យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយ កាលពីសប្តាហ៍មុន ដោយក្រុមហ៊ុនប្រឹក្សាផ្នែកចំណាកស្រុកដើម្បីវិនិយោគរបស់ចក្រភពអង់គ្លេស Henley & Partners សហការជាមួយក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិសកល New World Wealth បានឱ្យដឹងថា សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី៦ និងជាទីក្រុងនៅតំបន់អាស៊ានតែមួយគត់ក្នុងបញ្ជីទីក្រុងទាំង៥០ ដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក។
របាយការណ៍នេះបានអះអាងថា សិង្ហបុរី មានកំពូលមហាសេដ្ឋីមានលុយចាប់ពី១០០លានដុល្លារសរុបចំនួន៣៣៦នាក់ ហើយគេបានព្យាករណ៍ថា នៅក្នុងរយៈពេល១៦ឆ្នាំទៀត អ្នកដែលនឹងក្លាយជាសេដ្ឋីលំដាប់នេះនឹងកើនឡើងថែមទៀតពី១០០% ទៅ១៥០%។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជី ហុង តាត ( Chee Hong Tat) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី បានកត់សម្គាល់តាមរយៈសារព័ត៌មាន The Straits Times ថា បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងជ្រើសរើសយកប្រទេសសិង្ហបុរី ដោយសារតែសិង្ហបុរី ជារដ្ឋមាននីតិរដ្ឋដ៏រឹងមាំ និងបរិយាកាសនិយ័តកម្មផ្សេងៗមានស្ថិរភាព។
លោកបានមានប្រសាសន៍ទៀតថា អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ និងអ្នកផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ បរិយាកាសសុវត្ថិភាព និងមិត្តភាពសម្រាប់គ្រួសារ ហើយថែមទាំងប្រព័ន្ធអប់រំ និងការថែទាំសុខភាពលំដាប់ពិភពលោករបស់សិង្ហបុរី ក៏ជាកត្តាទាក់ទាញក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងនោះផងដែរ។
តាមរបាយការណ៍នេះ នៅលើពិភពលោកមានសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី១០០លានដុល្លារទាំងអស់សរុបចំនួន២៩,៣៥០នាក់ ហើយមួយភាគបីនៃក្រុមកំពូលសេដ្ឋីទាំងនេះរស់នៅក្នុងទីក្រុងកំពូលទាំង ៥០។ នៅពេលនេះទីក្រុងដែលមានកំពូលអ្នកមានរស់នៅច្រើនជាងគេ គឺទីក្រុងញូវយ៉ក មាន៧៤៤នាក់ តំបន់ Bay Area នៅសាន់ហ្រា្វន់ស៊ីស្កូ សរុបចំនួន៦៧៥នាក់ ទីក្រុងឡូសអេនជឺឡេស៤៩៦នាក់ ទីក្រុងឡុងដ៏៣៧០នាក់ និងទីក្រុងប៉េកាំង ៣៤៧នាក់៕
ដោយ៖ សរ សុជាតិ