
សារមន្ទីរសង្គ្រាមបាតសមុទ្រនេះ អាចនិយាយបានថា នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់បម្រើដល់ភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅប្រជុំកោះតាគៀវ ក្បែរទឹកដីរាមកន្លងមកមាន មានការរុករករកឃើញថា មានយុទ្ធោបករណ៍ ឬគ្រឿងសម្ភារៈសម្រាប់ធ្វើសង្គ្រាមមួយចំនួនដែលសល់ពីសង្គ្រាមលោកលើកទី២ ដូចជា យន្តហោះសង្គ្រាម និងយន្តហោះចម្បាំងនានា ដែលបានធ្លាក់ចូលក្នុងបាតសមុទ្រ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមមុជទឹកនៅបាតសមុទ្រខ្មែរ (Khmer Dive Group) ចង់ប្រែក្លាយកន្លែងនេះទៅជាទីតាំងមួយ ដើម្បីរៀបចំឱ្យទៅជាសារមន្ទីរសង្គ្រាមបាតសមុទ្រ សម្រាប់ទេសចរ ដែលចង់ទៅកម្សាន្តនៅក្នុងបាតមុទ្រអាចមុជទឹកចុះទៅមើលផ្កាថ្ម និងយុទ្ធោបករណ៍ទាំងនោះ។

បើតាមមន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុរូបនេះ គម្រោងសារមន្ទីរសង្គ្រាមបាតសមុទ្រនេះ គឺមិនមានការសាងសង់អ្វីបន្ថែមនោះទេ ដោយរក្សានៅស្ថានភាពដដែលនៅទីតាំងដែលមានយុទ្ធោបករណ៍មួយចំនួនដែលបានធ្លាក់នៅក្នុងបាតសមុទ្រនោះស្រាប់តែម្តង ហើយបច្ចុប្បន្ន គម្រោងសារមន្ទីរសង្គ្រាមបាតសមុទ្រនេះ កំពុងស្ថិតក្នុងការសិក្សាគម្រោងផងដែរ។
បើតាម ឯកឧត្តម ឡុង ឌីម៉ង់ គម្រោងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រនេះ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា ហើយក្នុងនាមលោកក៏ជាអ្នកមុជទឹកនៅបាតសមុទ្រម្នាក់ផងដែរនោះ ឯកឧត្តម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ និងយុវជនទាំងអស់អាចហាត់រៀនមុជទឹក ដើម្បីអាចមុជទឹកចុះទៅមើលទេសភាពនៅបាតសមុទ្រ ដែលជាសម្បត្តិ និងធនធានធម្មជាតិដ៏ល្អរបស់កម្ពុជា។
ពាក់ព័ន្ធនឹងការហាត់រៀនមុជទឹក (Diving) នេះដែរ ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ឱ្យដឹងថា ខាងក្រុមមុជទឹកនៅបាតសមុទ្រខ្មែរ (Khmer Dive Group) នឹងធ្វើការបង្ហាត់បង្រៀនផ្ទាល់ ហើយបន្ទាប់ពីសិក្សារគម្រោងចប់ហើយនោះ ប្រសិនជាមានការជួយឧបត្ថមពីម្ចាស់គម្រោងណាមួយនោះ ក៏នឹងអាចកាត់បន្ថយដល់ការចំណាយទៅលើថ្លៃរៀនមុជទឹក និងឧបករណ៍មុជទឹកមួយចំនួនផងដែរ។

បច្ចុប្បន្នការចុះមុជទឹកនៅបាតសមុទ្រដើម្បីមើលផ្ការថ្ម និងជីវចម្រុះនានានៅបាតសមុទ្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបទេស ខណៈភ្ញៀវទេសចរជាតិមួយចំនួន ក៏កំពុងងាកមកចាប់អារម្មណ៍ជាមួយការមុជទឹកនៅបាតសមុទ្រនេះផងដែរ។ យ៉ាងណាមិញ នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ទីតាំងបាតសមុទ្រដែលមានផ្កាថ្មស្អាតៗច្រើន មានដូចជានៅតាមប្រជុំកោះរ៉ុង កោះតាង កោះពូលូវ៉ៃ និងកោះតាគៀវជាដើម៕

