នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡូរ៉េន វង្ស បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមីនា ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី ចំពេលដែលពិភពលោកកំពុងរងការរំខានដោយសារជម្លោះពាណិជ្ជកម្ម។ លោកបានសង្កត់ធ្ងន់ថា ទីផ្សារក្នុងស្រុកដ៏មហិមារបស់ចិន គឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់តំបន់ ហើយទីក្រុងប៉េកាំង គឺជាអ្នកតស៊ូមតិដ៏រឹងមាំម្នាក់ក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរី និងបើកចំហ ដែលផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងនោះលោក ក៏បានរំលេចពីសមិទ្ធផលរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាឧទាហរណ៍ជាក់ស្តែង។
មេដឹកនាំសិង្ហបុរីរូបនេះ ក៏បានផ្ញើសារដាស់តឿនឱ្យបណ្តាប្រទេស ដែលមានទស្សនវិស័យសេដ្ឋកិច្ចស្រដៀងគ្នាបង្កើតនូវយន្តការពហុភាគីខ្នាតតូច ដើម្បីបត់បែនតាមស្ថានភាពជាក់ស្តែង ខណៈដែលកិច្ចព្រមព្រៀងពហុភាគីធំៗលើសកលលោកកំពុងជាប់គាំង។ លោកជឿជាក់ថា នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីរក្សាចរន្តពាណិជ្ជកម្មពិភពលោកឱ្យនៅមានដង្ហើម។
គួររំលឹកថា នេះគឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក ឡូរ៉េន វង្ស ទៅកាន់ប្រទេសចិនចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០២៤។ កន្លងមក លោក ធ្លាប់បានព្រមានអំពីគ្រោះថ្នាក់ នៃពិភពលោក ដែលបែកបាក់ និងគ្មានសណ្តាប់ធ្នាប់ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន និងបានបញ្ឆេះកម្តៅពាណិជ្ជកម្ម ដែលនៅតែបន្តអូសបន្លាយមកទល់បច្ចុប្បន្ន។
បច្ចុប្បន្នមិនត្រឹមតែសិង្ហបុរីនោះទេ ប៉ុន្តែមេដឹកនាំបណ្តាប្រទេសអាស៊ានភាគច្រើន សុទ្ធតែបានចាត់ទុកប្រទេសចិនថា ជាដៃគូយុទ្ធសាស្ត្រ និងពាណិជ្ជកម្មដ៏ចម្បង ដែលមិនអាចខ្វះបានសម្រាប់អនាគតសេដ្ឋកិច្ចរបស់ខ្លួន៕
ដោយៈ សរ សុជាតិ