វិស័យផលិតកម្ម

តើកម្ពុជា គួរបង្កើន ឬកាត់បន្ថយការដាំដុះ ឬចិញ្ចឹមសត្វ ក្រោយថៃ បិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា?


ការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីយោធាថៃ បានធ្វើឱ្យរាំងស្ទះដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែនទ្វេភាគី និងធ្វើឱ្យមានការបារម្ភចំពោះទីផ្សារទំនិញរបស់កម្ពុជា រាប់ចាប់តាំងពីវត្ថុធាតុដើមកសិកម្ម និងផលិតផលសម្រេចមួយចំនួន ដែលធ្លាប់នាំចេញទៅកាន់ទីផ្សាររបស់ថៃ។ តើកម្ពុជា គួរកាត់បន្ថយការផលិត ឬយ៉ាងណា ក្រោយថៃ បិទច្រកទ្វារព្រំដែនដោយឯកតោភាគី?
វិស័យផលិតកម្ម
ដោយ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាមហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា យល់ឃើញថា ទោះបីកម្ពុជា និងថៃ កំពុងមានភាពតានតឹងជាមួយគ្នាក៏ដោយ តែកសិករមិនគួរកាត់បន្ថយការដាំដំណាំ និងការចិញ្ចឹមសត្វនោះឡើយ។ ផ្ទុយទៅវិញពួកគេត្រូវបង្កើនការដាំដុះ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ខណៈរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការស្វែងរកទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចដល់កសិករ។

​ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នអ្នកចិញ្ចឹមសត្វក្នុងស្រុកមិនមានគម្រោងក្នុងការកាត់បន្ថយការចិញ្ចឹមនោះទេ ខណៈការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីប្រទេសថៃ ក៏ពុំបានធ្វើឱ្យប៉ះពាល់ដល់វិស័យនេះដែរ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នកម្ពុជា ពុំមានការខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារនោះឡើយ ហើយក៏ពុំមានតម្រូវការក្នុងការនាំចូលពីប្រទេសថៃ នោះដែរ ខណៈតម្លៃនៅលើទីផ្សារនៅរក្សាបានស្ថិរភាពល្អ។

​ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា ទោះបីថៃ បិទច្រកទ្វារព្រំដែនក៏ដោយ ក៏កម្ពុជាមិនត្រូវបន្ថយការដាំដុះ និងការផលិតរបស់ខ្លួននោះទេ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការបិទច្រកទ្វារព្រំដែនរបស់យោធាថៃ មិនបានបង្កផលប៉ះពាល់ដល់ទំនិញរបស់កម្ពុជា នោះទេ ខណៈកម្ពុជា ក៏មិនមានទំនិញច្រើនសម្រាប់ចេញទៅកាន់ទីផ្សារថៃ នោះដែរ។ បើតាមឧកញ៉ា តែ តាំងប៉ នាពេលកន្លងមកការដឹកជញ្ជូនទំនិញពីកម្ពុជា ឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសទី៣ ពុំត្រូវបានភាគីថៃ អនុញ្ញាតឱ្យឆ្លងកាត់ឡើយ ដែលជាការបំពានលើការដឹកជញ្ជូនរបស់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន។

​ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះទីផ្សារដំឡូងមី និងពោតក្រហម នៅឆ្នាំនេះ ព្រោះក្រុមហ៊ុនរបស់អ្នកឧកញ៉ា និងក្រសួងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនរួចហើយក្នុងការជួយដោះស្រាយលើបញ្ហានេះ។ បើតាមការអះអាងមហាសេដ្ឋីកសិកម្មរូបនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានប្រមូលទិញវត្ថុធាតុដើមពីកសិករដូចជាដំឡូងមី និងពោតក្រហមជាដើម ដោយក្នុងមួយឆ្នាំៗប្រមាណ១០០លានដុល្លារសម្រាប់យកមកផលិតចំណីសត្វ ខណៈនៅឆ្នាំនេះអាចនឹងបង្កើនការច្រើនជាងនេះបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំដើម្បីអនុវត្តគម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្…

ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុសកល ជំរុញឱ្យប្រទេសនានាចាត់វិធានការឱ្យបានតឹងរ៉ឹងលើប្រតិបត្តិការគ្រីបតូ

រដ្ឋាភិបាលថៃ ដឹកនាំដោយគណបក្សភឿថៃ របស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កំពុងរង្គោះរង្គើយ៉ាងខ្លាំងដោយសារចំណាត់ការមិនត្រឹមត្រូវរបស់ លោកស្រី ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ