
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋានរបស់ប្រទេសសិង្ហបុរី មានអគារកម្ពស់៦ជាន់មួយកន្លែងដែលហ៊ុំព័ទ្ធដោយជញ្ជាំងដ៏ស្រស់ស្អាត និងមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹង នោះគឺអគារ The Reserve ដែលបានសាងសង់ដើម្បីរក្សាទុកដុំមាស និងដុំប្រាក់របស់មហាសេដ្ឋីជុំវិញពិភពលោក ដែលមានតម្លៃប្រមាណ១,៥ពាន់លានដុល្លារ។
លោក ក្រេហ្គ័រ គ្រេជឺសេន (Gregor Gregersen) ស្ថាបនិករបស់អគារមាសនេះ បាននិយាយថា ចាប់តាំងពីដើមឆ្នាំ២០២៥ រហូតដល់ខែមេសា អគារមាសនេះបានទទួលការបញ្ជារក្សាទុកដុំមាស និងប្រាក់កើនឡើង៨៨% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ទិន្នន័យដែលផ្តល់ដោយអគារ The Reserve បានបង្ហាញថា ការលក់ដុំមាស និងប្រាក់របស់អគារនេះមានការកើនឡើង២០០% ក្នុងរយៈពេលដូចគ្នានេះ បើធៀបនឹងឆ្នាំមុន។
លោក គ្រេជឺសេន បាននិយាយថា គំនិតនៃការរក្សាទុកដុំមាសប្រាក់នៅកន្លែងមានសុវត្ថិភាពដូចជានៅប្រទេសសិង្ហបុរី ជាដើម កំពុងក្លាយជានិន្នាការដ៏ធំមួយនាពេលបច្ចុប្បន្នដោយសារម្ចាស់ទ្រព្យឯកជនអាចទុកចិត្តបាន ហើយថា ៩០% នៃការទិញកន្លែងទុកមាសថ្មី គឺមកពីខាងក្រៅប្រទេសសិង្ហបុរី៕
ដោយ៖ សុខ មង្គល