
សិង្ហបុរី ដែលជាមជ្ឈមណ្ឌលសេវាកម្ម និងហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៣,៩% នៅត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកំណើននេះខ្ពស់ជាងអ្វីដែលសារព័ត៌មាន Bloomberg បានព្យាករកន្លងទៅ ដែលរំពឹងសម្រេចបាន៣,៦%។ តែទោះជាយ៉ាងណាក៏ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះថា នឹងធ្លាក់ចុះមកនៅត្រឹមចន្លោះពី០% ទៅ-២% នៅឆ្នាំ២០២៥ នេះ ដោយសារសម្ពាធពន្ធបដិការរបស់អាម៉េរិក បានបិទបាំងទស្សនវិស័យសម្រាប់ពាណិជ្ជកម្មសកល។
ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ក្រសួងនេះ ធ្វើឡើងវាគ្នានឹងអ្វី ដែលនាយករដ្ឋមន្ត្រី ឡូរ៉េន វង្ស បានព្រមានថា សិង្ហបុរី ទំនងជាមិនអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនោះទេ ហើយលោកជំរុញឱ្យមានការដោះស្រាយលើបញ្ហានេះ។
អ្នកវិភាគបានអះអាងថា លទ្ធផលល្អប្រសើរជាងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីនៅក្នុងត្រីមាសទី១ឆ្នាំ២០២៥ ត្រូវបានជំរុញជាចម្បងដោយសារសកម្មភាពផលិតកម្ម និងការនាំចេញ ដោយផលិតករ និងអាជីវករប្រញាប់ប្រញាល់បង្កើនផលិតកម្ម ដើម្បីបញ្ចៀសការដាក់ពន្ធខ្ពស់របស់អាម៉េរិក ក្រោយការពន្យារពេលអនុវត្ត៩០ថ្ងៃបានផុតកំណត់។
អ្នកវិភាគខ្លះទៀតបានលើកឡើងថា ប្រសិនបើមានការកើនឡើងសម្ពាធពន្ធដូចការព្រមានរបស់មន្រ្តីសហរដ្ឋអាម៉េរិកមែន នោះវានឹងធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មពេញទីនៅលើពិភពលោក ដែលនឹងធ្វើឱ្យអតិផរណាពិភពលោកមានការកើនឡើង ទាញទម្លាក់កំណើនសេដ្ឋកិច្ច និងប៉ះពាល់ដល់លំហូរមូលធនហិរញ្ញវត្ថុផងដែរ៕
ដោយៈ សរ សុជាតិ