
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនជាមួយថៃ គួរតែនាំគ្នាឈប់ចរាចរណ៍ប្រាក់បាតរបស់ថៃ ដោយងាកមកចរាចរណ៍ប្រាក់រៀលរបស់ជាតិវិញសម្រាប់ការទូទាត់ផ្សេងៗ ដើម្បីជួយលើកកម្ពស់ប្រាក់រៀល និងបញ្ជាក់ពីស្មារតីរួបរួមជាតិ ដោយជៀសវាងការចាយវាយប្រាក់របស់សត្រូវឈ្លានពានលើកម្ពុជា។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានលើកឡើងថា ការផ្លាស់ប្ដូរមកចរារចរណ៍ប្រាក់រៀលនៅតាមព្រំដែនជារឿងដ៏ត្រឹមត្រូវមួយ ត្បិតកាលពីកន្លងមកការចរាចរណ៍ប្រាក់បាតនៅតាមព្រំដែនខ្មែរជាមួយថៃ គឺជារឿងខុសឆ្គងមួយទៅហើយ។ បើតាមអ្នកជំនាញរូបនេះ នៅតាមព្រំដែនវៀតណាម ក៏ឃើញមានពលរដ្ឋចរារចរណ៍ប្រាក់ដុង នឹងនៅកន្លែងផ្សេងទៀតក្នុងប្រទេស ក៏មានចរាចរណ៍ប្រាក់ដុល្លារផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ការចរាចរណ៍ពាណិជ្ជកម្មជាមួយថៃត្រូវបានផ្អាកសកម្មភាព ដូច្នោះហើយប្រាក់បាតរបស់ថៃអាចនឹងត្រូវបានកាត់បន្ថយប្រើប្រាស់ផងដែរ។
គួរបញ្ជាក់ថា កាលពីកន្លងទៅធនាគារជាតិនៃកម្ពុជាបានប្រកាសណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ត្រូវផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារដល់ប្រជាពលរដ្ឋ ដែលមកពីប្រទេសថៃ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ចូលរួមសហការទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀលក្នុងអត្រាទីផ្សារ ដោយស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈនេះ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា