នៅលើបណ្ដាញសង្គម ហ្វេសប៊ុក និង twitter មានយុទ្ធនាការដោយដាក់ពាក្យថា #savethedaily ដោយអ្នកគាំទ្រមួយចំនួនបានផ្តួចផ្តើមឲ្យមានការរៃអង្គាសលុយម្នាក់១ដុល្លារ ដើម្បីបង់ពន្ធចំនួនជាង ៦លានដុល្លារដែលរដ្ឋបានទារឲ្យកាសែតនេះបង់សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយ។
បុគ្គលិកជនជាតិបរទេសដែលធ្លាប់ធ្វើការនៅកាសែត ខេមបូឌាដេលី នៅជុំវិញពិភពលោក ក៏បានលើកទឹកចិត្តឲ្យកៀងគរគ្នាដើម្បីបង្ហាញការគាំទ្រចំពោះ ខេបូឌាដេលី ឬបើសិនមានការងារជាអ្នកកាសែតគឺជំរុញឲ្យជួយសរសេរអំពីរឿងនេះ ដើម្បីគេបានដឹងច្រើន។
ខេមបូឌាដេលី ជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសដំបូងគេបង្អស់ ដែលបង្កើតនៅឆ្នាំ១៩៩៣ នៅកម្ពុជា ហើយដែលបានបង្កើតដោយអ្នកកាសែតជើងចាស់ជនជាតិអាមេរិក គឺលោក Bernard Krisher។
លោកស្រី Jodie Dejonge និពន្ធនាយកកាសែត ខេមដូឌាដេលី បានបង្ហោះសារ twitter ថា អ្នកអានអាចមើលព័ត៌មានរបស់គាត់នៅលើគេហទំព័រ Website ដោយមិនគិតលុយចាប់ពីពេលនេះរហូតដល់កាលបរិច្ឆេទដែលរដ្ឋាភិបាលដាក់កំហិតឲ្យបង់ពន្ធ គឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
លោកស្រី Deborah Krisher-Steele ដែលជាចាងហ្វាងការផ្សាយរង និងជាកូនស្រីលោក Bernard Krisher បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខេមបូឌាដេលី មិនត្រូវបានគេផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីតវ៉ា និងឆ្លើយតបទៅនឹងលិខិតដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារនោះទេ។
លោកស្រី Deborah Krisher-Steele បាននិយាយថា៖ «ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារជឿជាក់ថា ខេមបូឌាដេលី ជំពាក់ពន្ធ ពួកគេត្រូវប្រាប់យើងថា ហេតុអ្វី ឬសុំឲ្យយើងផ្តល់ព័ត៌មាន។ រហូតមកដល់ពេលនេះ មិនមានអ្វីកើតឡើងនោះទេ»។
លោកស្រីបានបន្តថា ឪពុករបស់គាត់បានចូលរួមចំណែកសប្បុរសធម៌នៅកម្ពុជា ដែលមានទឹកលុយប្រមាណ ៣៩លានដុល្លារ ហើយដែលគួរតែត្រូវបានគេពិចារណាតាមច្បាប់ពន្ធដារ ដែលថា ការវិភាគទានសប្បុរសធម៌អាចកាត់កងបាន។ លោកស្រីបានទាមទារឲ្យមាននីតិវិធីដ៏យុត្តិធម៌មួយ ហើយបើចុងក្រោយ ត្រូវកំណត់ថា យើងជំពាក់ពន្ធមែន យើងនឹងបង់។ តែលោកស្រីថា គេត្រូវឲ្យ ខេមបូឌាដេលី មានសិទ្ធិចូលរួមក្នុងដំណើរការនីតិវិធីនោះដែរ៕