លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកការបង្ហោះរូបភាពមិនសមរម្យនៅទីតាំងរូបសំណាកសេះសមុទ្រនៅក្នុងខេត្តកំពតរបស់អ្នកបង្កើតមាតិកាម្នាក់ឈ្មោះ លោក ស៊ុំ សារុន ឬហៅថា Santa នៅក្នុងបណ្តាញសង្គមហ្វេសបុក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជននោះ គឺជាទង្វើមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ដែលកំពុងសាទរចំពោះសមិទ្ធផលថ្មីរបស់ខេត្តកំពត ក្នុងការទាក់ទាញទេសចរ។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះវាយតម្លៃថា ការបង្ហោះរូបភាពបែបនេះមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេចរណ៍នោះទេ ប៉ុន្តែវាប៉ះពាល់ដល់សីលធម៌សង្គមរបស់កម្ពុជា ដែលអាចបំផុសឱ្យមានការវែកញែកក្នុងន័យមិនល្អនៅក្នុងសង្គម និងជាគំរូមិនល្អសម្រាប់សង្គមជាតិផងដែរ។
ក្រោយមានការចែករំលែករូបភាពរបស់បុគ្គល Santa ដែលបានថតរូបជាលក្ខណៈឈរបត់ជើងតូច ដោយភ្ជាប់ជាមួយទឹកបាញ់ចេញពីមាត់រូបសំណាក់សេះសមុទ្រនៅខេត្តកំពត លើបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបញ្ជាឱ្យមានការលុបរូបនេះចេញជាបន្ទាន់ និងបានកោះហៅបុគ្គលនោះមកស្នងការដ្ឋាន ដើម្បីពិភាក្សាជុំវិញរឿងនេះ និងបានចាត់ទុករូបភាពនេះ ជាទង្វើមិនសមរម្យ និងគ្មានសីលធម៌ និងជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តកំពតផងដែរ។ ភ្លាមៗនោះឈ្មោះ ស៊ុំ សារុន ហៅ Santa ក៏បានចេញមុខសុំទោសចំពោះកំហុសឆ្គង ដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនានេះផងដែរ ដោយលោកអះអាងថា សម្រាប់ការថតរូបនេះ គឺលោកគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្រឡើយ និងសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អត់ឱនទោសឱ្យរូបលោកផងដែរ៕