ការផ្អាកការធ្វើដំណើរពីឥណ្ឌា

ការធ្វើដំណើរពីឥណ្ឌាចូលទៅអឺរ៉ុបត្រូវបានផ្អាក ដោយសារបារម្ភពីការចម្លងកូវីដ-១៩


មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបនៅសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ ឲ្យផ្អាកការធ្វើដំណើរពីប្រទេសឥណ្ឌាចូលតំបន់អឺរ៉ុបជាបណ្ដោះអាសន្ន បើមិនមានការចាំបាច់ ដើម្បីការពារការចម្លងមេរោគដែលបំប្លែងខ្លួនថ្មីពីឥណ្ឌាចូលក្នុងតំបន់អឺរ៉ុប ខណៈដែលមកទល់ពេលនេះ មានប្រទេសជាង៤០ហើយនៅលើសកលលោកបានឆ្លងមេរោគបំប្លែងថ្មីនេះ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
ការធ្វើដំណើរពីឥណ្ឌាចូលទៅអឺរ៉ុបត្រូវបានផ្អាក (រូបភាព៖ TTG Aisia)
ដោយ

ការអំពាវនាវរបស់សហភាពអឺរ៉ុបយ៉ាងដូច្នេះ គឺនៅពេលដែលប្រទេសឥណ្ឌានៅមួយរយៈពេលចុងក្រោយនេះ បានរងការវាយប្រហារដ៏អាក្រក់ពីវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងឆក់យកជីវិតពលរដ្ឋឥណ្ឌារាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ ជាក់ស្ដែង តាមការរាយការណ៍នៅថ្ងៃទី ១៣ ខែឧសភា ចំនួនអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នៅប្រទេសឥណ្ឌាមានដល់ទៅ ជាង ៤ពាន់នាក់ ខណៈអ្នកឆ្លងថ្មីមាន ៣៦ម៉ឺននាក់ ក្នុងមួយថ្ងៃ។

បើតាមអង្គការសុខភាពពិភពលោក ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌា នាពេលនេះ គឺមានប្រហែល៣០% នៃចំនួនអ្នកស្លាប់សរុបនៅទូទាំងពិភពលោក ហើយឥណ្ឌា គឺជាប្រទេសទី២ បន្ទាប់អាមេរិក ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេលើលោកផងដែរ ពោលគឺអាមេរិកមានអ្នកឆ្លងកូវីដសរុបជាង៣៣លាននាក់ ខណៈដែលឥណ្ឌាមានអ្នកឆ្លងកូវីដសរុបជាង២៣លាននាក់។

គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ការសម្រេចអំពាវនាវឲ្យផ្អាកការធ្វើដំណើរពីឥណ្ឌាចូលតំបន់អឺរ៉ុបនេះ គឺអនុវត្តទៅតាមសំណើរបស់អង្គការសុខភាពពិភពលោក ដែលបានចាត់ទុកថា មេរោគបំប្លែងខ្លួនថ្មីនៅឥណ្ឌា គឺជាក្ដីបារម្ភដ៏ធំសម្រាប់ពិភពលោក។

គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់ទៀតថា វាមានសារៈសំខាន់ណាស់ក្នុងការកំណត់ពីប្រភេទអ្នកដំណើរ ដែលអាចធ្វើដំណើរពីប្រទេសឥណ្ឌាឲ្យមាននៅក្នុងចំនួនតិចបំផុត ហើយអ្នកដំណើរទាំងអស់នោះត្រូវមានហេតុផលចាំបាច់ទើបអាចធ្វើដំណើរចូលបាន។ មិនតែប៉ុណ្ណោះ ពួកគេក៏ត្រូវការធ្វើតេស្ដ និង ដាក់ធ្វើចត្តាឡីស័ក្កយ៉ាងម៉ឺងម៉ាត់បំផុត។

កាលពីសប្ដាហ៍មុននេះ គណៈកម្មអឺរ៉ុបក៏ទើបតែបានពន្យារពេល អនុវត្តផែនការបើកឲ្យភ្ញៀវទេសចរបរទេសអាចចូលក្នុងតំបន់របស់ខ្លួនផងដែរ ដោយសារតែបារម្ភពីការឆ្លងរីករាលដាលកូវីដ-១៩។ បើទោះបីជា មានការរឹតត្បិតការធ្វើដំណើរពីប្រទេសដទៃចូលតំបន់របស់ខ្លួនក៏ពិតមែន តែអឺរ៉ុប បច្ចុប្បន្ននេះ ក៏កំពុងតែត្រៀមខ្លួនបន្ធូរបន្ថយការធ្វើដំណើរ សម្រាប់ពលរដ្ឋរបស់ខ្លួននៅថ្ងៃឈប់សម្រាករដូវក្ដៅនេះផងដែរ ដោយគ្រោងនឹងអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ដឆ្លងកាត់ប្រទេសទាំង២៧ ក្នុងតំបន់អឺរ៉ុប បើសិនជាពួកគេមានលិខិតបញ្ជាក់កូវីដ-១៩ គឺមានបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួច បានជាសះស្បើយពីកូវីដ-១៩ និង បានធ្វើតេស្ដមានលទ្ធផលអវិជ្ជមានកូវីដ-១៩ជាដើម៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ WHO ពន្យល់ពីមេរៀនដែលពិភពលោកបានរៀនពីវិបត្តិកូវីដ-១៩ជាង១ឆ្នាំមកនេះ

ព័ត៌មាន
នៅរយៈពេលជាងមួយឆ្នាំមកនេះ មេរោគរាតត្បាតជាសកលកូវីដ-១៩ បានឆក់យកជីវិតមនុស្សអស់ជាង ៣លាននាក់ហើយ និង បានចម្លងដល់មនុស្សជាង ១៦០លាននាក់នៅ...

ក្រុមហ៊ុនអាកាសចរណ៍ថៃធំៗ ស្នើរដ្ឋឲ្យជួយទម្លាក់កម្ចីការប្រាក់ទាប

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ថៃ កំពុងដុនដាបកាន់តែខ្លាំងមែនទែនហើយ នៅចំពេលដែលស្ថានភាពកូវីដ-១៩នៅថៃ កំពុងបន្ដរីករាលដាលកាន់តែខ្លាំង។ យ៉ាងណាមិញ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ