សេដ្ឋកិច្ចថៃ-រីរុស Covid 19

វិស័យចំនួន ១៩ របស់ថៃ កំពុងរងផលប៉ះពាល់ ដោយសារតែវីរុស Covid 19


ប្រទេសថៃ ដែលត្រូវបាន គេមើលឃើញថា គឺជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែបញ្ហាវីរុសកូរ៉ូណា ឬហៅថា Covid 19 បន្ទាប់ពីប្រទេសចិន។ នាពេលថ្មីៗនេះដែរ សហព័ន្ធឧស្សាហកម្មថៃ បានធ្វើការព្យាករថា មានវិស័យរហូតដល់ទៅ ១៩ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែ ការផ្ទុះរីករាលដាលនៃវីរុស Covid 19 ពិសេសទាក់ទងនឹងបរិមាណនាំចេញ និងប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទិក រវាងប្រទេសថៃ និងចិនតែម្ដង។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)

លោក ស៊ុផាន មង្គល ស៊ូទ្រី ប្រធាន​សហព័ន្ធ​ឧស្សាហកម្មថៃ បាន​និយាយ​នៅក្នុង​សារព័ត៌មាន​ក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍ នាពេលថ្មីៗ​នេះ​ថា តាមទស្សនៈអាជីវកម្ម ការផ្ទុះឡើង​នៃវីរុស​ Covid 19 នេះ គឺមានទាំង​​ឥទ្ធិពល​វិជ្ជមានផង និងអវិជ្ជមានផង។

លោក ស៊ុផាន បាន​បញ្ជាក់ថា វិស័យចំនួន​ ៥ អាចនឹង​ទាញប្រយោជន៍​​បាន នៅអំឡុងពេល​មាន​ហេតុការណ៍​រីករាលដាល​នៃវីរុសនេះ ដូចជា វិស័យកាត់ដេរ វាយនភណ្ឌ ឧបករណ៍សុខាភិបាល ផលិតផល​ស្បែក និងគ្រឿងសិប្បកម្ម​ឧស្សាហកម្មជាដើម។ ផលិតផល​ក្នុងវិស័យទាំងនេះ កំពុងមាន​តម្រូវច្រើន ព្រោះវាជាឧបករណ៍សម្រាប់​ការពារមេរោគ ដូចជាម៉ាស់ពាក់មុខ សាប៊ូ ឬទឹក​លាងដៃ និងសម្លៀកបំពាក់​ជាដើម។ បើតាម​អ្នកជំនាញសេដ្ឋកិច្ចថៃរូបនេះ បាន​គូសបញ្ជាក់ថា វិស័យ​ផលិត​សម្ភារ​ទាំងនេះ នឹង​ទទួលបាន​ការបញ្ជា​ទិញ​កាន់តែច្រើនឡើង និងអាចពង្រីកទីផ្សារ​​បន្ថែម ជំនួសឲ្យ​​ប្រទេសចិនផងដែរ។

ទោះយ៉ាងណា ប្រធានសហព័ន្ធ​ឧស្សាហកម្មថៃ ​ក៏បាន​លើកឡើងដែរថា មានវិស័យជាច្រើនផ្សេងទៀត កំពុង​រងផលប៉ះពាល់ពីឥទ្ធិពល​នៃវីរុស Covid 19 ដូចជា រោងម៉ាស៊ីន, គ្រឿងអលង្ការ, កៅស៊ូ, គ្រឿងសង្ហារឹម, គ្រឿងសម្អាត គ្រឿងបន្លាស់យានយន្ដ, គីមីឥន្ធនៈ, រថយន្ដ, រោងចក្រ​ចម្រាញ់ប្រេង​, ផលិតផលគីមី, ផ្លាស្ទិក, គ្រឿងអេឡិចត្រូនិក និងផលិតផល​ផ្សំពីរុក្ខជាតិ​ជាដើម។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​នាំចូល​របស់ចិន នឹង​ពន្យារពេល​​បញ្ជាទិញ ខណៈដែល​រោងចក្រ​ផលិត​នៅថៃ មិនអាច​នាំចូល​​ផលិតផល​វត្ថុធាតុដើម ពីប្រទេសចិន​បាននោះទេ។ លើសពីនេះទៅទៀត ស្របពេលដែល​ប្រទេសចិន​មានការរាតត្បាតខ្លាំង​នៃវីរុសនេះ វាក៏បានធ្វើឲ្យវិស័យទេសចរ​ណ៍​របស់ថៃបានធ្លាក់ចុះចំណូល​ខ្លាំងណាស់ដែរ។

បើតាមការបញ្ជាក់​របស់អ្នកជំនាញ​ក្នុងវិស័យឧស្សាហកម្មថៃ វិស័យធំ២ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺវិស័យ​ទេសចរណ៍ និងការនាំចេញ។ ផលប៉ះពាល់​មកលើសេដ្ឋកិច្ចថៃ ដោយសារ​បញ្ហាវីរុសនេះ បានធ្វើឲ្យអំណាចនៃការបញ្ជាទិញ (Purchasing Power) បានធ្លាក់ចុះទាប ខណៈដែលបញ្ហា​គ្រោះរាំង​ស្ងួត​ក៏បាន​អូសបន្លាយ ដូច្នេះហើយ សហព័ន្ធ​ឧស្សហកម្មថៃ នឹងធ្វើការ​ចាត់​បន្ថយ​ការព្យាករ​ពីកំណើន​សេដ្ឋកិច្ច​ថៃ សម្រាប់​ឆ្នាំ២០២០នេះផងដែរ។

សូមបញ្ជាក់ថា តាមស្ថាប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច​របស់ថៃ EIC ធ្លាប់បានទម្លាក់​ការព្យាករ​របស់ខ្លួន សម្រាប់សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២០នេះថា នឹងអាចរក្សាបាន​កំណើន​ប្រមាណជុំវិញ ២% ប៉ុណ្ណោះ ខណៈដែល​ការព្យាករពីមុន​ថាប្រមាណ​២,៧% ទៅ២,៨%។

ប្រទេសថៃ នៅតែមានភាពប្រយ័ត្នប្រយែងខ្ពស់​ចំពោះ ការរីករាលដាល​នៃវីរុស​ Covid 19 ខណៈដែល​គិតមក​ទល់​នឹងថ្ងៃទី ២១ កុម្ភៈនេះ ប្រទេសថៃ មានការឆ្លង​នូវវីរុសផ្លូវដង្ហើមនេះ ចំនួន ៣៥ ករណីហើយ។ ហើយថ្មីៗនេះដែរ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិថៃ Thai Airways International ក៏ទើបតែ​ប្រកាស នឹង​លុបចោល​ជើងហោះហើរ​​​ទៅកាន់​ប្រទេស​និងតំបន់ចំនួន ​៨ នៅក្នុងខែនេះ និងខែក្រោយ ដោយសារតែ​បញ្ហា​វីរុស Covid 19។

ប្រទេស​ និងតំបន់ ដែល​នឹងត្រូវ​ក្រុមហ៊ុន Thai Airways លុបចោលជើងហោះហើរជាមួយ មានដូចជា ចិន, ហុងកុង, តៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង, សិង្ហបុរី, ហ្វីលីពីន, បង់ក្លាដេស និង​អេមីរ៉ាត អារ៉ាប់រួមជាដើម៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រងថៃធំមួយ ត្រៀមខ្លួនចូលប្រជែងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ!

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងធំមួយរបស់ថៃ ដែលមានចុះបញ្ចីក្នុងផ្សារហ៊ុនផងនោះ គឺក្រុមហ៊ុន Dhipaya បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការពង្រីកសាខានៅ…

ចិន​បើកច្រក​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ ក្រោយពីបាន​បិទ​បណ្ដោះអាសន្ន ព្រោះបញ្ហាវីរុស Covid 19

ព័ត៌មាន
ច្រកព្រំដែន តាន់ ថាញ់ នៅភាគខាងជើងនៃខេត្ត ឡាន សុន ដែលជាព្រំប្រទល់រវាងវៀតណាម និងចិន ត្រូវបានបើកដំណើរការឡើងវិញហើយកាលពីម្សិលមិញនេះ និងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ