ការវិនិយោគ

របាយការណ៍ CDC៖ ខេត្តជាប់សមុទ្រចំនួន ៣ ស្រូបទាញ​​លំហូរ​ទុនវិនិយោគចិន បាន២,៦ ពាន់លានដុល្លារអាមេរិក


ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាចំនួន ៣ គឺខេត្តកោះកុង ព្រះសីហនុ និងកំពត បានស្រូបទាញទុនវិនិយោគពីប្រទេសចិន មានទំហំទឹកប្រាក់ ប្រមាណ ២.៦០០លានដុល្លារអាមេរិក ស្មើនឹង១១,៥% នៃទំហំវិនិយោគសរុប នេះបើយោងតាមរបាយការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលគិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០១៩។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើងថា នៅរយៈពេល​៥ឆ្នាំចុងក្រោយនេះ ពិសេស​ចាប់ពីឆ្នាំ២០១៦ រហូតដល់ខែ សីហា​ឆ្នាំ២០១៩ កម្ពុជា​មានភាពទាក់ទាញ​ទទួលបាន​គម្រោង​វិនិយោគ ពីបណ្ដាប្រទេស​ជាច្រើន ក្នុងនោះ ការវិនិយោគ​របស់ចិន មានភាព​លេចធ្លោ​ជាងគេ​ ដោយការវិនិយោគទាំងនោះ ពុំផ្ដោតតែ​លើវិស័យឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប​ប៉ុណ្ណោះទេ ប៉ុន្ដែ វាបានគ្របដណ្ដប់ស្ទើរ​គ្រប់វិស័យ ទាំងអស់។

ឯកឧត្តម ជា វុទ្ធី បន្តថា មានខេត្ត​មាត់សមុទ្រ​របស់កម្ពុជា​ចំនួន ៣​គឺខេត្ត កោះកុង ព្រះសីហនុ និងកំពត កំពុង​ស្រូបទាញ​ការវិនិយោគ​ពីសំណាក់​វិនិយោគិន​ចិន​ច្រើន​គួរឲ្យកត់សម្គាល់។ តួយ៉ាង បើគិត​ចាប់ពីឆ្នាំ២០១៦ មកទល់នឹង​ខែសីហា ឆ្នាំ២០១៩ ខេត្ត​កោះកុង បាន​ស្រូបទាញ​ការវិនិយោគពីចិន បាន​ប្រមាណ ៤៧០ លាន​ដុល្លារអាមេរិក ស្មើនឹង​២% នៃទុនវិនិយោគ​សរុប ខេត្តព្រះសីហនុ ទទួលបាន​ទុនវិនិយោគ ២ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​៨,៩% នៃទុនវិនិយោគសរុប និង​ខេត្តកំពត ទទួលបាន​ទុនវិនិយោគពីចិន​ប្រមាណ ១០០ លាន​ដុល្លារអាមេរិក ស្មើនឹង​០,៥% នៃទុនវិនិយោគសរុប។ 

របាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យដឹងទៀតថា បើពិនិត្យទៅលើ​សកម្មភាព​វិនិយោគជារួម ដែលមានកើនឡើង​ជាបន្តបន្ទាប់នោះ ពោលគឺគិតចាប់​ពីឆ្នាំ២០១៦ ដល់ខែសីហា​ឆ្នាំ២០១៩ សកម្មភាព​វិនិយោគ​តាមវិស័យ​ដែល​លេចធ្លោ​ជាងគេ​គឺវិស័យទេសចរណ៍ ដែលមាន​ប្រមាណ ៤៧% វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​២៤% វិស័យឧស្សាហកម្ម​ និងកម្មន្ដសាល មាន​២៣% និងវិស័យកសិកម្ម និងកសិឧស្សាហកម្ម​មាន​៦% នៃទំហំវិនិយោគ​សរុប។

ដោយឡែក គិតត្រឹម​រយៈពេល ៨ខែ នៃឆ្នាំ២០១៩នេះ បើនិយាយពី​ចំនួន​គម្រោង​វិនិយោគ​នៅក្នុងវិស័យ​ឧស្សាហកម្ម និង​កម្មន្ដសាល​មានការកើនឡើងខ្លាំង ខណៈដែលទុនវិនិយោគ​ក្នុងវិស័យ​ទេសចរណ៍វិញ បាន​ហក់កើនឡើងយ៉ាងគំហុក ប្រមាណ​៩៤% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៨។ ប៉ុន្ដែ សម្រាប់​តួលេខវិនិយោគ​ក្នុងវិស័យ​កសិកម្ម និងឧស្សាហកម្ម និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗវិញ មានការថយចុះ។ 

របាយការណ៍ ពី CDC បាន​បញ្ជាក់ដែរថា សម្រាប់​រយៈពេល​៨ខែ​នៃឆ្នាំ២០១៩នេះ កម្ពុជា​មានគម្រោង​វិនិយោគ ២២២ គម្រោង ដែលមានទុន​វិនិយោគ​ប្រមាណ​ជាង​៦ពាន់លានដុល្លារ​អាមេរិក ពោលគឺមាន​ការកើនឡើង​៨១ គម្រោង និងទុនវិនិយោគ​កើនជិត​២ពាន់​លានដុល្លារ បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៨។

បើយើង​ក្រឡេក​ទៅចាប់អារម្មណ៍ទៅលើ​សកម្មភាព​វិនិយោគ​បរទេស​តាមប្រទេសនីមួយៗ​វិញ តាមរបាយការណ៍​របស់ CDC បញ្ជាក់ថា បើរាប់ចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា​ឆ្នាំ២០១៩ ការវិនិយោគផ្ទាល់​ពីបរទេស​ FDI បាន​ចូលរួមចំណែក​ប្រមាណ ៥៦% នៃការវិនិយោគ​សរុប ក្នុងនោះ ប្រទេស​ចិន​ឈរ​នៅលំដាប់​ទី១ ដែលបាន​វិនិយោគ​ប្រមាណ​ជិត​៨ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​៣៥% នៃទុនវិនិយោគសរុប និងតាមពីក្រោយ​ដោយប្រទេស​ជប៉ុន មាន​៨% និងវៀតណាម មានជិត ៣% នៃទុនវិនិយោគ​សរុប ។ ដោយឡែក ទុនវិនិយោគ​ក្នុងស្រុកវិញ បាន​បន្តឈរ​នៅលំដាប់​លេខ​១ ដែលមានទុន​ប្រមាណ ១០ពាន់លាន​ដុល្លារ ស្មើនឹង​ប្រមាណ​ជិត​៤៥% នៃទុនវិនិយោគសរុប។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​គូសបញ្ជាក់ថា ស្របពេលដែល វិស័យវិនិយោគ​នៅកម្ពុជាមាន​កំណើន ការបង្កើតឱកាស​ការងារក៏មានកាន់តែច្រើនដែរ ជាក់ស្ដែង​តាមរបាយការណ៍​ជាមធ្យម​ក្នុងមួយឆ្នាំៗ វិស័យនេះ បាន​បង្កើតការងារ​ថ្មីៗ ប្រមាណ ១៥ម៉ឺនកន្លែង សម្រាប់​ប្រជាពលរដ្ឋ​៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាស៊ីណូ​កណ្ដាលរាជធានី​ភ្នំពេញ Nagaworld រកចំណូល​បានជាង ១,២ ពាន់លានដុល្លារ នៅ៩ខែឆ្នាំ ២០១៩

ព័ត៌មាន
ក្រុមហ៊ុន Nagacorp Ltd ដែលទទួលបានសិទ្ធិប្រតិបត្តិការកាស៊ីណូនៅកម្ពុជា បានបង្ហាញពីរបាយការណ៍ចំណូលរបស់ខ្លួនកាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០១៩នេ…

ទីក្រុង​រណប​ថ្មី​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ បង្អួត​ខ្លួន​ក្លាយ​ជា​ពេជ្រ​កំពុង​ច្នៃ

ព័ត៌មាន
ក្នុងពេល​បច្ចុប្បន្ន​នេះ ការអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ស្របពេលជាមួយនឹងគម្រោងផែនការអភិវឌ្ឍន៍​ទីក្រុង​របស់​សាលាក្រុង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ