 
      ការរៀបចំកម្មវិធីសន្សំអាស៊ានក្នុងឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីអភិបាលនៃគណៈអភិបាលខេត្តកំពត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាជាច្រើនរូប។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងជំរុញវប្បធម៌សន្សំឱ្យបានកាន់តែទូលាយ ស្របនឹងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់។ គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលតែងតែគាំទ្រ និងជំរុញការសន្សំ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលជាតិ ដោយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ទៅលើផលិតផលសន្សំដូចខាងក្រោម៖
- គណនីបញ្ញើសំចៃ៖ អត្រាការប្រាក់ 4% ក្នុងមួយឆ្នាំ
- គណនីបញ្ញើមានកាលកំណត់៖ អត្រាការប្រាក់រហូតដល់ 6% ក្នុងមួយឆ្នាំ
- គណនីកុមារ៖ អត្រាការប្រាក់រហូតដល់ 7.5% ក្នុងមួយឆ្នាំ
 
      លើសពីនេះ សិក្ខាសាលាផ្សព្វផ្សាយនេះ បានផ្តល់ឱកាសសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួនដល់សាធារណៈជនផងដែរ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ អិលអូអិលស៊ី ក៏មានការផ្តល់ជូនកាតាបកុមារដ៏ស្រស់ស្អាតមួយភ្លាមៗ សម្រាប់អតិថិជនដែលបើកគណនីកុមារ នៅស្តង់ផ្ទាល់ ក៏ដូចជាមានហ្គេមសប្បាយៗសម្រាប់អ្នកចូលរួមលេងកម្សាន្ត ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។
អិលអូអិលស៊ី ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ហើយរឹតតែមានមោទកភាពដែលបានមើលឃើញពីការរីកចម្រើនក្នុងការយល់ដឹងទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។ គួរបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ អិលអូអិលស៊ី កំពុងចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការនេះតាមរយៈចុះផ្តល់ជាវគ្គបណ្តុះបណ្តាលស្តីពីបំណិន និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍ ជាពិសេសចែករំលែកនូវមាតិការដ៏មានខ្លឹមសារនៅលើគ្រប់បណ្តាញសង្គមរបស់ អិលអូអិលស៊ី ជារៀងរាល់ថ្ងៃថែមទៀតផង៕
 
       
       
       
       
       
       
       
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              