
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានគូសបញ្ជាក់ថា បច្ចុប្បន្នអ្នកអភិរក្សសត្វត្រចៀកកាំ និងអ្នកវិនិយោគនានា កំពុងបំពេញនីតិវិធីតាមលក្ខខណ្ឌតម្រូវដើម្បីអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ បើតាមអ្នកជំនាញរូបនេះ ទោះបីសំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានបើកភ្លើងខៀវឱ្យមានការនាំចូលទៅទីផ្សារប្រទេសចិន ក៏ពិតមែន ប៉ុន្តែការអភិរក្សសត្វត្រចៀកកាំរបស់កម្ពុជា នៅមានកម្រិតនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងចំណេះដឹង និងបច្ចេកទេសនៃការចិញ្ចឹម ដោយសារកម្ពុជា ទើបតែចាប់ផ្ដើមអភិរក្សសត្វត្រចៀកកាំបានប្រមាណ១០ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាក៏ដោយលោកជឿជាក់ថា ការបើកទីផ្សាររបស់ប្រទេសចិន នឹងធ្វើឱ្យអ្នកអភិរក្សសត្វត្រចៀកកាំនៅកម្ពុជា ខិតខំស្វែងយល់ពីបញ្ហាបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានល្អបន្ថែមទៀត។
ដោយឡែក លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានចាត់ទុកការបើកភ្លើងខៀវឱ្យកម្ពុជា អាចនាំចេញសំបុកត្រចៀកកាំទៅចិននេះ ជាជំហានដ៏សំខាន់មួយសម្រាប់កសិករខ្មែរ និងឧស្សាហកម្មជាតិ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះសង្កេតឃើញថា បច្ចុប្បន្នអ្នកអភិរក្សសត្វត្រចៀកកាំជាច្រើនកំពុងមានការចាប់អារម្មណ៍ខ្ពស់ និងកំពុងបន្តការត្រៀមខ្លួនទាំងនៅផ្នែកបច្ចេកទេស និងការគ្រប់គ្រងគុណភាពតាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ការនាំចូលទីផ្សារប្រទេសចិន។ បើតាមលោកស្រី វ៉ា សុជិន ការបើកទីផ្សារចិន វានឹងជួយបង្កើនតម្លៃជាសាធារណៈ សម្រួលការលក់ ផ្ដល់ចំណូលបន្ថែមដល់អ្នកផលិត និងបង្កើតឱកាសការងារ ព្រមទាំងជួយលើកស្ទួយឧស្សាហកម្មចិញ្ចឹមសត្វត្រចៀកកាំ និងកែច្នៃសំបុកត្រចៀកកាំឱ្យមានគុណភាពខ្ពស់ និងប្រកួតប្រជែងបានក្នុងទីផ្សារអន្តរជាតិ ផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាជ្ញាធរចិន បានអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន តាមលក្ខខណ្ឌភូតគាមអនាម័យ។ បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ទៅ៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំ បានប្រមាណ១០០តោនក្នុង១ឆ្នាំ៕
អត្ថបទ៖ បូ ដូឡា