ករណីតានតឹងនៅអ៊ុយក្រែន

ករណីតានតឹងនៅអ៊ុយក្រែន៖ អាមេរិកបដិសេធការទាមទាររបស់រុស្សី


សហរដ្ឋអាមេរិកអះអាងថា ខ្លួន និងអង្គការណាតូ មិនបានយល់ស្របទាំងស្រុងទៅតាមការចង់បានរបស់រុស្សីឡើយ ជុំវិញបេក្ខភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ និង ឥទ្ធិពលរបស់អង្គការយោធាមួយនេះនៅក្នុងតំបន់អឺរ៉ុបខាងកើត។ ការឆ្លើយតបដូចនេះ ធ្វើឡើងបន្ទាប់ពីភាគីអាមេរិក និងភាគីរុស្សីបានជួបពិភាក្សាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅអ៊ុយក្រែន និងជាការឆ្លើយតបនឹងការទាមទាររបស់រុស្សីផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខេន

គេនៅចាំបានថា រុស្ស៊ីបានទាមទារឲ្យអាមេរិក និងអង្គការណាតូ ត្រូវសន្យាឈប់រើសសមាជិកថ្មីចូលបន្ថែម ពិសេស គឺមិនត្រូវឲ្យ អ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូឡើយ ហើយត្រូវឈប់ធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនរុស្ស៊ីតទៅទៀត។ ភាគីរុស្ស៊ីបានលើកឡើងនូវចំណុចមួយទៀតផងដែរ ដោយទាមទារឲ្យអង្គការណាតូ ដកទ័ពចេញពីប្រទេសចំនួន១៤ ដែលជាអតីតសមាជិកសហភាពសូវៀតឲ្យអស់ ក្នុងនោះមានដូចជា ប៊ុលការី និង រ៉ូម៉ានីជាដើម។

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានច្រានចោលការទាមទាររបស់រុស្ស៊ី នេះ ដោយឆ្លើយតបថា ខ្លួននៅតែបន្តការប្ដេជ្ញាចិត្តក្នុងការរក្សាគោលនយោបាយ បើកចំហ សម្រាប់អង្គការណាតូ។ ក្នុងន័យនេះ អាមេរិកចង់សំដៅថា អង្គការណាតូនៅតែបើកចំហទទួលយកសមាជិកថ្មីៗដដែល ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានប៉ះប៉ូវវិញថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសំណើផ្សេងទៀត ដូចជាការគ្រប់គ្រងសព្វាវុធ និងវិធានការកសាងទំនុកចិត្តរវាងគ្នាជាដើម ធ្វើយ៉ាងណា ធានាឲ្យបានសន្តិសុខនៅក្នុងតំបន់ ឆ្លើយតបនឹងក្តីបារម្ភរបស់វិមានក្រឹមឡាំង។ នេះបើតាមការអះអាងដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខេន។

លោកប្ល៊ីនខេន បានបន្តប្រាប់អ្នកយកព័ត៌មានថា ឯកសារស្តីពីគោលការណ៍ទាំងនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរុស្សីរួចរាល់ហើយ នៅឡើយតែរង់ចាំការឆ្លើយតបពីក្រុងម៉ូស្កូប៉ុណ្ណោះ។ លោកសង្ឃឹមថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចទទួលយកការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន ហើយនិងឈានដល់ដំណាក់កាលបន្ទាប់ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើរុស្សីត្រូវការពេលប៉ុន្មានដើម្បីឆ្លើយតបនឹងការសម្រេចរបស់អាមេរិក និង អង្គការណាតូ? អនុរដ្ឋមន្ត្រីការបរទេសរុស្សី អាឡិចហ្សាន់ឌឺ គ្រូសកូ (Alexander Grushko) បានឆ្លើយតបថា យើងមិនទាន់ដឹងនៅឡើយទេ តែយើងនឹងត្រួតពិនិត្យសិក្សាអំពីវាឲ្យបានច្បាស់លាស់សិន។

សូមជម្រាបថា ទោះកិច្ចចរចា និងពិភាក្សាគ្នាកំពុងបន្តធ្វើរវាងថ្នាក់ដឹកនាំប្រទេសធំៗទាំងពីរនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅអ៊ុយក្រែនក្តី ប៉ុន្តែសកម្មភាពយោធាហាក់មិនមានភាពស្រាកស្រាន្តឡើយ។ ជាក់ស្តែង រុស្សីបានបង្កើនការធ្វើសមយុទ្ធយោធារបស់ខ្លួនទាំងដែនទឹក និងដែនគោក គួបផ្សំនឹងការចល័តទ័ពជាប្រចាំផងដែរ។

កាលពីថ្ងៃពុធទី២៦មករា រុស្សីបានបញ្ចូន ទាហានឆ័ត្រយោង និងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់ប្រទេសបេឡារុសជាប់ព្រំប្រទល់ភាគខាងជើងនៃប្រទេសអ៊ុយក្រែន សម្រាប់អ្វីដែលក្រុងម៉ូស្កូហៅថា ជាសមយុទ្ធយោធារួមគ្នា។

ដោយឡែកសារព័ត៌មាន The Telegraph បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលអង់គ្លេសថា ពួកគេកំពុងពិចារណាបញ្ជូនទាហានទៅកាន់អឺរ៉ុបខាងកើតឲ្យបានមុនពេលការលុកលុយ របស់រុស្ស៊ីមកកាន់អ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកក៏បានដាក់កងទ័ពប្រមាណ ៨៥០០នាក់ឲ្យប្រុងជើងការត្រៀមចូលរួមជាមួយទ័ពសម្ព័ន្ធដើម្បីជួយអ៊ុយក្រែនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុគសម័យបច្ចេកវិទ្យាកម្ពុជា ៤.០ បានផ្តល់ដំណោះស្រាយសាមញ្ញ ងាយស្រួល និងរហ័ស សម្រាប់តម្រូវការសាច់ប្រាក់បន្ទាប់ដល់អាជីវកម្ម

ព័ត៌មាន
ពិតមែនហើយ សម្រាប់អាជីវកម្មមួយដែលចាំបាច់ត្រូវពង្រីក ឬតម្រូវការសាច់ប្រាក់ជាបន្ទាន់ ម្ចាស់អាជីវកម្មគ្រប់រូបតែងតែមានវិធីសាស្រ្តដោះស្រាយរៀងៗខ្ល…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៦ ក្នុងពេលមិនដល់មួយខែ

ព័ត៌មាន
រំលងបានតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសាកល្បងមីស៊ីលប្រដេញ ស្រាប់តែនៅថ្ងៃព្រហស្បតិ៍ទី២៧មករានេះ កូរ៉េខាងជើងត្រូវបានយោធាកូរ៉េខាងត្បូងរាយការណ៍ថា បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ