ខ្លាសេដ្ឋកិច្ចនៅអាស៊ីសិង្ហបុរី

ខ្លាសេដ្ឋកិច្ចនៅអាស៊ី «សិង្ហបុរី» បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនឆ្នាំនេះទាបជាងមុន ខណៈសេដ្ឋកិច្ចសកលមិនច្បាស់លាស់


ខ្លាសេដ្ឋកិច្ចនៅអាស៊ី «សិង្ហបុរី» បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះ ខណៈដែលបរិយាកាសសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ មិនច្បាស់លាស់ ក៏ដោយសារតែ បច្ចុប្បន្នពិភពលោក កំពុងជួបបញ្ហាប្រឈមជាច្រើនដូចជាអតិផរណាកើនខ្ពស់ និងការរំខានច្រវាក់ផ្គត់ផ្គង់រ៉ាំរ៉ៃ និងបញ្ហាជាច្រើនទៀត ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។
ខ្លាសេដ្ឋកិច្ចនៅអាស៊ី សិង្ហបុរី បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនឆ្នាំនេះទាបជាងមុន

ទោះយ៉ាងណា ​សិង្ហបុរី ក៏​​បាន​ព្យា​ករ​ពី​កំណើន​ពាណិជ្ជ​កម្ម​របស់ខ្លួន​ផង​ដែរ​នៅឆ្នាំនេះ ដែលជំរុញដោយ​ការធ្វើពាណិជ្ជកម្មប្រេង និងគ្រឿងអេឡិចត្រូនិក​​។ នេះ​បើតាមការ​ផ្សាយ​​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​សិង្ហបុរី​ CNA។​

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហ​បុរី​​​បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍​នេះ​​ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់​សិង្ហបុរី​​សម្រាប់ឆ្នាំនេះ​ ត្រូវគេរំពឹងថា នឹងស្ថិត​នៅកម្រិត​​ចន្លោះពី ៣% ទៅ ៤ %​​ ​ដែលទាប​ជាង​ការំរំពឹង​ទុក​កាល​​ពីពេលមុនបន្ដិច ដែល​ថា​នឹង​មាន​កម្រិត​ចន្លោះ​ពី​ ៣% ទៅ ៥%​។​

ជាមួយគ្នានេះដែរ ក្រុម​អ្នកបង្កើតគោលនយោបាយបានព្រមានកាលពីខែឧសភាថា កំណើនសេដ្ឋ​កិច្ចសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ច​ប្រចាំតំបន់អាស៊ីនោះ ​​ទំនងជានឹងធ្លាក់​ចុះ​ទាប​ជាង​ពាក់កណ្តាល​នៃតួលេខ​​ដែល​គេ​បាន​​​ព្យា​ករ​ចន្លោះ​ពី​ ៣ ទៅ ៥% សម្រាប់ឆ្នាំ​នេះ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​របស់​សិង្ហ​បុរី​​បាន​និយាយ​ថា បរិយា​កាស​សេដ្ឋ​កិច្ច​ពិភព​លោកនាពេលអនាគត​បានបង្ហាញពីសញ្ញាស្រុត​ចុះ​បន្ថែម​ទៀត​ ចាប់​តាំង​ពី​មាន​ការ​វាយ​តម្លៃ​​ចុង​ក្រោយ​របស់​សិង្ហបុរី​កាល​ពី​ខែ​ឧសភាមក​។​

ការ​កើន​ឡើង​សម្ពាធអតិផរណាខ្លាំង​ជាងការរំពឹងទុក​ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់​ធនាគារកណ្តាល​ គឺ​ជា​មូល​ហេតុ​សំខាន់​ក្នុង​ការ​​បន្ថយ​ល្បឿន​​​កំណើន​សេដ្ឋកិច្ច​​នៅ​តាម​ប្រទេស​មាន​សេដ្ឋ​កិច្ច​ជឿនលឿនធំៗ មួយ​ចំនួន​ដូចជា សហរដ្ឋអាមេរិក និងតំបន់ចាយលុយ​អឺរ៉ូ​ជា​ដើម​។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី បាននិយាយនៅក្នុងរបាយការណ៍របស់​ខ្លួនថា ​ទស្សនវិស័យតម្រូវការខាងក្រៅ​សម្រាប់សេដ្ឋកិច្ចសិង្ហបុរី​​បានធ្លាក់ចុះ​ ​បើប្រៀបធៀបទៅនឹងរយៈ​ពេល​៣ខែមុន​នេះ​​។

ទន្ទឹមនេះដែរ​ ទស្ស​នវិស័យ​ពី​ការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋ​កិច្ចពិភព​លោក​គឺ​នៅ​តែ​មាន​​ហានិភ័យ​ខ្ពស់​នៅ​ឡើយ​។ ហានិភ័យទាងនោះ រួមមាន ​មាន​លទ្ធភាពកើនឡើងថែម​ទៀត​នូវ​​សង្រ្គាមអ៊ុយក្រែន ​ការកែតម្រូវទីផ្សារគ្មាន​សណ្តាប់ធ្នាប់ ឱ្យ​ស្រប​តាមគោលនយោបាយរូបិយវត្ថុ​​ដែលរឹតបន្តឹង​នៅ​តាម​ប្រទេសមានសេដ្ឋកិច្ចជឿនលឿន​ ការកើនឡើង​ភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងការ​ផ្ទុះ​ឡើង​នៃជំងឺកូវីដ​ ១៩​។

ទោះ​ជាសិង្ហ​បុរី​បាន​ព្យាករ​បន្ទាប​​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់ខ្លួន​ក៏​ពិត​មែន ​ប៉ុន្តែ ប្រទេស​នេះ​ក៏​បាន​បង្កើន​ការ​ព្យា​ករ​ពី​កំណើន​ពាណិជ្ជ​កម្ម​របស់​ខ្លួន​រហូត​ដល់ ​៩,១%​នៅ​ក្នុង​ត្រី​មាស​ទី​២សម្រាប់​​ឆ្នាំ​២០២២​នេះ​ផង​ដែរ​។​​

សហ​គ្រាស​សិង្ហបុរី​ (ESG) បាន​និយាយរបាយការណ៍​ពិនិត្យ​​មើល​ឡើង​វិញរបស់​ខ្លួន​ថា ​កត្តា​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជ​កម្ម​នេះ ​គឺ​ដោយ​សារ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ប្រេង​និង​គ្រឿង​អេឡិច​ត្រូនិក​ព្រម​ទាំង​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ផង​ដែរ​ ហើយ​ការ​នាំ​ចេញផលិត​ផល​​ក្នុង​ស្រុក​​ដែល​មិន​មែន​ជាប្រេង​ (NODX) អាច​កើន​ឡើង ​៥​% ​ដល់ ​៦​%​​ គឺ​ខ្ពស់​ជាង​ការ​ព្យាករ​កាល​ពី​ខែ​ឧសភា​ទៅទៀត​ ដែលកាលនោះបានព្យាករថានឹង​មាន​ត្រឹម​ចន្លោះ​ពី​ ៣​ ទៅ​ ៥​%​​តែ​ប៉ុណ្ណោះ​​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អត្រាបំណុលជាតិសម្រាប់ពលរដ្ឋជប៉ុនម្នាក់ៗឡើងដល់ជាង ៧,៥ម៉ឺនដុល្លារជាលើកដំបូង

ព័ត៌មាន
ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១០សីហាបានបង្ហាញថា បំណុលជាតិរបស់រាជរដ្ឋាភិបាលជប៉ុន បើគិតក្នុងពលរដ្ឋម្នាក់ៗ (Government debt per c…

តើមានមូលហេតុអ្វីខ្លះ អាចជំរុញឲ្យការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាធ្លាក់ចុះនៅឆមាសទី២?

ព័ត៌មាន
ក្រុមអ្នកជំនាញបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពមិនច្បាស់លាស់របស់ពិភពលោក នាពេលបច្ចុប្បន្ន ហើយបញ្ហានេះអាចនឹងប៉ះពាល់ដល់ការបញ្ជាទិញផលិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ