វិស័យកសិកម្ម

ក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញដំឡូងមីស្ងួតពីកម្ពុជា ២០ម៉ឺនតោន


ដំឡូងមីស្ងួតរបស់កម្ពុជា ចំនួន៥ពាន់តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ជាលើកដំបូង ដោយជោគជ័យ។ ជាមួយគ្នានេះ ក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងប្រមូលទិញដំឡូងមីស្ងួតពីកម្ពុជាចំនួន២០ម៉ឺនតោនបន្ថែមទៀតនៅឆ្នាំ២០២៥ និង២០២៦។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលដំឡូងមីស្ងួតរបស់កម្ពុជា នៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ។ តើអ្នកជំនាញក្នុងវិស័យដំឡូងមីនៅកម្ពុជា មានការយល់ឃើញបែបណាចំពោះកិច្ចព្រមព្រៀងនេះ?
វិស័យកសិកម្ម
ដោយ

ក្រុមហ៊ុន COFCO BIO-TECHNOLOGY ដែលជាក្រុមហ៊ុនរដ្ឋមួយរបស់ចិននឹងទិញដំឡូងមីស្ងួតរបស់កម្ពុជា ចំនួន២០ម៉ឺនតោនបន្ថែមទៀត នៅចន្លោះពីឆ្នាំ២០២៥ និង២០២៦ បន្ទាប់ពីក្រុមហ៊ុននេះបាននាំចូលដំឡូងមីស្ងួតពីកម្ពុជា ចំនួន៥ពាន់តោន លើកដំបូង ដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ផែនការទិញដំឡូងមីស្ងួតរបស់ក្រុមហ៊ុននេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HANG HARVEST AGRICULTURE ដែលបានចុះហត្ថលេខាក្នុងពិធីប្រគល់ និងទទួលដំឡូងស្ងួតចំនួន៥ពាន់តោននៅប្រទេសចិន កាលពីពេលថ្មីៗ។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ យល់ឃើញថា ការចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុនទាំងពីរខាងលើវាជាសញ្ញាល្អសម្រាប់ផលិតកម្មដំឡូងមីនៅកម្ពុជា។ តែយ៉ាងណាចំនួនដំឡូងមីដែលបាននាំចូលទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ ហាក់មិនទាន់អាចជួយដោះស្រាយបញ្ហាដល់ប្រជាកសិករដាំដំឡូងមីបាននៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រធានសមាគមដំឡូងមីខ្មែររូបនេះរំពឹងថា ការនាំចេញដំឡូងមីស្ងួតពីកម្ពុជា ទៅកាន់ប្រទេសចិននឹងមានការកើនឡើងបន្ថែមទៀត ដែលអាចជួយដោះស្រាយបញ្ហាដល់កសិករបានមួយកម្រិត។

​ជាមួយគ្នានេះ លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានចាត់ទុកការចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតកម្ពុជានេះ ជាសញ្ញាល្អមួយសម្រាប់វិស័យដំឡូងមីរបស់កម្ពុជា​។ តែយ៉ាងណាលោកកត់សម្គាល់ឃើញថា កន្លងមកមានការចុះកិច្ចព្រមព្រៀងទិញលក់ដំឡូងមីច្រើនគួរសមដែរ តែហាក់មិនទាន់អាចជួយដល់កសិករ និងធ្វើតម្លៃដំឡូងមីមានភាពល្អប្រសើរ។ បើតាមការអះអាងរបស់លោក ស៊ីន វុទ្ធី កន្លងមកធ្លាប់មានក្រុមហ៊ុនឯកជននាំចេញដំឡូងមីទាក់ទងមកលោក តែក្រុមហ៊ុននោះមិនបានបញ្ជាក់តម្លៃទិញជាក់លាក់នោះទេ តែយ៉ាងណាលោករំពឹងថា នឹងមានក្រុមហ៊ុនប្រកាសទិញដំឡូងមីជាមួយការកំណត់តម្លៃជាក់លាក់ណាមួយនាពេលខាងមុខ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅមានក្រុមហ៊ុនមួយរបស់ចិន គ្រោងប្រមូលទិញដំឡូងមីស្ងួតជាង១០ម៉ឺនតោនសម្រាប់នាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ខណៈមកទល់ពេលនេះក្រុមហ៊ុននេះ ក៏បាននាំចេញដំឡូងមីស្ងួតចំនួន១ម៉ឺនតោន តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់ទីផ្សារប្រទេសចិន រួចហើយដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា ចិន ដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនតាមផ្លូវទឹកថ្មី ដែលអាចជួយកាត់បន្ថយការចំណាយជាង២០% និងពេលវេលាជាង៥០%

កំពង់ផែខេត្តកោះកុង របស់កម្ពុជា និងកំពង់ផែ Fangchenggang របស់ប្រទេសចិន បានដាក់ឱ្យដំណើរការខ្សែច្រវាក់ដឹកជញ្ជូនទំនិញត្រជាក់ និងទំនិញទូទ…

អាម៉េរិក ជំរុញឱ្យវៀតណាម កែលម្អតុល្យភាពពាណិជ្ជកម្មជាមួយខ្លួន បើមិនចង់រងសម្ពាធពន្ធ

តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន គ្រៀ (Jamieson Greer) បានប្រាប់មន្ត្រីពាណិជ្ជកម្មវៀតណាម ថា វៀតណាមត្រូវតែកែលម្អតុល្យភាពពាណិជ្ជកម្ម និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ