ប្រទេសជប៉ុន

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកដើម្បីទប់ស្កាត់បញ្ហាកង្វះពលកម្ម


ក្រុមហ៊ុនជប៉ុនធំៗជាច្រើនកំពុងដំឡើងប្រាក់ឈ្នួលបុគ្គលិក ដើម្បីទាក់ទាញកម្មករនិយោជិត និងដោះស្រាយបញ្ហាកង្វះខាតបុគ្គលិក ដែលតែងកើតមានឡើងរ៉ាំរ៉ៃនៅក្នុងប្រទេសនេះ។ ប៉ុន្តែការស្ទង់មតិសាជីវកម្មបានរកឃើញថា ការដំឡើងប្រាក់ឈ្នួលមិនទាន់ជាយុទ្ធសាស្ត្រត្រឹមត្រូវមួយសម្រាប់ដំណើរការក្រុមហ៊ុននៅឡើយទេ ខណៈដែលពួកគេបានផ្ដោតសំខាន់លើប្រព័ន្ធឌីជីថល ដែលមានប្រជាប្រិយភាពបំផុតក្នុងចំណោមវិធានការមួយចំនួន ដែលក្រុមហ៊ុនជាច្រើនកំពុងប្រើវា ដើម្បីដោះស្រាយវិបត្តិការងារ។ នេះបើតាមការស្ទង់មតិប្រចាំខែរបស់ Reuters បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកដើម្បីទប់ស្កាត់បញ្ហាកង្វះពលកម្ម

ក្រុមហ៊ុនជប៉ុនជាច្រើនតាមធម្មតាមិនចង់ដំឡើង ឬបង្កើនប្រាក់ឈ្នួលដល់កម្មករនិយោជិតរបស់ខ្លួននោះទេ ដោយសារតែបរិត្តផរណា ឬការធ្លាក់ចុះនៃតម្លៃទំនិញ សេវាកម្មជាច្រើនទសវត្សរ៍មកនេះ បានធ្វើឱ្យពួកគេពិបាកក្នុងការបង្កើនខ្ទង់ចំណាយកាន់តែច្រើនដល់អ្នកប្រើប្រាស់។

ប៉ុន្តែពេលនេះ អ្វីៗទំនងជានឹងអាចផ្លាស់ប្ដូរហើយ ខណៈដែលការកើនឡើងតម្លៃទំនិញទ្វេដង និងការធ្លាក់ចុះតម្លៃប្រាក់យ៉េនរបស់ជប៉ុនបានជំរុញឱ្យមានការចំណាយសម្រាប់ទ្រទ្រង់ជីវិតកាន់តែខ្លាំងឡើង និងជំរុញឱ្យគេត្រូវគិតគូរពីផលលំបាករបស់កម្មករនិយោជិតផងដែរ ហើយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ក៏បានអំពាវនាវឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតផងដែរ។

អ្នកគ្រប់គ្រងក្រុមហ៊ុនលក់រាយមួយរបស់ជប៉ុនបានលើកឡើងថា ជារួមពួកគេកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដូច្នេះហើយពួកគេកំពុងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកធ្វើការក្រៅម៉ោងនៅតាមហាងជាពិសេសតែម្ដង គឺតាមរយៈការឆ្លើយតបជាមួយការបង្កើនប្រាក់ឈ្នួលនេះតែម្ដង ប៉ុន្តែវាមានដែនកំណត់ផងដែរ មិនមែនចេះតែដំឡើងគ្រប់រឿងនោះទេ។

ការស្ទង់មតិរបស់ក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុធំៗចំនួន ៤៩៥ កន្លែង ដែលបានធ្វើកាលពីថ្ងៃទី ២ ដល់ថ្ងៃទី១២ ខែសីហាបានគូសបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនហាក់ដូចជាមានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការបង្កើនប្រាក់ឈ្នួល។ ក្រុមហ៊ុនចំនួន ៤៤% បានបង្ហាញពីការដំឡើងប្រាក់ឈ្នួលដោយចាត់ទុកវាថា ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនរបស់ពួកគេ ក្នុងការទប់ទល់នឹងបញ្ហាកង្វះខាតកម្លាំងពលកម្ម។ ចំណែកក្រុមហ៊ុនចំនួន ៥៩% ទៀតបានជ្រើសរើសយកវិធានការឌីជីថល និងវិធានការផ្សេងទៀត ដើម្បីសន្សំកម្លាំងមនុស្សដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ពួកគេ។

លោក Koya Miyamae សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន SMBC Nikko Securities បាននិយាយថា វាកំពុងមានទំនោរផ្លាស់ប្តូរនៅពេលកង្វះកម្លាំងពលកម្ម ដោយវាជំរុញឱ្យក្រុមហ៊ុនកាន់តែច្រើនធ្វើការដំឡើងប្រាក់ឈ្នួលជាមិនខាន ប៉ុន្តែពេលនេះមិនទាន់មានច្រើននោះទេព្រោះវាទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ គេត្រូវចាំមើលដល់ពេលដែលចំនួនមនុស្សចាស់កាន់តែច្រើន និងខ្វះកម្លាំងពលកម្មកាន់តែខ្លាំងនោះ ពេលនោះហើយ គឺសន្ទុះនៃការដំឡើងប្រាក់ឈ្នួលនឹងមានល្បឿនខ្លាំងដូចជាទឹកបាក់ទ្រនប់អ៊ីចឹង។

ក្រុមហ៊ុន ៥៤% បាននិយាយថា ពួកគេបានប្រឈមមុខនឹងបញ្ហាកម្លាំងពលកម្ម ហើយខ្វះខ្លាំងបំផុតគឺនៅក្នុងចំណោមក្រុមហ៊ុនមិនមែនជាផលិតករតែម្ដង ហើយ៥៩% បាននិយាយថា ពួកគេបានក្បិតត្បៀតសម្រាប់បុគ្គលិកខ្លាំងបំផុត។

ក្រុមហ៊ុនជប៉ុនជាច្រើនក៏បានអំពាវនាវឱ្យមានបរិយាកាសការងារកាន់តែប្រសើរឡើងរួមទាំងការជួលពេញមួយឆ្នាំ និងការពន្យារពេលចូលនិវត្តន៍ផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ធនាគារកណ្តាលស្រីលង្កាបានរក្សាអត្រាការប្រាក់នៅថេរ ដោយរំពឹងថា អតិផរណានឹងបានធូរស្រាលជាងមុន

ព័ត៌មាន
ធនាគារកណ្តាលស្រីលង្កា (CBSL) បានរក្សាអត្រាការប្រាក់ ១៥.៥០%របស់ខ្លួនឱ្យនៅថេរ នៅថ្ងៃ១៨ ខែសីហា ដោយមិនបានដំឡើងបន្ថែមទៀតនោះទេ បើទោះបីជា អតិ…

ចិននឹងបញ្ជូនទ័ពទៅរុស្ស៊ីដើម្បីធ្វើសមយុទ្ធ វូស្តុក (Vostok) ស្របពេលសង្គ្រាមរុស្សីនៅអ៊ុយក្រែននៅតែបន្តឥតដកដៃ

ព័ត៌មាន
បើទោះបីជា កំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងការចំណាយដ៏ច្រើនលើសលុបក្ដី ប៉ុន្ដែរុស្ស៊ីនៅតែចំណាយពេលវេលា និងធនធាន ដើម្បីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ