សហជីពជាតិ នៅក្រុមហ៊ុនអេឡិចត្រូនិក Samsung (NSEU) បានចាប់ផ្ដើមធ្វើកូដកម្ម៣ថ្ងៃ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារផ្សេងទៀត ហើយកាលពីថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយនៃកូដកម្ម៣ថ្ងៃនេះ សហជីពនេះបានអំពាវនាវឱ្យសមាជិករបស់ខ្លួនទាំងអស់ចេញធ្វើកូដកម្មដោយគ្មានកំណត់ជាបន្តទៀត។
សហជីពនេះបាននិយាយថា ការសម្រេចចិត្តបែបនេះរបស់ខ្លួនធ្វើឡើងបន្ទាប់ពីថ្នាក់គ្រប់គ្រងក្រុមហ៊ុននេះហាក់គ្មានចេតនាចង់ចរចាតាមការទាមទាររបស់ខ្លួននោះទេ ខណៈដែលសហជីពនេះបាននិយាយថា សកម្មភាពរបស់ខ្លួនបានរំខានដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ ប៉ុន្តែក្រុមហ៊ុន Samsung បានជំទាស់នឹងការអះអាងរបស់សហជីព។
ក្រុមហ៊ុន Samsung បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ថា ការធ្វើកូដកម្មរបស់សហជីពនេះមិនបានបង្កការរំខានណាមួយដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឡើយ ប៉ុន្តែក្រុមហ៊ុននេះនឹងនៅតែប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងការចរចាដោយស្មោះត្រង់ជាមួយនឹងសហជីពដដែល៕
អត្ថបទ៖ សុខ មង្គល