
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានអះអាងថា បើគ្មានការប្រែប្រួលទេ នៅក្នុងឆ្នាំនេះ ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាបន្តបន្ទាប់ ដែលនឹងជួយឱ្យវិស័យភាគហ៊ុននៅកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ បើតាមថ្នាក់ដឹកនាំរូបនេះ ការកៀរគរ ការវិនិយោគ នៅក្នុងឆ្នាំ២០២៥ នេះ អាចមានការកើនឡើងប្រមាណ២០០លានដុល្លារបន្ថែមទៀត ខណៈនៅប៉ុន្មានឆ្នាំកន្លងមកនេះ ការកៀរគរទុនពីទីផ្សារមានទំហំជិត៥០០លានដុល្លារ។
ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអះអាងថា នៅឆ្នាំ២០២៥ នេះ នឹងមានក្រុមហ៊ុនចំនួន៦ ឬលើសពីនេះមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ បើតាមថ្នាក់ដឹកនាំរូបនេះ នៅក្នុងឆ្នាំ២០២៥ នេះ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានភាពជោគជ័យច្រើន ខណៈឧបករណ៍ហិរញ្ញវត្ថុនៅក្នុងទីផ្សារ បានក្លាយជាជម្រើសរបស់វិនិយោគិន និងជាដំណើរវិវត្តរបស់ទីផ្សារដែលបានរៀបចំធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
បើតាមការគូសបញ្ជាក់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនចំនួន២៤ បានមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៣ បានចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគទុនពីទីផ្សារបានប្រមាណ៤៧៥លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា