វិស័យអាកាសចរណ៍

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលច្រានចោលព័ត៌មានដែលចោទថា ការខ្សត់ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅសៀមរាប គឺដោយសារព្រលានយន្តហោះសៀមរាបអង្គរ


នៅមួយរយៈចុងក្រោយនេះហាក់ខ្សត់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកគ្មានពីររបស់កម្ពុជា។ ការខ្សត់ភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនេះ បានធ្វើឱ្យទំព័រហ្វេកប៊ុកមួយមានឈ្មោះ«គំនិតខ្ញុំ»ដាក់បន្ទុកបញ្ហានេះទៅលើភាពស្មុគស្មាញរបស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
វិស័យអាកាសចរណ៍
ដោយ

យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិលបានចេញមកច្រាលចោលចំពោះការចោទប្រកាន់នេះ ហើយបានអះអាងថា ការខ្សត់ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាប មិនជាប់ពាក់ព័ន្ធនឹងព្រលានយន្តហោះនេះ នោះទេ គឺដោយសាររដូវនេះជារដូវខ្សត់ភ្ញៀវទេសចរ។

​​ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានអះអាងថា ការខ្សត់ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តនៅខេត្តសៀមរាប នៅមួយរយៈចុងក្រោយមិនជាប់ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនោះទេ ពោលគឺដោយសាររដូវនេះជារដូវខ្សត់ភ្ញៀវទេសចរ(Low Season) គួបផ្សំភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល។ សម្រាប់ ឯកឧត្តម ព្រលានយន្តហោះគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការធ្វើដំណើរតែប៉ុណ្ណោះ ហើយព្រលានយន្តហោះថ្មីទៀតសោត កំពុងបំពេញការងារយ៉ាងល្អក្នុងការបម្រើដល់ភ្ញៀវទេសចរ។

«យើងឃើញស្រាប់ហើយថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធនាការទស្សនាសៀមរាប និងកម្មវិធីផ្សេងៗទៀតជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនានៅសៀមរាប ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ចសកល ទើបធ្វើឱ្យមានការស្ងប់ស្ងាត់ភ្ញៀវទេសចរ មិនមែនការថមថយននេះ បណ្តាលមកពីព្រលានយន្តហោះនោះទេ»។ នេះជាការលើកឡើងក្នុងសម្រង់សម្តីផ្ទាល់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។

ការចេញមកអះអាងបែបនេះរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្រោយមានគណនីហ្វេសប៊ុកមួយមានឈ្មោះ«My Idea-គំនិតខ្ញុំ»បានបង្ហោះរូបភាពព្រលានយន្តហោះសៀមរាបអង្គរ ដោយភ្ជាប់ជាមួយការរៀបរាប់ថា៖«ខំចំណាយលុយសាងសង់អស់រាប់ពាន់លានដុល្លារ ចុងក្រោយបែរជាស្ងាត់ឈឹងព្រលានយន្តហោះសៀមរាបអង្គរ។ ខ្ញុំសូមលើកឡើងតែមួយចំណុចទៅចុះ ភ្ញៀវទេសចរជិះយន្តហោះពីទីក្រុងបាងកកមកដល់ព្រលានយន្តហោះសៀមរាបអង្គរ ចំណាយពេល៤៥នាទី រួចហើយត្រូវជិះឡានក្នុងចម្ងាយផ្លូវ៤៥គីឡូម៉ែត្រ ដោយត្រូវចំណាយពេល១ម៉ោងទៀត ទើបទៅដល់ក្រុងសៀមរាបដោយត្រូវចំណាយលុយ៣០ដុល្លារ។ កត្តានេះធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថា មកលេងសៀមរាបត្រូវចំណាយពេលយូរហើយខ្ជះខ្ជាយលុយច្រើន»។

ពាក់ព័ន្ធការធ្វើដំណើរពីព្រលានយន្តហោះទៅក្រុងសៀមរាប ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បកស្រាយថា អ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនណាមួយក៏បានតាមតម្រូវការ មានន័យថា អាចប្រើប្រាស់សេវាដឹកជញ្ជូន ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចផ្ទេរសិទ្ធិឱ្យក្រុមហ៊ុនឯកជនជាអ្នកធ្វើប្រតិបត្ដិការក៏បាន ឬប្រើសេវាដឹកជញ្ជូនផ្សេងៗក៏បាន សម្រាប់ការធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ៥០គីឡូម៉ែត្រនេះ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ប្រសិនបើអ្នកដំណើរជ្រើសយកសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុន គឺរថយន្តធុនតូចតម្លៃ៣៥ដុល្លារក្នុង១ជើង, ឡានក្រុងតូចតម្លៃ៤០ដុល្លារក្នុង១ជើង ឬម្នាក់៨ដុល្លារ។ ដូច្នេះបើពិនិត្យលើតម្លៃរថយន្តក្រុងម្នាក់៨ដុល្លារ លើចម្ងាយផ្លូវធ្វើដំណើរជិត៥០គីឡូម៉ែត្រ គឺមិនមានអ្វីខុសគ្នាខ្លាំងនោះទេ បើធៀបនឹងសេវាកម្មដឹកជញ្ជូនផ្សេងៗ។

បន្ថែមពីនេះ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចតសម្រាប់រថយន្តធុនតូចមិនលើស៧កៅអី បើចតក្រោមរយៈពេល១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត និងបានបញ្ចុះតម្លៃក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តមួយចំនួនក្នុងរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគអាកាសយានដា្ឋនអន្តរជាតិ សៀមរាប-អង្គរ ក៏កំពុងសិក្សាលើគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចលើដីដែលបម្រុងទុក នៅជិតព្រលានយន្តហោះសៀមរាបអង្គរ ដើម្បីគាំទ្រដល់សកម្មភាពរបស់ក្រុមហ៊ុនអាកាសយានដា្ឋនអន្តរជាតិនេះផងដែរ។

យ៉ាងណាក៏ដោយ សមាគមដឹកជញ្ជូនអន្ដរជាតិ បានព្យាករថា ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជានឹងអាចវិលមករកស្ថានភាពល្អប្រសើរដូចពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ ឡើងវិញនៅឆ្នាំ២០២៧ ខាងមុខ៕

None



អត្ថបទបន្ទាប់


បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន នឹងក្តោបចំណែកទីផ្សាររថយន្តពិភពលោកជាង៣០% នៅត្រឹមឆ្នាំ២០៣០

បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន ត្រូវបានព្យាករថា នឹងពង្រីកអាជីវកម្មក្រៅប្រទេសយ៉ាងឆាប់រហ័ស ដើម្បីសម្រេចគោលដៅដណ្ដើមចំណែកទីផ្សាររថយន្តពិភពលោកឱ្យបា…

កំពង់ទេសចរណ៍ខេត្តកំពតនឹងដាក់ឱ្យដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន AZ Builder ជាអ្នកគ្រប់គ្រង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ (AZ Builder)ជាអ្នកគ្រប់គ្រង ធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ