តែយ៉ាងណា អ្នកជំនាញថា បច្ចុប្បន្នតម្លៃដឹកជញ្ជូននៅកម្ពុជា ហាក់នៅមានកម្រិតខ្ពស់ជាងប្រទេសក្នុងតំបន់នៅឡើយ ស្របពេលដែលវិស័យនេះ ក៏កំពុងទទួលរងនូវការគំរាមកំហែងពីវិបត្តិផ្សេងៗលើពិភពលោក ពិសេសបញ្ហាសង្គ្រាម ដែលបានកើតមានជាបន្តបន្ទាប់។
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពីវិបត្តិកូវីដ-១៩ បានធូរស្បើយ ស្ថានភាពវិស័យដឹកជញ្ជូនកម្ពុជា ហាក់មានការងើបឡើងវិញបានមួយកម្រិត ប៉ុន្តែមិនបានប៉ុន្មានផងវិបត្តិផ្សេងៗទៀតក៏បានកើតមានឡើងជាបន្តបន្ទាប់ ពិសេសបញ្ហាសង្រាមរវាងរុស្សី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកើតមានថ្មីៗនេះ ដែលបានធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាបច្ចុប្បន្ននៅតែបន្តរងនូវការគំរាមកំហែងមួយចំនួន។ ជាក់ស្តែង បើតាមអ្នកជំនាញរូបនេះ នៅពេលមានសង្រ្គាមកើតឡើង ចង់ ឬមិនចង់ វានឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក រួមទាំងកម្ពុជាឡើងថ្លៃ ដែលវា នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នករកស៊ីនៅក្នុងវិស័យនេះ។
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បញ្ហាប្រឈមសំខាន់មួយទៀតក្រៅពីបញ្ហាតម្លៃប្រេងឥន្ធនៈកើនឡើង គឺបញ្ហាតម្លៃដឹកជញ្ជូនខ្ពស់ជាងប្រទេសដ៏ទៃក៏ជាបញ្ហាមួយផងដែរ ដែលបានធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជា មិនអាចប្រកួតប្រជែងជាមួយប្រទេសដ៏ទៃបានទេ។ នេះបើតាមការបញ្ជាក់របស់ ឧកញ៉ា ស៊ិន ចន្ធី ដោយបានបន្ថែមថា ទោះជាបែបនេះក្តី លោក មានក្តីរំពឹងខ្ពស់ និងជឿជាក់ថា តម្លៃដឹកជញ្ជូនកម្ពុជានឹងមានភាពល្អប្រសើរ ពោលគឺតម្លៃនឹងចុះថោកជាងពេលបច្ចុប្បន្ននៅក្រោយពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់ការដឹកជញ្ជូនមានការរីកចម្រើនច្រើន ជាពិសេស គឺកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុតែម្តង ដែលក្រោយពេលកំពុងផែនោះដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ ខាងមុខ វានឹងអនុញ្ញាតឱ្យនាវាកុងតឺន័រធំៗដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដឹកជញ្ជូនទំនិញទៅមកកំពង់ផែកម្ពុជាបានដោយផ្ទុកទម្ងន់បានច្រើន នោះវាក៏នឹងធ្វើឱ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះទាបជាងមុនផងដែរ។
សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរការដឹកជញ្ជូនតាមផ្លូវទឹក ជាក់ស្ដែងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះតែម្តង ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត៕