ការប្រលងបាក់ឌុប

តើការប្រលងបាក់ឌុបនៅខែក្រោយគួរលើកពេលឬយ៉ាងណា ក្រោយថៃ បន្តបើកការវាយប្រហារទាំងគឃ្លើនមកលើកម្ពុជា?


ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពជួរមុខកម្ពុជា និងថៃ នៅតំបន់ជម្លោះតាមព្រំដែន បានធ្វើឱ្យសាលារៀនចំនួន៦០០នៅក្នុងខេត្តមួយចំនួនតាមបណ្តោយព្រំដែន ត្រូវបានបបិទទ្វារជាបណ្តោះអាសន្នដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សចំនួន១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់ ។
ការប្រលងបាក់ឌុប
ដោយ

កត្តានេះបានធ្វើឱ្យមានការចោទជាសំណួរថា តើការប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងធ្វើឡើងនៅខែក្រោយគួរពន្យារពេល ឬយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកទល់ពេលនេះការប្រលងបាក់ឌុបបន្តរក្សាសម័យនៅថ្ងៃទី១៨ សីហា ២០២៥ ដដែលសិន ហើយក្រសួងកំពុងតាមដានការវិវត្តលើបញ្ហានេះ។ តែយ៉ាងណាអ្នកជំនាញយល់ថា ក្នុងកាលៈទេសនេះ រដ្ឋាភិបាលគួរចែកកម្រិតប្រលងបាក់ឌុបឆ្នាំនេះជាពីរកម្រិត ដើម្បីសម្រួលដល់សិស្សានុសិស្សស្ថិតនៅខេត្តកំពុងរងការវាយប្រហារ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំកំពុងតាមដាន ក៏ដូចជាត្រួតពិនិត្យពីស្ថានការណ៍ជម្លោះព្រំដែនបច្ចុប្បន្ន ដើម្បីដាក់ចេញវិធានការចាំបាច់ណាមួយ តែយ៉ាងណាកាលបរិច្ឆេទការប្រលងបាក់ឌុបនៅឆ្នាំនេះនៅរក្សាសម័យប្រលងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ដដែលសិន។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ ឃួន វិច្ឆិកា សម្រាប់សាលារៀននៅតាមព្រំដែន ដែលកំពុងរងការវាយប្រហារពីកងទ័ពថៃ បច្ចុប្បន្ននេះក្រសួងអប់រំបានចងក្រងជាក្រុមការងារតាមរយៈបង្កើតគ្រុមតេលេក្រាម ដើម្បីតាមដានរាល់បញ្ហាកើតមានឡើងណាមួយ និងចេញដំណោះស្រាយភ្លាមៗតែម្ដង។

ជុំវិញបញ្ហានេះដែរលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវនិងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ថៃហាក់មានមហិច្ចតាឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាដោយមិនបានគិតខ្វាយខ្វល់ពីជនស៊ីវិលឡើយ ដោយក្នុងនោះសិស្សានុសិស្សចំនួន១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់ ក៏ដូចជាអាជីវករមួយចំនួនត្រូវបានជម្លៀសទៅរកទីសុវត្ថិភាព។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពជម្លោះបច្ចុប្បន្ន ក្រសួងអប់រំគួរចែកការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបជាពីរតំបន់ ពោលគឺតំបន់ដែលមិនមានរងការវាយប្រហារពីថៃឱ្យប្រលងមុន និងតំបន់ដែលមានរងការវាយប្រហារប្រលងនៅពេលស្ថានការណ៍ស្ងប់ស្ងាត់។ តែយ៉ាងណាលោកយល់ឃើញថា រាជរដ្ឋាភិបាលអាចនឹងមានដំណោះស្រាយណាមួយរួចហើយ។

ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ស្របពេលការជម្លៀសប្រជាជនចេញពីកន្លែងរងការវាយប្រហារពីកងទ័ពថៃ មិនត្រឹមតែបង្កការគំរាមកំហែងដល់កុមារនោះទេ ថែមទាំងធ្វើឱ្យពួកគេលំបាកក្នុងការទទួលបានការសិក្សាផងដែរ។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះយល់ឃើញថា ភាគីពាក់ព័ន្ធគួរសាងសង់សាលារៀនបណ្ដុះអាសន្ននៅទីតាំងសុវត្ថិភាពដែលអាចបង្រៀនក្រៅម៉ោង។ បើតាមលើកឡើងរបស់អ្នកជំនាញរូប ទោះស្ថានភាពបច្ចុប្បន្នមិនទាន់អាចធ្វើឱ្យការប្រលងបាក់ឌុបឈានដល់ការពន្យារពេលក៏ដោយ តែរដ្ឋាភិបាលក៏អាចគិតគូរពន្យារពេលប្រលងបាក់ឌុបមួយរយៈពេលខ្លីរង់ចាំស្ថានភាពល្អប្រសើរបន្តិចវិញផងដែរ។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា បានអូសបន្លាយពេលចំនួន៤ថ្ងៃហើយគិតចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដានេះ។ គិតត្រឹមព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥ មានសាលាចំនួន៦០០នៅតាមបណ្តាខេត្តចំនួន៥ ដែលស្ថិតនៅជិតព្រំដែនកម្ពុជា-ថៃត្រូវបានបិទទ្វារ ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សចំនួន១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់៕
អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អគ្គលេខាធិការ UN បង្ហាញក្ដីបារម្ភយ៉ាងខ្លាំង និងប្តេជ្ញាជួយដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតតេរេស (António Guterres) នៅថ្ងៃទី២៧ ខែកក្កដា បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំ…

អាជ្ញាធរខេត្តបាត់ដំបង ត្រៀមផែនការជួយដល់ពលរដ្ឋរួចរាល់ហើយ ក្រោយថៃ ពង្រាយទ័ពតាមព្រំដែនជាប់ស្រុកសំពៅលូន

អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមផែនការជួយសម្រួលការធ្វើដំណើរ និងទីសុវត្ថិភាពសម្រាប់ពលរដ្ឋរស់នៅតាមបណ្ដាស្រុកជិតព្រំដែនថៃ រួចរាល់ហើយ។ ការត្រៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ