កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២

កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ បានថយចុះមកដល់កម្រិតទន់ខ្សោយបំផុតមិនធ្លាប់មាននៅ៤ឆ្នាំចុងក្រោយនេះ


កំណើនសេដ្ឋកិច្ចចិននៅពេញមួយឆ្នាំ២០២២ ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើនរំពឹងថានឹងស្ថិតក្នុងចំណោមតួលេខកំណើនដែលមានភាពទន់ខ្សោយបំផុតមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ បន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរពិភពលោកមួយនេះបានជួបប្រទះនឹងវិបត្តិធំៗដល់ទៅ២ផ្ទួនៗគ្នា គឺវិបត្តិជំងឺឆ្លងកូវីដ១៩ និងវិបត្តិអចលនទ្រព្យ។
កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២នឹងស្ថិតក្នុងចំណោមកំណើនទន់ខ្សោយបំផុត!

អចលនទ្រព្យដែលជាវិស័យជន្ទល់ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចចិន។ នេះបើតាមអ្នកវិភាគបញ្ហាសេដ្ឋកិច្ចចិន បានបង្ហើបឱ្យដឹង នៅមុនពេលដែលកំណើនសេដ្ឋកិច្ចចិន នឹងត្រូវរដ្ឋអំណាចប៉េកាំងប្រកាសជាផ្លូវនៅថ្ងៃអង្គារទី១៧មករា។

បើតាមអ្នកជំនាញសេដ្ឋកិច្ច១០រូប ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានបារាំង AFP សម្ភាសន៍ សុទ្ធតែបានព្យាករថា សេដ្ឋកិច្ចចិននឹងមានកំណើនត្រឹម ២,៧%ប៉ុណ្ណោះ នៅឆ្នាំ២០២២ ដែលវាជាការធ្លាក់ចុះអស់ជាច្រើន បន្ទាប់ពីកំណើនធ្លាប់លោតដល់ទៅ៨%កាលពីឆ្នាំ២០២១។ ចំនួននេះក៏ទំនងជា កំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយបំផុតមួយក្នុងប្រវត្តិសាស្រ្ត ៤ទសវត្សរ៍ចុងក្រោយរបស់ចិន បន្ទាប់ពីកាលពីឆ្នាំ១៩៧៦ សេដ្ឋកិច្ចចិនបានដាំក្បាលចុះអស់ -១,៦%។

ទោះយ៉ាងណា តាំងតែពីដើមឆ្នាំ២០២២មករដ្ឋអំណាចក្រុងប៉េកាំងបាន ដាក់គោលដៅសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៥%។ ប៉ុន្តែគោលដៅកំណើននេះ ត្រូវបានយាយីដោយគោលនយោសូន្យកូវីដ១៩របស់ខ្លួន ដែលរដ្ឋអំណាចប៉េកាំងខាំជាប់មិនលែង រហូតដល់ចុងឆ្នាំ២០២២ទៅហើយទើបសម្រេចទម្លាក់ចោល។ គោលនយោបាយសូន្យកូវីដ ដែលតម្រូវឱ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ និងការបិទខ្ទប់ភ្លាមៗ បានរំខានដល់សកម្មភាពរោងចក្រ និងប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ។

អ្វីជាមូលហេតុជំរុញឱ្យអ្នកជំនាញប៉ាន់ស្មានកំណើនសេដ្ឋកិច្ចចិនថា មានតិចតួចដូចនេះ?

នៅឆ្នាំ២០២២ ចិននៅតែបន្តដោះស្រាយជាមួយវិបត្តិធំៗពីរ ដែលមើលទៅហាក់មិនបានបន្ធូរភាពតានតឹងសោះ ទោះបីខិតខំខ្លាំងប៉ុនណា។

នៅស្ទើរពេញមួយខែធ្នូចុងឆ្នាំ២០២២ ចិនបាននិងកំពុងជួបប្រទះនឹងកំណើនករណីឆ្លងកូវីដ១៩យ៉ាងសន្ធឹក ខណៈករណីតម្រូវឱ្យចូលសម្រាកមន្ទីរពេទ្យក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យគ្រែនៅតាមមន្ទីរពេទ្យ គួបផ្សំនឹងបុគ្គលិកសុខាភិបាលមានការខ្វះខាត។ ប្រការនេះទំនងជានឹងទាញទម្លាក់ GDP សម្រាប់ត្រីមាសទី៤ឆ្នាំ២០២២ដូចគ្នា។

សេដ្ឋវិទូមកពី បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនប្រចាំនៅទីក្រុងប៉េកាំង លោក ចាង មីង គូសបញ្ជាក់ថា ត្រីមាសចុងក្រោយឆ្នាំ២០២២ ក៏ទំនងនឹងពិបាកដដែលសម្រាប់ចិន។ មិនថាតែការចំណាយរបស់ពលរដ្ឋ ឬការវិនិយោគឡើយ កំណើនទាំងអស់នឹងស្ថិតក្នុងល្បឿនយឺត។ លោក ចាង មីង បានបញ្ជាក់ដោយប្រៀបធៀបយ៉ាងដូច្នេះថា «សេះល្អទាំងបី ដែលធ្លាប់តែដឹកយកសេដ្ឋកិច្ចបោះពួយយ៉ាងលួន ពោលគឺវិស័យស្នូលទាំង៣របស់ចិន ឥលូវនេះសុទ្ធតែកំពុងមានកំណើនយឺត»។

ជាក់ស្តែងទិន្នន័យការនាំចេញរបស់ចិននៅក្នុងខែធ្នូបានបង្ហាញពីការដាំក្បាលចុះអស់ជិត១០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈការចំណាយរបស់ពលរដ្ឋចាប់ផ្តើមមានតិច តាំងពីខែវិច្ឆិកា ហើយការវិនិយោគក៏មិនមានច្រើនដូចមុន។

ដោយឡែក អ្នកវិភាគរបស់ធនាគារ Rabobank លោក Teeuwe Mevissen បានលើកឡើងថា ក្រៅតែវិស័យស្នូល៣ដែល លោកចាង មីង បានរៀបរាប់ខាងលើ វិបត្តិនៅក្នុងវិស័យអចលនទ្រព្យក៏នៅតែជាបន្ទុកធ្ងន់ធ្វើឱ្យសេដ្ឋកិច្ចចិនដើរអូសជើងដែរ។ វិបត្តិអចលនទ្រព្យនៅប្រទេសចិនដែលគេចាំមិនភ្លេចឡើយ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានកំពូលរបស់ចិន Evergrande បច្ចុប្បន្នកំពុងផុងជើងក្នុងបំណុលរាប់ពាន់លានដុល្លារ។

ចាប់តាំងពី Evergrande ស្ទើរដួលរលំមក អ្នកអភិវឌ្ឍអចលនទ្រព្យតូចៗឯទៀត សុទ្ធសឹងតែជួបភាពលំបាកលំបិនក្នុងវិស័យមួយនេះ។ ទោះយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំង បានខ្នះខ្នែងដាក់ចេញវិធានការឆ្លើយតបនិងដោះស្រាយ ដើម្បីព្យាយាមស្រោចស្រង់វិបត្តិមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣នេះ ថានឹងអាចងើបឡើងវិញមករកកំណើន ៤,៣% ប៉ុន្តែកំណើននេះក៏នៅមានតិចជាងការរំពឹងទុកពីមុនមកដដែល។ ដោយឡែក សម្រាប់អ្នកជំនាញឯទៀត ដែលត្រូវបានគេចោទសួរ ភាគច្រើនសុទ្ធតែបង្ហាញពីសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ ដោយអ្នកខ្លះចាត់ទុកឆ្នាំនេះ គឺជាឆ្នាំដែលវិលត្រឡប់ទៅរកស្ថានភាពច្បាស់លាស់ឡើងវិញសម្រាប់សេដ្ឋកិច្ចចិន៕




អត្ថបទបន្ទាប់


ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាថយចុះនៅឆ្នាំ២០២២ ប៉ុន្ដែចំណូលពីការនាំចេញកើនឡើងជិត៥០%

ព័ត៌មាន
យោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ ការអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីក…

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ារៃអង្គាសប្រាក់បានជាង១០០លានដុល្លារ ដើម្បីប្រើប្រាស់ប្រឆាំងនឹងរបបសឹក

ព័ត៌មាន
រដ្ឋាភិបាលស្រមោលរួបរួមជាតិរបស់មីយ៉ាន់ម៉ា ហៅកាត់ថា NUG បានប្រកាសថា បានរៃអង្គាសប្រាក់ជាង១០០លានដុល្លារអាមេរិក ដើម្បីផ្តល់ឱ្យមូលនិធិក្រុមរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ