

សម្ព័ន្ធភាពនេះ មិនត្រឹមតែជាការផ្ដួចផ្ដើមយ៉ាងសំខាន់សម្រាប់វិស័យឌីជីថលរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃ។ កិច្ចសហការដែលស្ថិតក្រោមមូលបទ "The Digital Crossroad" បង្ហាញពីទស្សនវិស័យដើម្បីសម្រេចបាននូវអន្តរកម្មយ៉ាងជិតស្និតរវាងការតភ្ជាប់ និងសេវាកម្មហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរនឹងបង្កើតឱ្យមាននូវការផ្លាស់ប្ដូរវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា មិនថាសម្រាប់ការបង់ប្រាក់ ការភ្ជាប់ទំនាក់ទំនង ឬការអភិវឌ្ឍខ្លួននៅសម័យឌីជីថលឡើយ។
ភាពជាដៃគូនេះមានគោលបំណងរួមបញ្ចូលសេវាកម្មសំខាន់ៗ និងបណ្តាញភ្នាក់ងារនៅបណ្ដាខេត្តក្រុងនានាដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលបានដំណោះស្រាយ និងសេវាកម្មឌីជីថលបានកាន់តែងាយស្រួល និងលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនេះ ក្រុមហ៊ុន Smart Axiata និងទ្រូម៉ាន់នី ខេមបូឌា នឹងធ្វើការរួមគ្នាដើម្បី៖
- រួមបញ្ចូលការផ្តល់សេវាកម្ម ដើម្បីផ្តល់នូវបទពិសោធន៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមបញ្ចូលគ្នាសម្រាប់អតិថិជន។
-ប្រើប្រាស់បណ្តាញភ្នាក់ងារ និងការផ្គត់ផ្គង់សេវាកម្មតាមប្រព័ន្ធឌីជីថល ដើម្បីបន្ថែមលទ្ធភាពក្នុងការផ្ដល់សេវាកម្មបន្ថែម ជូនដល់តំបន់ដែលពុំបានទទួលនូវសេវាកម្មទូលំទូលាយ។
-ស្វែងរកដំណោះស្រាយឌីជីថលថ្មីៗ ដើម្បីបំពេញតម្រូវការថ្មីៗរបស់ប្រជាជនកម្ពុជា។
-គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល លើផ្នែកបរិយាប័ន្នហិរញ្ញវត្ថុ និងបរិយាប័ន្នឌីជីថល (Financial and Digital Inclusion) តាមរយៈការធ្វើយុទ្ធនាការរួមគ្នាលើការអប់រំ និងការបង្កើនការយល់ដឹង ។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា "ភាពជាដៃគូនេះ បង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុន Smart Axiata និងទ្រូម៉ានី ដើម្បីជំរុញសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន" ។ លោកបានបន្តថា “តាមរយៈការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់យើងជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ទ្រូម៉ាន់នី យើងមានឱកាសបង្កើតនូវដំណោះស្រាយនិងផ្ដល់ជូននូវសេវាកម្មសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងសហគមន៍កម្ពុជា”។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (កម្ពុជា និងមីយ៉ាន់ម៉ា) បានបន្ថែមថា “ក្រុមហ៊ុនទ្រូម៉ាន់នី ជឿជាក់ថា គ្រប់គ្នាមានសិទ្ធិក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការជាមួយ Smart Axiata អនុញ្ញាតឱ្យយើងផ្ដល់សេវាកម្មទៅដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន តាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួល សុវត្ថិភាព និងឆ្លាតវៃ ដែលជំរុញឱ្យសង្គមយើងមានទំនាក់ទំនងកាន់តែប្រសើរ និងអាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសំខាន់ៗ។”
ជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
ភាពជាដៃគូរវាង Smart និងទ្រូម៉ាន់នី ជាគំរូមួយដែលបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាហិញ្ញវត្ថុ អាចសហការគ្នាដើម្បីកាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការចំណាយលើការចែកចាយ និងបម្រើដល់សហគមន៍ តាមរយៈការផ្ដល់នូវដំណោះស្រាយដែលចាំបាច់ និងងាយស្រួលប្រើ។
ពីអាជីវករនៅតាមជនបទ រហូតដល់យុវជននៅទីក្រុង ការផ្ដល់ជូននូវសេវាកម្មរួមបញ្ចូលគ្នានេះ នឹងបំពេញតម្រូវការអតិថិជនបានកាន់តែទូលំទូលាយ។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់សារជាថ្មីថានេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ កិច្ចសហការនាពេលអនាគត នឹងមានលក្ខណៈកាន់តែស៊ីជម្រៅ ជាពិសេសលើការទូទាត់តាមឌីជីថល និងការពង្រឹងបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ព្រមទាំងជ្រោមជ្រែងបរិវត្តកម្មឌីជីថលរបស់កម្ពុជាឱ្យប្រកបដោយបរិយាប័ន្ន និងមានសន្ទុះដ៏រឹងមាំ។
ខណៈដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងធ្វើបរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ភាពជាដៃគូរបស់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនទ្រូម៉ាន់នីខេមបូឌា នឹងឈរជាគំរូមួយដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហការជាយុទ្ធសាស្រ្ត សម្រាប់ការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។
ភាពជាដៃគូនេះនឹងធ្វើឡើងជាដំណាក់កាល ហើយព័ត៌មានលម្អិតអំពីកិច្ចសហការបន្ថែម នឹងត្រូវបានប្រកាសនៅប៉ុន្មានខែខាងមុខនេះ។
ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។ តាមរយៈការភ្ជាប់បច្ចេកវិទ្យា ទៅនឹងជីវិតប្រចាំថ្ងៃ Smart កំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ក្តីប្រាថ្នារបស់ប្រទេសកម្ពុជា ដើម្បីប្រែក្លាយខ្លួនទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថល។
ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) របស់ប្រទេសថៃ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនធំជាងគេ និងចម្រុះបំផុតមួយរបស់អាស៊ី ដែលបម្រើសេវាកម្មជូនទាំងអតិថិជនធនាគារ និងគ្មានធនាគារ តាមរយៈកាបូបលុយបែបឌីជីថល និងបណ្តាញភ្នាក់ងារជាង 10,000 កន្លែង។ ជាមួយនឺងបេសកកម្ម “ជឿជាក់គ្រប់ជំហាន” ក្រុមហ៊ុនទ្រូម៉ាន់នីជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ (Financial Inclusion) ការទូទាត់តាមឌីជីថល និងដំណោះស្រាយពាណិជ្ជករទូទាំងប្រទេសកម្ពុជា។ កិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុនទាំងពីរក្នុងការសហការគ្នាលើវិស័យដែល ភ្ជាប់គម្លាតឌីជីថល និងគាំទ្រសក្ដានុពលនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។