ការឆបោកតាមប្រព័ន្ធអនឡាញ

ប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗជាច្រើនរួមទាំង UN, FBI, INTERPOL នឹងមកជួបប្រជុំគ្នានៅភ្នំពេញ ដើម្បីរកវិធីរួមគ្នាកាត់ផ្ដាច់ខ្សែច្រវាក់ការឆបោកតាមប្រព័ន្ធអនឡាញ


តំណាងប្រទេសជាង ២០ និង អង្គការអន្តរជាតិធំៗជាច្រើន រួមទាំង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBIអាមេរិក, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន និង ឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកUNODC, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL, នគរបាលសហព័ន្ធអូស្ត្រាលី , ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ , នឹងបានមកជួបជុំគ្នានៅរាជធានីភ្នំពេញ។
ការឆបោកតាមប្រព័ន្ធអនឡាញ
ដោយ

ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមអ្នកវិភាគ និងអ្នកជំនាញមើលឃើញថា វេទិកាអន្តរជាតិនេះ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការលុបលាងមន្ទិលសង្ស័យស្តារមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយស ក៏ដូចជាជម្រះនូវរាល់ការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ខណៈក្រុមអ្នកជំនាញក៏បានសង្កត់ធ្ងន់ពីបញ្ហាចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែននេះផងដែរ។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានលើកឡើងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសស្កេមអនឡាញ និងជម្រះមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងកម្ពុជា។ លោកបណ្ឌិតយល់ឃើញថា វេទិកានេះអាចជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសស្កេមអនឡាញ ដែលវាផ្ទុយពីអ្វីដែលថៃបានចោទប្រកាន់មកលើកម្ពុជា។ លោកបន្តទៀតថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនមានតែនៅកម្ពុជានោះទេ ប៉ុន្តែក៏កើតមាននៅប្រទេសផ្សេងៗក្នុងតំបន់ដូចជាថៃ ឡាវ ភូមា និង វៀតណាមផងដែរ។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញទៅកាន់ដៃគូអន្តរជាតិអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសបច្ចេកវិទ្យាឆ្លងដែនមួយនេះ។ តែយ៉ាងណាលោកសង្កេតឃើញថា បើទោះបីជាកម្ពុជាបានបង្កើត និងដាក់ចេញយន្តការបង្ក្រាបបទល្មើសបច្ចេកវិទ្យាជាបន្តបន្ទាប់ក្តី តែហាក់នៅមានចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ ជាពិសេសនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានចាត់ទុកការចូលរួមរបស់ប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗជាច្រើននៅក្នុងសន្និសីទនេះថា ជាឱកាសសំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈវត្តមានរបស់ប្រទេសមហាអំណាចដូចជាសហរដ្ឋអាម៉េរិក និងចិន ព្រមទាំងស្ថាប័នអន្តរជាតិធំៗនឹងអាចជួយឱ្យកម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសស្កេមអនឡាញ និងលើកឡើងពីបញ្ហាដែលកម្ពុជាចង់ឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់។ លើសពីនេះវេទិកាអន្តរជាតិនេះអាចជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញជំហរ និងបកស្រាយចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ និងបញ្ហាតាមព្រំដែនកម្ពុជា-ថៃ។
គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២៣-២៤ ខែកញ្ញា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមានការចូលរួមពីតំណាងប្រទេស និងអង្គការអន្តរជាតិធំៗប្រមាណ ៣០រួមមាន អង្គការសហប្រជាប្រជាជាតិ, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol), មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក និង មូលនិធិរូបិយវត្ថុអន្តរជាតិ IMF៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមវេទិកាសេដ្ឋកិច្ចកាតា ក្រោមការរៀបចំ​ពិសេស​អមមហាសន្និបាត​អង្គការ​សហប្រជាជាតិ (UNGA) ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ – អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន WorldBridge Group បានអ…

ផ្សារទំនើប ឡាក់គី បន្តលើកកម្ពស់ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព តាមរយៈការដាំកូនឈើ និងការគាំទ្រសហគមន៍នៅខេត្តកំពង់ស្ពឺ

ជាផ្នែកមួយនៃខែនិរន្តរភាពឆ្នាំ២០២៦ ផ្សារទំនើបឡាក់គី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមដាំដើមក្ងោកចំនួន ២,០០០ ដើម និងបានចែករំលែកនំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ