ក្រសួងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី ដែលមានប្រជាជនសរុបត្រឹមតែជាង៦លាននាក់ បានប្រកាសកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ថា ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ខណៈថ្លៃចំណាយប្រចាំថ្ងៃហក់ឡើងខ្ពស់ រដ្ឋាភិបាលសិង្ហបុរី គ្រោងចែកលុយដល់ពលរដ្ឋរហូតដល់ទៅជាង២,៤លាននាក់ នៅខែកញ្ញា ខាងមុខនេះ ដោយម្នាក់ៗនឹងទទួលបានប្រាក់ចន្លោះពី១៥០ដុល្លារអាម៉េរិក ទៅ៣០០ដុល្លារអាម៉េរិក ក្រោមកញ្ចប់គាំទ្រផ្នែកហិរញ្ញវត្ថុមានឈ្មោះថា Assurance Package។
អ្នកដែលមានសិទ្ធិទទួលបានការចែកលុយនៅឆ្នាំ២០២៤ នេះត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅក្រោមលក្ខខណ្ឌរកប្រាក់ចំណូលប្រចាំឆ្នាំមិនលើសពី១សែនដុល្លារសិង្ហបុរី ឬជិត៧ម៉ឺន៦ពាន់ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៣ និងមានផ្ទះមិនលើសពីមួយ។ ពលរដ្ឋសិង្ហបុរី ម្នាក់ៗនឹងទទួលបានប្រាក់ចន្លោះពី១៥០ដុល្លារអាម៉េរិក ទៅ៣០០ដុល្លារអាម៉េរិក ពោលគឺអាស្រ័យលើប្រាក់ចំណូលជាក់ស្ដែងរបស់ពួកគេ។
សូមបញ្ជាក់ថា កញ្ចប់វិធានការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬ Assurance Package នេះត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ២០២០ ហើយការបើកលុយពីកញ្ចប់នេះនឹងធ្វើឡើងជាដំណាក់កាលរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ រដ្ឋាភិបាលសិង្ហបុរី បានប្ដេជ្ញាថា នឹងបញ្ចូលលុយ១,៤ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតចូលទៅក្នុងកញ្ចប់គាំទ្រផ្នែកហិរញ្ញវត្ថុនេះ ដើម្បីជួយដោះស្រាយបញ្ហាថ្លៃចំណាយប្រចាំថ្ងៃហក់ឡើងខ្ពស់៕