
ជំនួយនេះបានធ្វើឡើងតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញ សម្រាប់ការចែកជូនបន្តទៅដល់គ្រួសាររងគ្រោះ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីទឹកជំនន់ ។
នៅឯទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្វាគមន៍ការរួមចំណែករបស់ក្រុមហ៊ុន អេសស៊ីជី នៅក្នុងកិច្ចការសង្គ្រោះទឹកជំនន់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគ្រឿងឧបភោគបរិភោគទាំងនេះ ដែលអាចសម្រាលការលំបាកបានខ្លះ ដល់ជីវភាពប្រចាំថ្ងៃរបស់ជនរងគ្រោះ ។

ទន្ទឹមនឹងនេះដែរ នៅឯក្រសួងរ៉ែនិងថាមពល ឯកឧត្ដមរដ្ឋលេខាធិការ ស៊ុយ ឌីម៉ង់ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនផងដែរ ចំពោះវិភាគទានជាជំនួយស្បៀងអាហារទាំងនេះ ដើម្បីជួយសម្រាលការខ្វះខាតរបស់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ ។
ឯកឧត្តម ស៊ុយ ឌីម៉ង់ បានមានប្រសាសន៍ថា ក្រុមការងាររបស់ក្រសួងនឹងចែកអំណោយស្បៀងទាំងនេះ ដល់គ្រួសាររងផលប៉ះពាល់នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារគ្រោះធម្មជាតិទឹកជំនន់ឆ្នាំនេះ ។
ស្របពេលជាមួយគ្នានេះដែរ បុគ្គលិកនិងថ្នាក់គ្រប់គ្រងរបស់ អេសស៊ីជី ក៏បានចូលរួមជាមួយសាលារាជធានីភ្នំពេញ ចុះចែកអំណោយជាស្បៀងអាហារដល់គ្រួសាររងគ្រោះប្រមាណ ៣០០គ្រួសារ នៅតំបន់លិចទឹកក្នុងខណ្ឌដង្កោរ ផងដែរ ។

លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី នាយក អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងថា គ្រោះទឹកជំនន់ឆ្នាំនេះបានបង្កការខូចខាតធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជា ហើយក្នុងនាមជាក្រុមហ៊ុនឯកជនដែលប្រតិបត្តិការនៅកម្ពុជាយូរឆ្នាំមកហើយ យើងសូមចូលរួមចំណែកជួយសម្រាលការលំបាកនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ។
លោក រ៉ាឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា “ជំនួយជាស្បៀងអាហារសម្រាប់ ១៣០០គ្រួសារនេះ ជាការរួមចំណែករបស់ក្រុមហ៊ុន ជួយសម្រាលខ្លះៗ នូវការលំបាកដែលប្រជាជនកម្ពុជាបានជួបប្រទះដោយសារគ្រោះទឹកជំនន់ ។”
ឆ្នាំនេះ ប្រទេសកម្ពុជាបានជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ២០ នៅទូទាំងប្រទេស ។គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មនុស្សយ៉ាងហោចណាស់ ៤៣នាក់ បានស្លាប់បាត់បង់ជីវិត និងប្រជាជនជាង ៥សែននាក់ រងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសនេះ ៕