ក្នុងខែមករាឆ្នាំ២០២៣នេះប្រទេសសិង្ហបុរីបានបើកដំណើរការទិដ្ឋាការប្រភេទថ្មី Overseas Networks & Expertise Pass (ONE Pass) ដែលនេះជាយុទ្ធសាស្រ្តថ្មីមួយ ដើម្បីទាក់ទាញអ្នកជំនាញទូទាំងពិភពលោកចូលមកប្រទេសសិង្ហបុរី។ ប័ណ្ណវិសាថ្មីនេះផ្ដោតទៅលើក្រុមមានជំនាញខ្ពស់ក្នុងវិស័យផ្សេងៗដូចជា វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា បណ្ឌិត្យសភា កីឡា និងសិល្បៈ ហើយក្រុមបុគ្គលទាំងនោះត្រូវមានប្រាក់ចំណូលយ៉ាងហោចណាស់ជាង២ម៉ឺនដុល្លារក្នុងមួយខែ។ អ្នកកាន់ទិដ្ឋាការថ្មីនេះមានសិទ្ធធ្វើការឱ្យនិយោជកច្រើននាក់ក្នុងពេលតែមួយ ហើយគុណសម្បត្តិពិសេសរបស់ទិដ្ឋាការថ្មីនេះគឺផ្ដល់ឲ្យអ្នកប្រើប្រាស់នូវ ភាពបត់បែនច្រើនជាងប័ណ្ណការងារផ្សេងទៀត ដែលអនុញ្ញាត្តឲ្យបុគ្គលិកម្នាក់ធ្វើការសម្រាប់តែក្រុមហ៊ុនមួយ។
ថ្លែងជាមួយសារព័ត៌មានជប៉ុន Nikkei កាលពីខែធ្នូនៅទីក្រុងតូក្យូ អ្នកស្រី ចេកខ្វាលីន ផូ(Jacqueline Poh) នាយកគ្រប់គ្រងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី ហៅកាត់ថា EDB បាននិយាយថា ប័ណ្ណទិដ្ឋាការថ្មីនេះទទួលបានការឆ្លើយតបជាវិជ្ជមានខ្លាំង ចាប់តាំងពីការប្រកាសបើកឲ្យប្រើប្រាស់នៅខែសីហាឆ្នាំមុនមក។ អ្នកស្រីបានបន្ដទៀតថាទិដ្ឋាការថ្មី ឬហៅឱ្យខ្លីថា ONE Pass នឹងជួយសិង្ហបុរីទាក់ទាញការវិនិយោគពីក្រុមហ៊ុនបរទេសកាន់តែច្រើន ដោយសារទេពកោសល្យរបស់បុគ្គលិកគឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគពិចារណាក្នុងការដាក់ភាគហ៊ុន ដូចនេះជាធម្មតានៅពេលដែលជ្រើសរើសបុគ្គលិក នយោជកប្រាកដជាចង់បានបុគ្គលដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់។
ONE Pass របស់សិង្ហបុរី ផ្ដោតសំខាន់នោះគឺ បំពេញបន្ថែមនូវការអភិវឌ្ឍក្នុងស្រុក ដោយនាំមកនូវមនុស្សដែលមានទេពកោសល្យ រាប់បញ្ចូលទាំងអ្នកវិទ្យាសាស្ត្រខាង បញ្ញាសប្បនិម្មិត AI បុគ្គលដែលមានជំនាញក្នុងវិស័យអប់រំ វិស័យបច្ចេកវិទ្យា ឬបុគ្គលដែលមានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈជាដើម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលអ្នកមានទេពកោសល្យផ្សេងៗគ្នាទូទាំងពិភពលោកបានជួយបង្កើន និងពង្រឹងសមត្ថភាពដល់ប្រជាជនក្នុងតំបន់។
សូមជម្រាបថា កំណើនផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីត្រូវបានព្យាករណ៍ថានឹងកើនឡើងយឺតជាងមុនក្នុងចន្លោះពី០,៥%ទៅ២,៥% នៅឆ្នាំ២០២៣ ហើយការព្យាករព៍កាលពីឆ្នាំ២០២២គឺមានប្រមាណ ៣,៨%។ ប្រសិនបើសេដ្ឋកិច្ចពិភពលោកបន្ដធ្លាក់ចុះកាន់តែខ្លាំងបញ្ហាប្រឈមនឹងកាន់តែកើនឡើង ដែលគ្មានប្រទេសណាអាចគេចផុតឡើយ។
គួរកត់សម្គាល់ដែរថា សិង្ហបុរីមិនមែនជាប្រទេសតែមួយគត់ដែលបង្កើតទិដ្ឋាការថ្មីបែបនេះទេ។ ជាក់ស្ដែងកាលពីខែកញ្ញាប្រទេសថៃក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ទិដ្ឋាការស្នាក់នៅរយៈពេល១០ឆ្នាំសម្រាប់បុគ្គលជំនាញៗ និងពលករផងដែរ ហើយវាកំពុងទាញចំណាប់អារម្មណ៍ប្រជាជនមកពី សហរដ្ឋអាមេរិក ចិន និងប្រទេសផ្សេងៗទៀត។ ដោយឡែកទីក្រុងហុងកុងកាលពីខែតុលា បានដំណើរការទិដ្ឋាការរយៈពេល២ឆ្នាំសម្រាប់អ្នកដែលរកចំណូលបានច្រើនជាង ៣០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ និងសម្រាប់អ្នកដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលៗរបស់ពិភពលោក៕
អត្ថបទ ៖ សារៀម លក្ខិណា