ការចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងជំនួបខាងក្រៅមហាសន្និបាតលើកទី៧៤ របស់អង្គការសហប្រជាជាតិ។
កិច្ចព្រមព្រៀង (អនុស្សរណៈនៃការយោគយល់គ្នា) ឆ្នាំ១៩៩០ ត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ និងអនុប្រធានាធិបតីសម័យនោះ លោក Dan Quayle និងជាកិច្ចព្រមព្រៀងសំខាន់មួយ ដែលសម្រួលដល់ការប្រើប្រាស់របស់សហរដ្ឋអាមេរិក នូវមូលដ្ឋានទ័ពអាកាសនិងមូលដ្ឋានទ័ពជើងទឹករបស់សិង្ហបុរី ព្រមទាំងផ្ដល់ការគាំទ្រផ្នែកភ័ស្ដុភារ ដល់ទាហាន យន្តហោះចម្បាំង និងនាវាចម្បាំងរបស់អាមេរិកដែលឆ្លងកាត់សិង្ហបុរី។
កិច្ចព្រមព្រៀងនេះ ក៏បានពង្រឹងវត្តមានសន្តិសុខរបស់អាមេរិក នៅក្នុងតំបន់ អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ផងដែរ។
ក្នុងឱកាសចុះហត្ថលេខាបន្តកិច្ចព្រមព្រៀង លោក លី សៀនឡុង បាននិយាយថា វាជាការឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោក លី បាននិយាយដូច្នេះថា «យើងបានធ្វើបច្ចុប្បន្នភាព[កិច្ចព្រមព្រៀង] ម្ដងរួចហើយ កាលពីមុន គឺឆ្នាំ២០០៥ ហើយយើងរីករាយណាស់ដែលធ្វើបច្ចុប្បន្នភាពវាជាថ្មីម្ដងទៀត ដើម្បីពន្យារពេល ១៥ឆ្នាំបន្ថែមទៀត។ វាឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការល្អរបស់យើង លើបញ្ហាការពារជាតិ រវាង សហរដ្ឋអាមេរិក និងសិង្ហបុរី ក៏ដូចជា កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀត ដែលយើងមានជាមួយគ្នានៅក្នុងវិស័យជាច្រើនទៀត ក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ប្រយុទ្ធប្រឆាំងភេរវកម្ម និង វប្បធម៌ និងការអប់រំ»។
លោក លី បន្ថែមថា «យើងសប្បាយរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់យើង យើងសង្ឃឹមថា វានឹងកាន់តែរឹងមាំថែមទៀត ហើយយើងសង្ឃឹមថា វាក៏នឹងជាមធ្យោបាយមួយដើម្បីឲ្យសហរដ្ឋអាមេរិកពង្រឹងការចូលរួមរបស់ខ្លួនកាន់តែស៊ីជម្រៅថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ប៉ាស៊ីហ្វិក»។
ក្រសួងការពារជាតិសិង្ហបុរី និយាយថា កិច្ចព្រមព្រៀងឆ្នាំ១៩៩០ គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងវិស័យការពារជាតិទ្វេភាគីជាច្រើនរវាងសិង្ហបុរីនិងអាមេរិក។
កាលពីឆ្នាំ២០០៥ លោក លី និងអតីតប្រធានាធិបតីអាមេរិក George W Bush បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយុទ្ធសាស្ត្រ ឆ្នាំ២០០៥ សម្រាប់ភាពជាដៃគូសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខ ដែលតាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានទទួលស្គាល់សិង្ហបុរីជាដៃគូសហប្រតិបត្តិការសន្តិសុខដ៏ធំមួយរបស់សហរដ្ឋអាមេរិក៕