Advertisement
សំណុំ​រឿង​ ខេមបូឌាដេលី

ពន្ធដារ​​បង្កក​គណនី​ធនាគារ​​អង្គការរបស់​​​លោក Bernard Krisher


អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្កក​គណនី​ធនាគារ​អង្គការ​ចំនួន​ពីរ​ដែល​មាន​ឈ្មោះ​ថា Japan Relief for Cambodia និង World Assistance for Cambodia ដែល​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក បឺណាឌ គ្រីស័រ (Bernard Krisher) អតីត​ចាងហ្វាង​កាសែត ខេមបូឌា ដេលី ដែល​បាន​បិទ​ទ្វារ​កាល​ពី​សប្តាហ៍​មុន។
លោក Bernard Krisher អតីត​ចាងហ្វាង​កាសែត ឌឹ ខេមបូឌា ដេលី។ រូបភាព៖ YouTube
ដោយ
Advertisement

ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍ អង្គការ​ទាំង​ពីរ​នេះ​បាន​និយាយ​ថា ​ខ្លួន​នឹង​ផ្អាក​ដំណើរការ​មួយ​ចំនួន ដូចជា ការ​កសាង​សាលារៀន​និង​ការ​ផ្គត់ផ្គង់​គ្រូ​ភាសា​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ត​ទៅ បន្ទាប់​ពី​ខាង​ពន្ធដារ​បាន​បង្កក​គណនី​ធនាគារ​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​៨ ខែ​កញ្ញា ដោយ​គ្មាន​ការ​ពន្យល់​ជាមុន។ 

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា ការ​ផ្អាក​ប្រតិបត្តិការ​នេះ​នឹង​ប៉ះពាល់​ដល់​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​និង​ថ្នាក់​កុំព្យូទ័រ​សម្រាប់​កូន​សិស្ស​រាប់​ពាន់​នាក់។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល អង្គការ​ទាំង​ពីរ​នេះ​បាន​អះអាង​ថា «ជាមួយ​នឹង​លុយ​ដែល​នៅ​ក្នុង​ដៃ យើង​អាច​គាំទ្រ​តែ​ប្រតិបត្តិការ​សំខាន់ៗ​ដែល​មើល​ថែ​កូន​ក្មេង​ក្នុង​មណ្ឌល​ចំនួន​៤០​នាក់។ យើង​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​មណ្ឌល​នេះ​តែ​មួយ​ខែ​ប៉ុណ្ណោះ»។

ការ​ផ្អាក​នេះ​នឹង​ប៉ះពាល់​ដល់​បុគ្គលិក​១០០​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ទាំង​អស់​ចំនួន​១២០​នាក់។ 

អង្គការ​ទាំង​ពីរ​នេះ​ធ្លាប់​មាន​ការិយាល័យ​នៅ​ជាមួយ​កាសែត ខេមបូឌា ដេលី មុន​ពេល​បិទ​ បន្ទាប់​ពី​មិន​បាន​បង់​ពន្ធ​សម្រាប់​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ ដែល​មាន​ជាង​៦​លាន​ដុល្លារ។

ទូរស័ព្ទ​ទៅ​លោក​អគ្គនាយក​ពន្ធដារ គង់ វិបុល មិន​មាន​ការ​ឆ្លើយ​តប​ទេ។ 

កាសែត ខេមបូឌា ដេលី ជា​សារព័ត៌មាន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ​ចាស់​ជាង​គេ​នៅ​កម្ពុជា។ ស្ថាបនិក​កាសែត​នេះ លោក បឺណាឌ គ្រីស័រ ដែល​មាន​អាយុ​៨៦​ឆ្នាំ​ទៅ​ហើយ បាន​សរសេរ​លិខិត​មួយ​ទៅ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា លោក​នឹង​ធ្វើ​ដំណើរ​ពី​ជប៉ុន​មក​កម្ពុជា​ដើម្បី​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង លើ​​ករណី​ពន្ធដារ។ លោក​ថា កូនស្រី​របស់​លោក​ដែល​ជា​ចាងហ្វាង​រង​ទើប​តែ​ទទួល​ការងារ​ចាប់​ពី​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៧​នេះ​មក​ទេ។ 

ការ​បិទ​កាសែត ខេមបូឌា ដេលី បន្ទាប់​ពី​ប្រតិបត្តិការ​ជាង​២៤​ឆ្នាំ​នោះ បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់ សោក​ស្តាយ អាណិត​អាសូរ និង​ការ​អបអរ​ខ្លះ​ពី​មនុស្ស​មួយ​ចំនួន​ផង​ដែរ៕

ទស្សនា​ខ្សែ​វីដេអូ​ឯកសារ​ខ្លី អំពី​លោក Bernard Krisher និង​កិច្ចការ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា៖

© 2017 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ជំនួយ​ចិន​-អាមេរិក​​​សម្រាប់​កម្ពុជា​​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ?

ព័ត៌មាន
ប្រទេស​ចិន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​កម្ពុជា ដោយ​មាន​​ទឹក​ប្រាក់​ចន្លោះ​ពី​ជាង ២០០​លាន​ដុល្លារ ទៅ​ដល់​ជាង ៣០០​លាន...

កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហោះ​​សារ​រំឭក​ខួប​ភេរវកម្ម​នៅ​អាមេរិក (១១ កញ្ញា)

ព័ត៌មាន
ថ្ងៃទី១១ កញ្ញា កាលពី​១៦ឆ្នាំ​មុន ព្រឹត្តិការណ៍​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើត​ឡើង​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​ប្រជាជន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ