កាលពីអំឡុងចុងខែតុលា ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកចរាចរណ៍អវកាសបានលើកឡើងថា ពិភពលោកចាំបាច់ត្រូវមានវិធានការបន្ទាន់ដើម្បីសង្គ្រោះគន្លងតារាវិថីទាបនៃភពផែនដី ហើយបានជំរុញឱ្យពិភពលោករួមគ្នាបង្កើតមូលដ្ឋានទិន្នន័យរួម ស្ដីពីផ្កាយរណបក្នុងគន្លងតារាវិថីនៃភពផែនដី រួមជាមួយនឹងប្រព័ន្ធអន្តរជាតិមួយដើម្បីតាមដាន និងគ្រប់គ្រងផ្កាយរណប ព្រមទាំងបំណែកកម្ទេចកម្ទី នៃផ្កាយរណបទាំងនោះផងដែរ។
យោងតាមទិន្នន័យពីក្រុមហ៊ុន ស្ល៊ីងសត់ អ៊ែរ៉ូស្ពេស (Slingshot Aerospace) ដែលជាក្រុមហ៊ុនប្រតិបត្តិករផ្កាយរណបមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានបង្ហាញថា បច្ចុប្បន្នមានផ្កាយរណបជាង១៤.០០០ផ្កាយរណបកំពុងធ្វើដំណើរក្នុងគន្លងតារាវិថីនៃភពផែនដី (Low Earth Orbit)។
ទិន្នន័យដដែលបង្ហាញទៀតថា បន្ថែមពីលើនេះ មានបំណែកកម្ទេចកម្ទីផ្កាយរណបរហូតដល់ទៅ១២០លានបំណែកផ្សេងទៀត ប៉ុន្តែបំណែកកម្ទេចកម្ទីមានទំហំធំល្មមដែលអាចតាមដានបាន គឺមានត្រឹមតែប៉ុន្មានពាន់បំណែកប៉ុណ្ណោះ។
លោកស្រី អាទី ហូឡា ម៉ៃនី (Aarti Holla-Maini) នាយកការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការអវកាសបានសង្កត់ធ្ងន់ថា ការរក្សាគន្លងតារាវិថីនៃភពផែនដីឱ្យមានសុវត្ថិភាព គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីបញ្ចៀសបញ្ហារអាក់រអួលដល់ទូរគមនាគមន៍ ការស្ទង់មើលទិសដៅ និងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រទូទាំងពិភពលោក៕
ដោយ: តែម សុខុម