លោក Lee បាននិយាយនៅក្នុងសុន្ទរកថាសំខាន់មួយនៅសន្និសីទស្ដីពី«អនាគតអាស៊ី (Future of Asia)»របស់កាសែត Nikkei នៅទីក្រុងតូក្យូថា នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង បញ្ហាដ៏រសើបមួយចំនួនកំពុងត្រូវបានគេលើកឡើងជាសាធារណៈរួមទាំងបញ្ហាថាតើ ត្រូវអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរដាក់ពង្រាយនៅលើទឹកដីនៃប្រទេសទាំង២នេះ ឬក៏ថាតើគួរតែបោះមួយជំហានបន្ថែមទៀតឆ្ពោះទៅរកការកសាងសមត្ថភាពក្នុងការអភិវឌ្ឍអាវុធបែបនេះឬយ៉ាងណា។
លោក លី បានបន្តថា ប៉ុន្តែប្រសិនបើពួកគេសំឡឹងឃើញតែសន្តិសុខក្នុងតំបន់ ងាកចេញពីទស្សនៈរបស់ប្រទេសនីមួយៗនោះ នៅទីបំផុតពួកគេក៏នឹងអាចមានការប្រណាំងសព្វាវុធគ្នាជាមិនខាន ហើយលទ្ធផលគឺមិនអាចទាយបាននោះទេ»។ ដូច្នេះហើយប្រទេសមួយចំនួនត្រូវតែធ្វើការរួមគ្នាដើម្បីពង្រឹងសន្តិសុខសមូហភាពរបស់ពួកគេផងដែរ។
លោក Lee ក៏បានលើកឡើងពី "ទំនាក់ទំនងដ៏លំបាក" រវាងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ ដោយលោកបានបញ្ជាក់ថា ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងនេះនៅតែបន្តស្ថិតនៅលើផ្លូវខ្វែងគំនិតគ្នាបែបនេះ វានឹងនាំទៅរកការបែកបាក់គ្នាថែមទៀតនៃបច្ចេកវិទ្យា និងការបែកបាក់ខ្សែចង្វាក់ផ្គត់ផ្គង់ ឬក៏អាចបង្កផលវិបាក ដែលគេមិនចង់បានកាន់តែខ្លាំងឡើងៗ។
ដើម្បីជៀសវាងជម្លោះ លោក លី សៀនឡុង បានកត់សម្គាល់ថា សូម្បីតែក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ក៏មានបណ្តាញទំនាក់ទំនងរវាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងសហភាពសូវៀតផងដែរ ហើយបណ្តាញបែបនេះចាំបាច់ត្រូវធ្វើការដោះស្រាយ និងបង្កើតឡើងរវាងសហរដ្ឋអាមេរិក និងចិន និងរវាងប្រទេសដទៃទៀតដែលមានជម្លោះជាមួយគ្នា។
លោក Lee បានគូសបញ្ជាក់ពីចំណុចប៉ះទង្គិចគ្នាមួយចំនួន ដែលបានកើតឡើងនៅក្នុងតំបន់អាស៊ីផ្ទាល់។ លោក Lee បាននិយាយដោយសំដៅទៅលើភាពតានតឹងនៅឧបទ្វីបកូរ៉េ នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងថា ប្រទេសពាក់ព័ន្ធនឹងបញ្ហាទាំងនេះត្រូវតែមានស្មារតី ប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងបញ្ហាក្ដៅដែលងាយនឹងកើតមានជម្លោះជាយថាហេតុ។
ប្រសិនបើចំណុចក្ដៅទាំងនេះគ្រប់គ្រងមិនបានត្រឹមត្រូវទេនោះ លោក លី បានព្រមានថា ការគណនាមិនត្រឹមត្រូវ ឬក៏គ្រោះថ្នាក់ណាមួយអាចបង្កឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងឡើងដែរ។
លោក លី បានសង្កត់ធ្ងន់ចុងក្រោយថា ទោះជាសហរដ្ឋអាមេរិកនិងចិនមិនត្រូវគ្នាកាន់តែខ្លាំងឡើងក៏ដោយ ប្រទេសភាគច្រើនមិនចង់បង្ខំចិត្តងាកទៅគាំទ្រភាគីណាមួយឡើយព្រោះវានឹងមិនមានលទ្ធផលល្អនោះទេប្រសិនបើបណ្តាប្រទេសនៅអាស៊ីបែកបាក់គ្នាជាពី ២ ក្រុមដោយមួយក្រុមឈរនៅខាងអាមេរិក ហើយមួយក្រុមទៀតនៅខាងចិនមែននោះ៕
អត្ថបទ៖ សុខ ជា