អាមេរិកដាក់ទណ្ឌកម្មលើចិននិងរុស្ស៊ីក្នុងបរិបទថ្មី

តើសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតអ្វីខ្លះទៅលើរុស្ស៊ី និងចិន?


មន្ត្រីអាមេរិកពីររូបបានទម្លាយប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩ ខែធ្នូនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី និងចិន ដែលក្នុងនោះ រួមមានការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូលើការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ រីឯការដាក់ទណ្ឌកម្មលើប្រទេសចិនវិញ គឺពាក់ព័ន្ធនឹងការនេសាទខុសច្បាប់នៅតំបន់សមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិកដាក់ទណ្ឌកម្មលើចិន និងរុស្ស៊ីក្នុងបរិបទថ្មី!

ក្រុមមន្ត្រីអាមេររិកទាំងនោះបាននិយាយថា ទណ្ឌកម្មក៏នឹងកំណត់គោលដៅអង្គភាព និងក្រុមហ៊ុនរបស់ចិនប្រហែល ១៧០ ផ្សេងទៀត ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាការនេសាទខុសច្បាប់នៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងនេសាទហួសកម្រិត និងប្រើប្រាស់កងនាវានេសាទរបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលដែនសមុទ្ររបស់ទីក្រុងប៉េកាំង។ គួរជម្រាបថា ទណ្ឌកម្មថ្មីនេះ ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត Wall Street Journal ។

ទណ្ឌកម្មជាច្រើននឹងត្រូវយកមកអនុវត្តក្រោមច្បាប់ (Global Magnitsky Act) ដែលជាច្បាប់ឆ្នាំ២០១​៦ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលបរទេសទូទាំងពិភពលោកដែលត្រូវបានគេចាត់ទុកថា ជាអ្នករំលោភសិទ្ធិមនុស្ស ដោយបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់មិនឱ្យចូលក្នុងប្រទេសអាមេរិក។

ក្រៅតែពីការដាក់ទណ្ឌកម្ម​ចំពោះប្រទេសចិនហើយនោះ សហរដ្ឋអាមេរិកក៏បានថ្កោលទោសចំៗនៃការនាំចេញយន្តហោះគ្មានមនុស្សបើកយោធារបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី​សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែនផងដែរ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានស៊ើបដឹងថា អ៊ីរ៉ង់នៅតែបន្តផ្គត់ផ្គង់យន្តយោះដ្រូនទៅឱ្យទីក្រុងម៉ស្គូ។

ដូច្នេះហើយ បើតាមក្រុមមន្ត្រីសេតវិមានបាននិយាយថា ទណ្ឌកម្មថ្មីនេះ​ត្រូវបានគេរំពឹងថា នឹងកំណត់គោលដៅអង្គភាពឧស្សាហកម្មការពារជាតិរុស្ស៊ីមួយចំនួន ដែលពាក់ព័ន្ធនឹងការផ្ទេរយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់​ទៅកាន់ប្រទេសរុស្ស៊ីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃ​ទី ៨ខែធ្នូដែរថា ប្រទេសចិនចង់បានទំនាក់ទំនងដែលមានស្ថិរភាព​ជាមួយសហរដ្ឋអាមេរិក​ក្នុងរយៈពេលដ៏ខ្លី ខណៈដែលប្រទេសនេះ​ប្រឈមមុខ​នឹង​បញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងការកើនឡើង​នៃទំនាក់ទំនង​ការទូតចិនក្នុងតំបន់អាស៊ី។

លោក Campbell បាន​ប្រាប់​ព្រឹត្តិការណ៍​​វេទិកា​សន្តិសុខ Aspen ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដោយ​លើក​ឡើង​អំពី​ជម្លោះ​​ទឹកដី​របស់​ចិន​​ជាមួយ​ជប៉ុន និង​ឥណ្ឌា​ថា​៖ «​ពួកគេ​បាន​បន្ត​​ប្រជែង​ជាមួយ​ប្រទេស​​ជាច្រើន​ក្នុង​ពេល​​ដំណាលគ្នា»។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ លោកថា ពិភពលោកនឹងឃើញ «ការចាប់ផ្តើមឡើងវិញនៃធាតុជាក់ស្តែង និងអាចព្យាករណ៍បានបន្ថែមទៀតនៃទំនាក់ទំនងការទូតមហាអំណាច»​ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

លោក ខាំបេល បានបន្ថែមថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបាននាំឱ្យ​មានការពិភាក្សានៅពីក្រោយឆាកជាច្រើនទៀតនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក អំពីការរក្សាសន្តិភាព និងស្ថិរភាពលើកោះតៃវ៉ាន់ ដែលជាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែលចិនអះអាងថាជាទឹកដីរបស់ខ្លួននោះ។

មែនទែនទៅ​ អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងសន្តិសុខកាលពីឆ្នាំមុនដែលគេស្គាល់ថា AUKUS ដែលនឹងផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យាដើម្បីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយវាក៏ជាកិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេបានពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះផងដែរ៕




អត្ថបទបន្ទាប់


ពិភពលោកកំពុងប្រទះវិបត្តិអតិផរណាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ខណៈសេណារីយ៉ូអាក្រក់ជាងនេះក៏អាចកើតឡើង

ព័ត៌មាន
បច្ចុប្បន្នមនុស្សជាតិនៅទូទាំងពិភពលោក កំពុងជួបប្រទះអតិផរណា កើនឡើងដល់កំរិតមួយ ដែលគេមិនធ្លាប់បានឃើញអស់ពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ជាហេ…

ប្រទេសជប៉ុនចាប់ដៃជាមួយអង់គ្លេស និងអ៊ីតាលី ផលិតយន្តហោះចម្បាំងថ្មីដ៏ទំនើប

ព័ត៌មាន
ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃសុក្រទី៩ធ្នូនេះថា ខ្លួននឹងរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនជាមួយចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី ខណៈ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ