតផលនានា នៅកម្ពុជា នាពេលបច្ចុប្បន្នអាចបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយកម្ពុជា ក៏អាចនាំចូលផលិតផលពីប្រទេសផ្សេងក្រៅពីប្រទេសថៃ បានផងដែរ។ ជាមួយគ្នានេះក្រុមអ្នកផលិតផលិតផលជឿជាក់ថា ប្រសិនបើបញ្ហាពិតជាកើតឡើងមែន នោះពលរដ្ឋខ្មែរនឹងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការជួយលើកកម្ពស់ផលិតផលក្នុងស្រុក និងជួយជំរុញសេដ្ឋកិច្ចនៅតាមសហគមន៍។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា អាចផលិតទំនិញបានជាច្រើនប្រភេទដែលធានាបានដល់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានដល់ការនាំចេញទៅក្រៅប្រទេសផងដែរ។ បើតាមអ្នកជំនាញរូបនេះ ក្នុងករណីមានការបិទទំនិញរបស់ថៃ ចូលទីផ្សារកម្ពុជា ក្នុងរយៈពេលណាមួយនោះវាទំនងជាមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា នោះទេ តែផ្ទុយទៅវិញវានឹងជួយជំរុញដល់ពលរដ្ឋឱ្យប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើនជាងមុន។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រៀមដាក់ចេញវិធានការក្តៅមួយចំនួន ដើម្បីឆ្លើយតបនឹងទង្វើរបស់ថៃ ប្រសិនបើរដ្ឋាភិបាលថៃ មិនដោះស្រាយបញ្ហាច្រកព្រំដែនដែលខ្លួនបានបិទដោយឯកតោភាគីឲ្យវិលមករកភាពប្រក្រតីវិញទេនោះ។ វិធានការទាំងនោះ រួមមាន បិទឈប់ទិញទំនិញថៃ មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា និងជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ និងត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ មួយវិញទៀតត្រូវបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេង និងត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ជាដើម។ ទោះជាយ៉ាងណាថ្នាក់ដឹកនាំកម្ពុជា បានអំពាវដល់ពលរដ្ឋកុំធ្វើអំពើជ្រុលនិយម និងកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃ ខណៈជនជាតិថៃ ភាគច្រើនលើសលប់ជាមនុស្សល្អ៕
អត្ថបទ៖ បូ ដូឡា