Advertisement
ការនាំចេញ

កម្ពុជា​នាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​ធំ​បំផុត​លំដាប់​ទី​២​នៅ​លើ​ពិភពលោក


មិន​គួរ​ឲ្យ​ជឿ​មែន​ទេ ដែល​ប្រទេស​កម្ពុជា គឺ​ជា​ទីតាំង​តម្លើង​និង​ផលិត​កង់​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ធំ​ជាង​គេ​ទី២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​តំបន់​ស្វយ័ត​កោះតៃវ៉ាន់​ប្រទេស​ចិន ឈរ​នៅ​លើ​តំណែង​លេខ​១ ដែល​បាននាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ច្រើន​ជាង​គេ​បង្អស់។
ជាង​កង់​កំពុងជួសជុលកង់​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

បើ​យោង​តាម​របាយការណ៍​ពី​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ផលិត​និង​តម្លើង​កង់​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្នុង​១​ឆ្នាំ មិន​តិច​ជាង ១​លាន​គ្រឿង​នោះ​ឡើយ។ ជាក់ស្តែង កាល​ពី​ឆ្នាំ​មុន​នេះ កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​អឺរ៉ុប មាន​ចំនួន​ជាង ១លាន ៤​សែន​គ្រឿង ដែល​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​ជិត ៤០០​លាន​ដុល្លារ​អាមេរិក។

និយាយ​ជារួម នៅ​ក្នុង​ឆ្នាំ​២០១៦ កន្លង​មក​នេះ កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​អឺរ៉ុប កើន​ឡើង​រហូត​ដល់​ទៅ ៦៤​ភាគរយ ពោល​គឺ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក​នេះ។ 

ទីកន្លែង​ផលិត និង តម្លើង​កង់​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ជិត​ព្រំ​ប្រទល់​ព្រំដែន​កម្ពុជា​និង​វៀតណាម។

មាន​ចំណុច​ពិសេស​មួយ​ដែល​សម្រួល​ដល់​ការ​វិនិយោគ​ផលិត​កង់​នៅ​កម្ពុជា គឺ​ថា អឺរ៉ុប​បាន​ផ្តល់​កូតា​ដល់​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាន់​អឺរ៉ុប​ដោយ​លើកលែង​ពន្ធ (នាំ​ចេញ​អ្វីៗ​លើកលែង​តែ​អាវុធ)។ នេះ​ជា​ហេតុផល និង​ជា​ឱកាស​ទាក់ទាញ​វិនិយោគិន​ជា​ច្រើន​មក​បណ្តាក់​ទុន​ក្នុង​វិស័យ​នេះ ហើយ​ដែល​ជំរុញ​ឲ្យ​កម្ពុជា ជា​ប្រទេស​ធំ​លំដាប់​ទី​២ ដែល​បាន​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ បើ​យោង​ទៅ​តាម​គម្រោង​អនុគ្រោះ​ពន្ធ GSP របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា អឺរ៉ុប​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​កង់​ផលិត​ក្នុង​ស្រុក ៣០​ភាគរយ​ដោយ​រួច​ពន្ធ។

ប៉ុន្តែ​ដោយសារ​តែ​កម្ពុជា​មិន​អាច​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​បាន ទើប​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កម្ពុជា​ទទួល​បាន​កិច្ច​ព្រមព្រៀង​រយៈពេល​បី​ឆ្នាំ​ក្នុង​ការ​នាំចូល​គ្រឿង​បង្គុំ​ពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី​សម្រាប់​ផលិត​កង់​នាំចេញ​ដែល​ស្ថិត​ក្រោម​ការ​អនុគ្រោះ​ពន្ធ​នេះ។ កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពន្ធ​នាំ​ចេញ​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​កង់​របស់​កម្ពុជា​ទៅ​អឺរ៉ុប កើន​ឡើង​ខ្ពស់​យ៉ាង​ដូច្នេះ។

ប៉ុន្តែ គួរ​ឲ្យ​ស្តាយ​ការ​លើកលែង​នេះ​ត្រូវ​បាន​ផុត​កំណត់​នៅ​ឆ្នាំ​២០១៧​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អំពាវ​នាវ​ដល់​សហភាព​អឺរ៉ុប​បន្ថែម​ពេល​វេលា​លើកលែង​ពន្ធ ៣​ឆ្នាំបន្ថែម​ទៀត សម្រាប់​ឧស្សាហកម្ម​នាំ​ចេញ​កង់​របស់​កម្ពុជា។

ក្រុម​អ្នក​ជំនាញ ក៏​ដូចជា​ក្រុម​អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​កង់​នៅ​កម្ពុជា​នេះ​សុទ្ធតែ​ចង់​បាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​កង់​ទៅ​អឺរ៉ុប​បន្ត​ទៀត។ យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​ដំណឹង ឬ​សញ្ញា​ណា​មួយ ពី​ភាគី​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ ពី​ការ​អនុគ្រោះ​ពន្ធ​រយៈពេល ៣​ឆ្នាំ​បន្ថែម​ទៀត​ដល់​កម្ពុជា​ក្នុង​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប៕




អត្ថបទបន្ទាប់


លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ម្ដង ៤សែន​ដុល្លារ?

ព័ត៌មាន
សារព័ត៌មានធំៗ​របស់​អាមេរិក​កំពុង​ផ្ដោត​ទៅ​លើ​លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី​អាមេរិក ពី​រឿង​ថ្លៃ​សេវា​សម្រាប់​ការថ្លែង​សុន្...

បី​ខែ​ដំបូង​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​សម្រេច​បាន​ជាង៥០%

ព័ត៌មាន
នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ប្រមាណ​ជាង ៨​ម៉ឺន​តោន ខណៈ​ប្រទេស​អាស៊ាន​មាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ