នាពិធីអបអរសាទរគម្រប់ខួប១ឆាំ្ន នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៅតែជារបៀបវារៈ ដ៏សំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងការបង្កើតការងារ ព្រមទាំងជាចលកររុញច្រានការវិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់។
ជាក់ស្តែង ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ ប្រកបដោយភាពធនផងដែរ។
លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ីនវេសមេន អ៊ែរផតមេនេចមិន បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១ឆ្នាំនៃការបើកដំណើរការរបស់ខ្លួន អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទទួល បានជើងហោះហើរចំនួនជិត ១ម៉ឺន៥ពាន់ជើង និងអ្នកដំណើរឆ្លងកាត់សរុបចំនួនជាង ១លាន៣សែននាក់ ដែលជាមធ្យមទទួលបានការហោះហើរចំនួន ៤០ជើងក្នុងមួយថ្ងៃ និងអ្នកដំណើរចំនួនប្រមាណជាង ៣ពាន់៦រយនាក់ក្នុងមួយថ្ងៃ។ លោក ស៊ូ បូ បានបន្ថែមថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកផ្លូវរហោះហើរទៅកាន់ ៨ប្រទេស និង១៥ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ដែលបានហោះហើរចំនួន ១៦ខ្សែផ្លូវ ភ្ជាប់ប្រទេសនានា នៅតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជឿជាក់ថា ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើនគ្រប់រដូវកាល ប្រកបដោយគុណភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ ៧,៥លាននាក់ និងភ្ញៀវទេសចជាតិ ប្រមាណជាង ១០លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១,៦លាននាក់ ក្នុងនោះការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ ប្រមាណ ៩៤ម៉ឺននាក់ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥.៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០៣៥ ៕