វិស័យថាមពល

អ្នកជំនាញចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកម្ពុជា ជាឱកាសក្នុងការធ្វើពិពិធកម្មទីផ្សារប្រេង ក្រោយកម្ពុជា បិទការនាំចូលពីថៃ


លោក ឡរ៉ែន វង់ (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
វិស័យថាមពល
ដោយ

អ្នកជំនាញសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ បានចាត់ទុកដំណើរទស្សនកិច្ចរបស់មេដឹកនាំសិង្ហបុរីនេះ វាជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការជជែកពីការធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយសិង្ហបុរី ពិសេសទីផ្សារប្រេង ស្របពេលកម្ពុជា កំពុងបិទការនាំចូលប្រេង និងឧស្ម័នពីប្រទេសថៃ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជាគួរតែធ្វើពិពិធកម្មជាមួយបណ្ដាប្រទេសដទៃផ្សេងទៀត ដូចការដោះពាណិជ្ជកម្មជាដើម ដើម្បីជៀសវាងមានប្រតិបិត្តការពាណិជ្ជកម្មជាមួយប្រភពដដែល ដែលអាចនាំឱ្យកម្ពុជា អាចជួបវិបិត្តរាំងស្ទះសេដ្ឋកិច្ច ដូចករណីជាមួយប្រទេសថៃ។ អ្នកជំនាញរូបនេះ ជឿជាក់ថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ែន វង់ (Lawrence Wong) នៅកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជា អាចនឹងជជែកពាក់ព័ន្ធការនាំចូលប្រេង តាមរយៈការធ្វើពិពិធកម្មជាមួយប្រទេសសិង្ហបុរី សម្រាប់បំពេញបន្ថែមនៅកង្វះខាតផ្សេងៗ។ តួយ៉ាង តាមរយៈកិច្ចសហប្រតិបិត្តការល្អជាមួយសិង្ហបុរី ក៏បានបង្ហាញថា កម្ពុជា ក៏មានសមត្ថភាពស្វែងរកដៃពាណិជ្ជកម្មមកបំពេញបន្ថែមផ្សេងទៀត ក្រៅពីប្រទេសថៃ ផងដែរ។

​មិនខុសគ្នានោះទេ លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជានាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ឃើញថា ការធ្វើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ែន វង់ មកកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ វាជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រីកទំនាក់ទំនាក់នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាឱកាសដែលកម្ពុជា អាចជជែកនាំចូលប្រេងពីសិង្ហបុរី ផងដែរ។ ដោយសារសិង្ហបុរី មានកំពង់ផែអន្តរជាតិ អ្នកជំនាញរូបនេះជឿថា ការនាំចូលប្រេងពីសិង្ហបុរី អាចជាច្រកផ្គត់ផ្គង់មួយដែលចាំបាច់ ស្របពេលកម្ពុជា កំពុងមានបញ្ហាវិវាទព្រំដែនជាមួយថៃ និងបិទការនាំចូលប្រេង និងឥន្ធនៈពីថៃ។

​ជាមួយគ្នានេះ លោក​ សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ស្របពេលកម្ពុជា បិទការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃ សិង្ហបុរី អាចជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយសម្រាប់កម្ពុជា ព្រោះសិង្ហបុរី ជាទីផ្សារប្រេងធំមួយនៅលើពិភពលោក។ ដូច្នេះលោកយល់ថា ប្រសិនកម្ពុជា ទិញប្រេងពីសិង្ហបុរី ជារឿងល្អ ហើយក៏អាចមានតម្លៃធូរជាងប្រទេសថៃ ផងដែរ។

​បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ឡរ៉ែន វង់ នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានជំនួបពិភាក្សាទ្វេភាគីមេដឹកនាំកម្ពុជា លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសិង្ហបុរី៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមានទឡ្ហីករណ៍អ្វីខ្លះធ្វើឱ្យអ្នកជំនាញវាយតម្លៃថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នឹងអាចវិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗនេះ?

ភាពតានតឹងរវាងកម្ពុជា និងថៃ បានអូសបន្លាយអស់រយៈពេលជាង១ខែហើយ ចាប់តាំងពីយោធាថៃ បានឆ្មក់ចូលបាញ់ប្រហារបណ្តាលឱ្យយោធាខ្មែរម្នាក់ពលីជីវិតនៅលើ…

តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញម្រេចរបស់កម្ពុជា ឱ្យធ្លាក់ចុះជាង៤៦% នៅ៥ខែឆ្នាំនេះ?

ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជា កាលពីចុងឆ្នាំ២០២៤ កន្លងទៅ មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ទីផ្សារនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ