បណ្ដាក្រុមហ៊ុនអវកាសរបស់ប្រទេសសិង្ហបុរី កំពុងពង្រីកវត្តមានរបស់ខ្លួននៅទូទាំងពិភពលោក ដោយកំពុងប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ទំនើប ដើម្បីលក់វានៅទូទាំងពិភពលោកក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសនេះ និងសកលវិទ្យាល័យកំពូលៗលំដាប់ពិភពលោក។
តួយ៉ាងផ្កាយរណបទូរគមនាគមន៍មួយ ដែលបំពាក់ដោយបច្ចេកវិទ្យាកង់ទិចរបស់ក្រុមហ៊ុនសិង្ហបុរី គ្រោងបាញ់បង្ហោះនៅឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសទី១ក្នុងពិភពលោកបន្ទាប់ពីចិន ដែលប្រើបច្ចេកវិទ្យាកង់ទិចនៅលើផ្កាយរណប។
ផ្កាយរណបនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ស្ពិកត្រាល់ (SpeQtral) ដែលមានគោលបំណងបង្កើតប្រព័ន្ធមួយសម្រាប់ផ្ទេរទិន្នន័យសម្ងាត់ប្រកបដោយសុវត្ថិភាពខ្ពស់ដូចជាទិន្នន័យហិរញ្ញវត្ថុជាដើម និងព័ត៌មានសម្ងាត់ផ្សេងៗទៀតពីប្រទេសមួយទៅប្រទេសមួយទៀតដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស្ពិកត្រាល់ (SpeQtral) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយអ្នកសិក្សាស្រាវជ្រាវមួយក្រុមមកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាកង់ទិច នៃសកលវិទ្យាល័យជាតិសិង្ហបុរី (NUS)។
លោក រ៉ូបឺត បេឌីងថុន (Robert Bedington) ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន ស្ពិកត្រាល់ បានលើកឡើងថា ប្រទេសសិង្ហបុរី បានបោះមួយជំហានទៅមុនពិភពលោកហើយក្នុងវិស័យបច្ចេកវិទ្យាកង់ទិច។ ក្រុមហ៊ុននេះបានចាប់ដៃគូសហការជាមួយ បុត្រសម្ព័ន្ធនៃក្រុមហ៊ុនជប៉ុន Toshiba ហើយកំពុងអភិវឌ្ឍន៍មូលដ្ឋានអតិថិជនដែលរួមមានអាជីវកម្ម និងទីភ្នាក់ងាររដ្ឋាភិបាល ផងដែរ។
ឧស្សាហកម្មអវកាសរបស់ប្រទេសសិង្ហបុរី ត្រូវបានគាំទ្រ និងជួយជ្រោមជ្រែងដោយសកលវិទ្យាល័យល្បីៗលំដាប់ពិភពលោក ដូចជាសកលវិទ្យាជាតិ សិង្ហបុរី (NUS) និងសកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) ជាដើម ដែលជាប់ឈ្មោះក្នុងចំណោមសកលវិទ្យាល័យកំពូលទាំង១០របស់ពិភពលោក៕
ដោយ: តែម សុខុម