ពាក់ព័ន្ធនឹងគោលគំនិតនៃមជ្ឈភាពអាស៊ាន លោក លី បានសង្កត់ធ្ងន់ថា សមាជិកទាំង១០ ប្រទេសរបស់អាស៊ាននេះ ត្រូវតែរួបរួមគ្នានិងស៊ីសង្វាក់គ្នា។ គោលគំនិតនេះសំដៅលើសមាគមថ្នាក់តំបន់ដែលកំពុងអង្គុយលើកៅអីអ្នកកាច់ចង្កូត ហើយបង្កើតលទ្ធផលដែលជះឥទ្ធិពលលើតំបន់អាស៊ីអាគ្នេយ៍ ជំនួសឱ្យការទុកឱ្យភាគីខាងក្រៅជាអ្នកចាត់ចែងជោគវាសនារបស់តំបន់នេះ។
កាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំអាស៊ានបានចូលរួមប្រជុំកំពូល, លោក លី បាននិយាយថា យើងត្រូវការឱ្យអាស៊ានរួបរួមគ្នា ចុះសម្រុងគ្នា មានប្រសិទ្ធភាព ដើរតួនាទីស្នូល។ ប្រសិនបើអាស៊ានមិនមានលក្ខណៈទាំងអស់ខាងលើនេះទេ អាស៊ាននឹងគ្មានមជ្ឈភាពឡើយ ពោលគឺគេអាចនិយាយអ្វីទាំងអស់ដែលគេចូលចិត្តអំពីមជ្ឈភាពអាស៊ាន និងលើកស្ទួយវា ប៉ុន្តែវាគ្រាន់តែជាពាក្យពេចន៍ប៉ុណ្ណោះ។
ការអះអាងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីបែបនេះ បានធ្វើឡើងនៅពេលបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ រយៈពេល ២ ថ្ងៃ។
ឆ្លើយតបទៅនឹងសំណួរជុំវិញថាតើអាស៊ាននឹងបន្តទំនាក់ទំនងគ្នាយ៉ាងណានោះ លោក លី បានគូសបញ្ជាក់ពីតួនាទីដែលសមាគមនេះបានបំពេញសម្រាប់សមាជិករបស់ខ្លួនថា ពិភពលោកមានបញ្ហាកាន់តែច្រើន ពិភពលោកត្រូវការក្បូនសង្គ្រោះជីវិតកាន់តែខ្លាំង ហើយអាស៊ានគឺជាក្បូនជីវិតរបស់ពួកគេ ពោលគឺវាជាក្បូនជីវិតសម្រាប់សមាជិកអាស៊ានទាំងអស់ ព្រោះថាប្រសិនបើនិយាយពីបរិបទសកលវិញ គឺប្រទេសអាស៊ាននីមួយៗមិនធំនោះទេ។
លោកនាយករដ្ឋមន្ត្រីរូបនេះបានលើកជាឧទាហរណ៍ថា ដូចប្រទេសសិង្ហបុរីជាដើមគឺប្រទេសនេះតូចណាស់ប៉ុន្តែប្រសិនបើសិង្ហបុរីរួមគ្នាជាមួយប្រទេសអាស៊ានផ្សេងទៀត នោះវាជាទម្ងន់សេដ្ឋកិច្ចដ៏សំខាន់មួយ និងជាសំឡេងមួយដែលអាចធ្វើអ្វីមួយក្នុងកិច្ចការតំបន់ផងដែរ។
ជាមួយផលិតផលក្នុងស្រុកសរុបរួមបញ្ចូលគ្នា ទំហំជាង ៣,៤ ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ អាស៊ានគឺមានសេដ្ឋកិច្ចធំជាងគេទី ៥ របស់ពិភពលោក ហើយកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៤ នៅឆ្នាំ ២០៣០។
នាយករដ្ឋមន្ត្រី លី ស៊ាន ឡុង បានបញ្ជាក់ថា ខណៈដែលអាស៊ានមិនអាចកំណត់លទ្ធផលនៃកិច្ចការពិភពលោកបានទេនោះ សមាគមនេះអាចនិយាយនិងមានសិទ្ធិឱ្យគេស្តាប់ខ្លួន។ លោក លី បានបន្តថា ប្រសិនបើសមាជិកអាស៊ានអាចធ្វើការរួមគ្នាកាន់តែច្រើនក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច គឺដៃគូរបស់អាស៊ានកាន់តែចង់សហការជាមួយតំបន់នេះ និងយកចិត្តទុកដាក់ចំពោះអាស៊ានយ៉ាងខ្លាំងទៀតផង៕