ក្រុមហ៊ុន Aramco បាននិយាយថា នេះគឺជាការកើនឡើងនូវប្រាក់ចំណេញខ្ពស់បំផុតរយៈពេល២ឆ្នាំជាប់គ្នាមិនធ្លាប់មានពីមុនមក ខណៈដែលសមាជិកនៃសម្ព័ន្ធភាព OPEC+ បន្តកាត់បន្ថយផលិតកម្មរបស់ពួកគេក្នុងបំណងជំរុញបង្កើនតម្លៃថាមពលសកល។ ទោះជាយ៉ាងណា លទ្ធផលកាន់តែចុះទាបនេះក៏បានដាក់សម្ពាធលើអារ៉ាប៊ីសាអូឌីតផងដែរ ខណៈដែលប្រទេសនេះចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដ៏ធំមួយក្នុងការកាត់បន្ថយប្រាក់ចំណូលបានមកពីប្រេង។
ក្រុមហ៊ុន Aramco បានរាយការណ៍ពីប្រាក់ចំណេញចំនួន១៦១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលទំនងជាប្រាក់ចំណេញដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន ដែលបានជួញដូរជាសាធារណៈមួយនេះ។ ក្រុមហ៊ុននេះបាននិយាយនៅក្នុងឯកសារផ្ញើទៅទីផ្សារភាគហ៊ុន តាដាវូល (Tadawul) ថា ការធ្លាក់ចុះជាចម្បងនេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃការធ្លាក់ចុះតម្លៃប្រេងឆៅ និងការធ្លាក់ចុះបរិមាណលក់ ព្រមទាំងការធ្លាក់ចុះការចម្រាញ់ប្រេង និងកម្រិតសារធាតុគីមីផងដែរ។
បើតាមឯកសារនោះ បានបង្ហាញថា បើទោះជាមានការធ្លាក់ចុះប្រាក់ចំណេញនៅឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco នៅតែបង្កើនភាគលាភសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួនឱ្យឡើងដល់ជាង៣១ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤ឆ្នាំមុន។ ក្រុមហ៊ុន Aramco បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន៤៤០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ គឺបានធ្លាក់ចុះពីចំនួន៥៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ ជា