តាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន SBI បានឲ្យដឹងកាលពីថ្ងៃពុធ ទី៩តុលាកន្លងទៅថ្មីៗនេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលី ហួរ រំពឹងថា នឹងទទួលបានអាជ្ញាបណ្ណជាធនាគារ ពីធនាគារជាតិនៃកម្ពុជានៅពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកអាជីវកម្ម សេវាកម្មដែលមានស្រាប់នាពេលបច្ចុប្បន្ន។
ដំណាក់កាលដំបូង ក្រុមហ៊ុន SBI នឹងទិញយក ១៤,៩៤ លានហ៊ុន នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលី ហួរ ពីភាគហ៊ុនិក នៅត្រឹមថ្ងៃ ២៥ ខែវិច្ឆិកា ហើយនឹងធ្វើការផ្លាស់ប្ដូរឈ្មោះទៅជា SBI Lyhour Bank PLC វិញ។ SBI នឹងបន្តទិញភាគហ៊ុន ៣៧,៥៦ លានហ៊ុន នៅថ្ងៃទី ២៣ ខែធ្នូ នៅពេលដែល ដើមទុនរបស់ធនាគារថ្មីនេះ ត្រូវបានបង្កើន។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន SBI។
តាមការគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ក្រុមហ៊ុន ជប៉ុន SBI នឹងមានកាន់កាប់ភាគហ៊ុន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ដោយការទិញនេះ មានទឹកប្រាក់សរុប៨១,៧លានដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជា បានអនុម័តប្រតិបត្តិការទិញលក់នេះរួចហើយ កាលពីថ្ងៃទី ៩ តុលា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ គឺជាក្រុមហ៊ុនចម្បងមួយរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានត្រូវបានចាត់ថ្នាក់លេខរៀងទី៨ នៅក្នុងចំណោមវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា គិតក្នុងទ្រព្យសកម្ម នៅខែធ្នូឆ្នាំ២០១៨។ ក្រុមហ៊ុន SBI មានបំណង ភ្ជាប់ទំនាក់ទំនង ក្នុង ភាពច្នៃប្រឌិតនៃសេវាធនាគារ ដោយការរួមបញ្ចូលគ្នានូវអ្វីដែលក្រុមហ៊ុននេះ មានស្រាប់ គឺភាពស្ទាត់ជំនាញនៅលើហិរញ្ញវត្ថុអនឡាញ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ គួបផ្សំនឹងសមត្ថភាពនៃក្រុមហ៊ុនលី ហួរ គ្រុប មាននៅក្នុងបទពិសោធន៍ប្ដូរប្រាក់ ការអភិវឌ្ឍអចលនទ្រព្យ ផ្ទេរប្រាក់ ធានារ៉ាប់រងទូទៅ និងបទពិសោធន៍ក្នុងវិស័យផ្សេងទៀត។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុន SBI។
កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុន SBI បានបង្កើតឡើងនូវធនាគារពាណិជ្ជភ្នំពេញ ដែលមានការសហវិនិយោគជាមួយនឹងក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Swiss Group ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Hyundai Swiss Saving Bank។ ប៉ុន្ដែ ក្រុមហ៊ុន SBI បានដកខ្លួនចេញពីពាណិជ្ជកម្មធនាគារនៅកម្ពុជា ក្នុងឆ្នាំ២០១៦ ដោយបានលក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងធនាគារភ្នំពេញ ដែលវាជាផ្នែកមួយនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ។
ខេមបូណូមីស មិនអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតពីក្រុមហ៊ុន លី ហួរ គ្រុប ជុំវិញនេះ ការលក់ភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលី ហួរនេះ បាននៅឡើយទេ។
របាយការណ៍ ពីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នធនាគារពាណិជ្ជចំនួន ៤៤ ធនាគារឯកទេស ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឯកជនមានចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ គ្រឹះស្ថានឥណទានជនបទចំនួន ២៥១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់សេវាទូទាត់ចំនួន ១៦ ការិយាល័យតំណាងធនាគារបរទេសចំនួន ៥ និងអាជីវកម្មប្តូរប្រាក់ចំនួន ២.៧៩៩។
ដូច្នេះ បើសិនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ នឹងកម្លាយខ្លួនទៅជាធនាគារពាណិជ្ជមួយទៀត ក្នុងពេលឆាប់ៗនេះ នោះចំនួន ធនាគារពាណិជ្ជនៅកម្ពុជា នឹងកើនឡើងដល់ ៤៥ ធនាគារ៕