ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ចាត់ទុកការចុះ MoU ជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺជាការចូលរួមធ្វើបដិវត្តន៍កម្មឌីជីថល ដែលនឹងបម្រើដល់កិច្ចការសាធារណៈ និងជួយសម្រួលដល់កិច្ចការរបស់វិស័យឯកជន។ បើតាមថ្នាក់ដឹកនាំរូបនេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh គឺមានភាពចាំបាច់សម្រាប់យកមកប្រើប្រាស់ក្នុងវិស័យមូលបត្រកម្ពុជា ដែលនិយ័តករគ្រប់គ្រងទៅលើក្រុមហ៊ុននានា ដែលស្ថិតនៅក្រោមនិយ័តកម្មរបស់ខ្លួន ខណៈការប្រើប្រាស់នេះ គឺដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនូវឯកសារបានភ្លាមៗ ដោយលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយការចំណាយជាដើម។ ទន្ទឹមនេះ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា និយ័តករមូលបត្រកម្ពុជា កំពុងផ្ដោត និងយកចិត្តទុកដាក់លើការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ដែលអាចនឹងដាក់ចេញនៅចុងឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានថ្លែងថា ការចុះ MoU នេះ ផ្ដោតលើកិច្ចការសំខាន់ចំនួន៣រួមមាន ការដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh លើឯកសាររបស់និយ័តករមូលបត្រកម្ពុជា និងការរៀបចំបណ្ដុះបណ្តាលជំនាញ និងការជំរុញធ្វើបដិវត្តន៍កម្មឌីជីថល។ បើតាមថ្នាក់ដឹកនាំរូបនេះ នៅពេលមានការប្រើប្រាស់ថ្នាល Verify.gov.kh កាន់តែទូលាយនោះ ការរស់នៅរបស់ពលរដ្ឋកម្ពុជា ក៏កាន់តែមានភាពងាយស្រួលជាងមុន ព្រោះគេអាចផ្ញើឯកសារ ឬទិន្នន័យច្បាប់ដើមទុកប្រើប្រាស់នៅក្នុងថ្នាលនេះបាន និងមិនបារម្ភពីការក្លែងបន្លំ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ូ សុជាតិ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដែលបានអនុម័យដាក់ឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលនីតិកាលទី៦ បានបង្ហាញយ៉ាងច្បាស់នូវការបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការអនុម័តឱ្យប្រើប្រាស់នូវគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ ដែលគោលនយោបាយនេះ ត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២៣។ បន្ថែមពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយក្នុងយុទ្ធសាស្រ្តនេះ ក៏បានចង្អុលបង្ហាញពាក់ព័ន្ធនឹងនិយ័តករមូលបត្រកម្ពុជា ក្នុងការរៀបចំបទបញ្ញត្តិមួយចំនួនដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន