
ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា ចាប់តាំងពីបិទច្រកព្រំដែនកម្ពុជា-ថៃ ការដឹកជញ្ជូនទំនិញតាមផ្លូវគោករបស់កម្ពុជា ត្រូវបានរាំងស្ទះ ដោយការដឹកជញ្ជូនមួយចំនួនត្រូវបានបង្វែរទៅដឹកតាមផ្លូវទឹក និងមួយចំនួនតាមផ្លូវអាកាសជំនួសវិញ ខណៈថ្លៃដើមដឹកជញ្ជូន ក៏មានការកើនឡើងពី៣០% ទៅ៥០% ផងដែរ។ តែយ៉ាងណាអ្នកជំនាញអះអាងថា បញ្ហានេះភាគថៃ រងផលប៉ះពាល់ខ្លាំងជាងកម្ពុជា។
លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ ធ្វើឱ្យវិស័យភស្តុភារកម្ម និងដឹកជញ្ជូនតាមផ្លូវគោកត្រូវបានបិទ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប៉ុន្តែដោយសារការនាំចូលរបស់ថៃ ចូលមកកម្ពុជាមានទំហំធំជាងកម្ពុជា នាំចូលទៅថៃ ដូច្នេះថៃនឹងប៉ះពាល់ធ្ងន់ធ្ងរជាងកម្ពុជា។ បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នវិស័យដឹកជញ្ជូនតាមផ្លូវគោករបស់កម្ពុជា កំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជាការពន្យាពេលដឹកជញ្ជូន ការកើនឡើងថ្លៃដើមដឹកជញ្ជូនពីប្រមាណ៣០% ទៅ ៥០% និងជួបការរាំងខ្ទប់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យក្រុមហ៊ុនត្រូវផ្លាស់ប្តូរទិសដៅពីការដឹកជញ្ជូនតាមផ្លូវគោកទៅតាមផ្លូវសមុទ្រ ឬផ្លូវអាកាសជំនួសវិញ។ អ្នកជំនាញរូបនេះ បានបន្ថែមថា ការបិទព្រំដែននេះ ក៏បានប៉ះពាល់ខ្លាំងដល់អ្នកដែលមានអាជីវកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនផងដែរ ដ្បិតមិនអាចចរាចរទំនិញចេញចូលបាន ដែលធ្វើឱ្យប្រតិបត្តិករដឹកជញ្ជូនត្រូវបានផ្អាកដំណើរការ។
ជាមួយគ្នានេះ លោក ហាក់ លាងហ៊ រំពឹងថា បញ្ហាបិទច្រកព្រំដែននេះនឹងត្រូវបានដោះស្រាយទៅរកភាពប្រសើរវិញក្នុងពេលឆាប់ៗនេះ ដោយសារទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ គឺមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចប្រទេសទាំងពីរ ហើយប្រជាជន និងវិស័យឯកជន គឺចង់បានការបើកច្រកជាប្រក្រតីដូចដើមវិញ ស្របពេលដែលប្រទេសថៃ ក៏បានកែសម្រួលគណៈរដ្ឋមន្រ្តី និងសមាសភាពដឹកនាំរដ្ឋាភិបាលរបស់ខ្លួនផងដែរ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទ ការដឹកជញ្ជូនទំនិញតាមផ្លូវគោកនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ទាំងអស់ ត្រូវបានរាំងស្ទះ ខណៈទំនិញមួយចំនួនត្រូវបានបង្វែរពីការដឹកតាមផ្លូវគោកទៅតាមផ្លូវទឹកជំនួសវិញ ដោយបានជំរុញឱ្យមានការកកស្ទះច្រើននៅតាមផ្លូវទឹកនាពេលបច្ចុប្បន្ននេះ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើបញ្ហាបិទច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តអូសបន្លាយយូរទៀតនោះ វានឹងគំរាមកំហែងកាន់តែខ្លាំងដល់វិស័យដឹកជញ្ជូននៃប្រទេសទាំងពីរ ប៉ុន្តែលោកយល់ថា ភាគីថៃនឹងរងផលប៉ះពាល់ខ្លាំងជាងកម្ពុជា ដ្បិតការនាំចេញទំនិញពីកម្ពុជា ទៅថៃ មានតិចជាងការនាំចូលទំនិញពីថៃ មកកម្ពុជា។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់៨រយលានដុល្លារ កើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានជាង៣៩៥លានដុល្លារ ខណៈនាំចូលពីថៃ មកវិញ មានជាង១ពាន់៤រយលានដុល្លារ៕