អាកាសចរណ៍

ឯកឧត្តមវង្សី វិស្សុត៖ ការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍នៅក្រោយកូវីដ១៩


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់លើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជានៅក្រោយវិបត្តិកូវីដ១៩។
ឯកឧត្តមវង្សី វិស្សុត ចាត់ទុកការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍នៅក្រោយកូវីដ១៩
ដោយ

ថ្លែងនៅក្នុង​ពិធី​ស្វាគមន៍ទទួលជើងហោះហើរ​ពាណិជ្ជកម្ម​ដំបូងមកកាន់​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប-អង្គរ (SAI) កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី​បានវាយតម្លៃខ្ពស់ ចំពោះ​ក្រុមហ៊ុនវិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិអង្គរ (Angkor International Airport Investment Cambodia Co., Ltd. /AIAI) ដែលបានវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​នេះឡើង ប្រកបដោយជោគជ័យ ដែលជាសមិទ្ធិផលដ៏អស្ចារ្យមួយ ពោលគឺជាព្រលានយន្តហោះ​លំដាប់​​អន្តរជាតិ ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមក ទោះបីជាមានការពន្យារពេល​ជាច្រើនដង​នៃដំណើរការសាងសង់នាអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ក្តី។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា «ជាការពិតណាស់ ការបើកឱ្យប្រើប្រាស់ និងទទួលជើង​ហោះហើរ​ពាណិជ្ជកម្មដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គនាថ្ងៃនេះ គឺជាកាបើក​ទំព័រថ្មីមួយក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដី​ជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលមាន​ព្រលាន​យន្តហោះ​​ស្តង់ដារ​អន្តរជាតិធំជាងគេ​នៅកម្ពុជា នៅ​លើ​ទឹកដី​សៀមរាបអង្គរ។»

អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០,០៦ ហិកតា និងបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា “ទីក្រុងអាកាសយានដ្ឋាន (Airport city)” នាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខល្អ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនាំឲ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន រួមទាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះជាដើម។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះគឺ ជាគំនិតផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាលនៃនិតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន មាណែត។ ទន្ទឹមគ្នានោះ ឯកឧត្តមក៏ឆ្លៀតឱកាសនេះ គូសបញ្ជាក់ពីការអគុណចំពោះតួនាទីរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាអតីតឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំធ្វើឱ្យគម្រោងនេះលេចរូបរាងឡើង ក្រោមការចង្អុលបង្ហាញផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។

លើសពីនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ ក៏ជាសមទ្ធិផល​មួយដ៏អស្ចារ្យក្រោម​ការដឹកនាំ និងឯកភាពគ្នា​របស់សម្តេច​តេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីងផងដែរ ដ្បិតវា ស្ថិតនៅក្រោម​គំនិតផ្ដួចផ្ដើម​ផ្លូវ និងខ្សែក្រវាត់មួយ​របស់ចិន ដែលគំនិតផ្ដួចផ្ដើមនេះ បាននិងកំពុង​លើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ជាពិសេស បានធ្វើឱ្យមានកិច្ចសហការ លើវិស័យ​សំខាន់ៗ ដែលជាប្រយោជន៍ដល់ការកែលម្អនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ រួមមានទាំងការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងវិស័យកសិកម្ម។ នេះបើតាម​ការអះអាង​របស់​ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ អំពីសក្ដានុពល​របស់​កម្ពុជានៅក្នុងការ​ទាក់ទាញភ្ញៀវទេសចរ​នៅក្នុងតំបន់ និងពិភពលោក។ តាម​រយៈ​សក្ដានុពល​​ទាំងនោះ រួមទាំង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដសំខាន់ៗជាច្រើន​ទៀតនា​ពេលកន្លងមក ឯកឧត្តម វង្សី វិស្សុតជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ តំបន់ទីក្រុង​អាកាសយានដ្ឋាន (Airport city) នេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍប្រទេសកម្ពុជា ដូចដែលសម្តេចតេជោ តែងតែចង្អុលបង្ហាញនូវក្នុងចក្ខុវិស័យរបស់​សម្តេចថា កម្ពុជាមានប៉ូល សេដ្ឋកិច្ច ៣ ទី១. ភ្នំពេញ, ទី២. ក្រុងព្រះសីហនុ, និងទី៣. ទីក្រុងសៀមរាប នេះឯង ហើយសមិទ្ធិផលនេះ ក៏នឹងក្លាយទៅជា”កាតាលីករ” យ៉ាងសំខាន់ សម្រាប់ជំរុញ​ការងើបឡើងវិញ និងការអភិវឌ្ឍនៃ​វិស័យទេសចរណ៍ឱ្យមានសក្ដានុពលនៅកម្ពុជា។

ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងតំបន់ជុំវិញនេះ មិនត្រឹមតែចូល​រួម​ទ្រទ្រង់ កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាសមិទ្ធផលមួយយ៉ាងសំខាន់ដែលមិនអាចកាត់ថ្លៃបាន ក្នុងការទ្រទ្រង់ដល់​ការធ្វើ​សមាហរណកម្មតំបន់ និងសកល, ជាពិសេស លើកកម្ពស់ទាក់ទាញនៃវិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជា មួយកម្រិតទៀតផងដែរ។

ឯកឧត្តម វង្សី វិស្សុត ក៏បានស្នើឱ្យមានគិតគូរពីការជំរុញការតភ្ជាប់ (Connectivity) តាមរយៈផ្លូវអាកាស​មកកាន់តំបន់គោលដៅទេសចរណ៍ទាំង ៣ រួមមានតំបន់ភ្នំពេញ តំបន់សៀមរាប និងតំបន់ឆ្នេរឱ្យកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួល​ដល់ការធ្វើដំណើរ​កម្សាន្ដ​របស់ភ្ញៀវទេសចរ និងស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែខិតខំបន្ត​កែសម្រួល​ការធ្វើដំណើរ​ទេសចរណ៍​នៅតាមច្រកទ្វារអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត (អន្តោប្រវេសន៍ គយ ។ល។)

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្ត​ក្រសួងទេសចរណ៍​ត្រូវ​សហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមានស្ថាប័នរដ្ឋ និងឯកជន ចាប់យកបច្ចេកវិទ្យា​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ ឯកឧត្តម វង្សី វិស្សុត ក៏បានឱ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រជាពលរដ្ឋនិងដៃគូ​អភិវឌ្ឍចូលរួម​អភិវឌ្ឍទេសចរណ៍ឱ្យបានសកម្ម និងកាន់តែខ្លាំងក្លាថែមទៀត និង ត្រៀមខ្លួនចាប់យក​កាលានុវត្តភាព​នៃឧស្សាហកម្មជំនាន់ទី៤ សម្រាប់ធុរកិច្ចក្នុងវិស័យ​ទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសយានដ្ឋានសៀមរាបអង្គរតម្លៃ ១,១ពាន់លានដុល្លារ ចាប់ផ្ដើមបើកទទួលជើងហោះហើរជាផ្លូវការហើយ

ព័ត៌មាន
ដូចការគ្រោងទុក នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានសៀមរាបអង្គរ ដែលមាន តម្លៃវិនិយោគប្រមាណ ១,១ពាន់លានដុល្លារអាមេរិក ត្រូវបានបើកដា…

សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធ Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា

ព័ត៌មាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ