អាជ្ញាធរសិង្ហបុរី កំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វែងរកព័ត៌មានក្លែងក្លាយ មានឈ្មោះថា Aletheia ដែលអាចមានសមត្ថភាពក្នុងការជូនដំណឹងភ្លាមៗអំពីព័ត៌មានក្លែងក្លាយ និងបុគ្គលពាក់ព័ន្ធ។ តាមរយៈប្រព័ន្ធស្រាវជ្រាវតាមអ៊ីនធឺណិតនេះ អ្នកប្រើប្រាស់មិនចាំបាច់ចាត់វិធានការបន្ថែម ដូចជាថតវីដេអូនៃរូបភាពគួរឱ្យសង្ស័យ និងបង្ហោះទៅកាន់ Cloud នោះទេ ដោយសារប្រព័ន្ធនេះអាចមានសមត្ថភាពស្រាវជ្រាវរកឲ្យឃើញសកម្មភាពក្លែងបន្លំរហូតដល់៩០%។
បន្ថែមលើនេះ អ្នកជំនាញរបស់ក្រុមហ៊ុន Singapore Technologies Engineering ដែលជាក្រុមហ៊ុនការពារជាតិ ដែលគាំទ្រដោយរដ្ឋ ក៏កំពុងបង្កើតឧបករណ៍រាវរកដែលមានសមត្ថភាពវិភាគព័ត៌មានយ៉ាងទូលំទូលាយលើសារសំឡេង វីដេអូ និងអត្ថបទ ដើម្បីវែករកព័ត៌មានក្លែងក្លាយ និងអត្តសញ្ញាណក្លែងក្លាយផ្សេងៗផងដែរ។
ជាមួយគ្នានេះ លោក តាន អា ធួន (Tan Ah Tuan )ប្រធានក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Ensign Labs បានលើកឡើងថា និន្នាការគន្លឹះថ្មីៗដែលខ្លួនបានរកឃើញ គឺ AI ត្រូវបានគេប្រើវាជាទូទៅមិនត្រឹមតែដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែអ្នកវាយប្រហារ ក៏អាចប្រើវា ដើម្បីវាយប្រហារអ្នកប្រើប្រាស់ផងដែរ។
ដោយឡែក លោកស្រី ជូសេហ្វីន តេវ (Josephine Teo) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មានបាននិយាយថា សិង្ហបុរីត្រូវធ្វើឱ្យការបោះឆ្នោតនៅសិង្ហបុរី ប្រព្រឹត្តទៅដោយយុត្តិធម៌ ស្មោះត្រង់ និងឈរលើមូលដ្ឋាននៃការពិតមិនមែនជារឿងប្រឌិត៕
ដោយៈ សរ សុជាតិ