នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក បិន វ៉ាន ប៊ឺដិន (Ben van Beurden) បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ទិញយកភាគហ៊ុន ៩,៣% នៅក្នុងគម្រោង North Field South របស់ក្រុមហ៊ុនថាមពល Qatar Energy ដែលនឹងដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រឹងប្រែងរបស់រដ្ឋនៅឈូងសមុទ្រពែក្សមួយនេះ ដើម្បីបង្កើនផលិតកម្មឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៥០% បន្ថែមទៀត នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។
នៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងដូហា (Doha) ប្រទេសកាតា លោក វ៉ាន ប៊ឺដិននាយកប្រតិបត្តិក្រុមហ៊ុន Shell បាននិយាយថា ឧស្សាហកម្មអ៊ឺរ៉ុបប្រឈមមុខនឹងការរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពល ដែលកាន់តែអាក្រក់ឡើងៗដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក វ៉ាន ប៊ឺដិន បាននិយាយថា អឺរ៉ុបបានកាត់បន្ថយការប្រើប្រាស់ឧស្ម័នយ៉ាងមានប្រសិទ្ធភាព និងគួរឱ្យកត់សម្គាល់បន្ទាប់ពីការបាត់បង់ឧស្ម័នរបស់រុស្ស៊ីចំនួន ១២០ លានតោនក្នុងមួយឆ្នាំ ប៉ុន្តែការកាត់បន្ថយក្នុងបរិមាណដ៏ច្រើននេះសម្រេចបាននូវការបិទទ្វារឧស្សាហកម្មជាច្រើនផងដែរ។
អឺរ៉ុបបានស្វែងរកជម្រើសយ៉ាងរហ័សសម្រាប់ជំនួសឧស្ម័នរុស្ស៊ី ប៉ុន្តែលោក វ៉ាន ប៊ឺដិន បាននិយាយថា អឺរ៉ុបបាននិងកំពុងត្រូវការឧស្ម័នធម្មជាតិ (LNG) ក្នុងបរិមាណដ៏ច្រើនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ក្រុមហ៊ុន Shell ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសគឺជាក្រុមហ៊ុនអឺរ៉ុបទី២បន្ទាប់ពីក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំងដែលបានកាន់កាប់ភាគហ៊ុននៅក្នុងគម្រោងNorth Field South ហើយចំនួន ២៥%នៃគម្រោងនេះត្រូវបានបម្រុងទុកសម្រាប់ក្រុមហ៊ុនថាមពលអន្តរជាតិមួយចំនួន។
ការពង្រីកឆ្លងក្រុមហ៊ុន North Field ដែលជាទុនបម្រុងឧស្ម័នដ៏ធំបំផុតរបស់ពិភពលោកនេះ គឺមានបំណងបង្កើនផលិតកម្មឧស្ម័ន LNG របស់ប្រទេសកាតាឲ្យបាន៥០%បន្ថែមទៀត ដល់ប្រហែល ១២៧ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០២៧។
ក្រុមហ៊ុន Shell និងក្រុមហ៊ុន TotalEnergies បានចូលហ៊ុនកាលពីដើមឆ្នាំនេះនៅក្នុងតំបន់ North Field East។
លោក សាអាដ សេរីដាល់ អាល់កាប៊ី (Saad Sherida al-Kaabi) រដ្ឋមន្ត្រីថាមពលប្រទេសកាតាបាននិយាយថា ឧស្ម័នធម្មជាតិត្រូវបានចាត់ទុកថា មានសារៈសំខាន់កាន់តែខ្លាំងដោយសារតែភាពចលាចលភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះខណៈដែលលោកបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Shell៕
អត្ថបទ៖ សុខ ជា