អត្ថបទក្រុមហ៊ុន

អ្នកត្រូវបានជ្រើសតាំងគួរឱ្យកត់សម្គាល់ ៣រូប សម្រាប់ជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart


អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះគឺគ្រាន់តែជាបុគ្គលមួយចំនួនប៉ុណ្ណោះក្នុងចំណោមអ្នកដែលត្រូវបានជ្រើសតាំងដ៏គួរឱ្យកត់សម្គាល់បំផុតក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart
ដោយ
អំពី SmartAsiata​

យុទ្ធនាការ​ស្វែង​រក​ពលរដ្ឋ​គំរូ​របស់​ប្រទេសកម្ពុជា​បាន​ចាប់​ផ្តើម​កាលពី​ខែ​មុន ហើយ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ជ្រើស​តាំង​គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១។​ អ្នក​ដែលត្រូវបានជ្រើសតាំងជាជ័យលាភី​​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart នឹង​ឈ្នះ​រង្វាន់​ធំជា​ទឹកប្រាក់​​ចំនួន ១ម៉ឺន​ដុល្លារ។

លោក លី តុលា ​ដែលបានជ្រើស​តាំង​លោក អួន បឋម ដែលត្រូវ​បាន​គេ​ស្គាល់តាមរយៈ​ឈ្មោះ​ក្រៅថា សាយ បានថ្លែងថា៖ ដោយ​សារ​តែ​សកម្មភាព​ដ៏​អស្ចារ្យ​របស់​គាត់​នឹង​បង្ហាញផ្ទាល់​ដល់​យុវជន​ថា​សកម្មភាព​ជួយ​ដល់​សង្គមសំខាន់​ប៉ុណ្ណាមិនថា​តូច​ឬ​ធំ​ក្តី។ ជា​ក្តីស​ង្ឃឹមសម្រាប់​យុវជន​ជំនាន់​ក្រោយ ជា​ពិសេសគឺ​កុមារ​ដើម្បី​ឱ្យ​ពួក​គេទាំង​អស់​ទទួល​បាន​​ឱកាស​ដូច​គ្នា ធំធាត់ មាន​សុខភាព​ល្អ និង​ក្លាយជា​យុវជន​ជំនាន់​​ក្រោយដ៏​ល្អ”។

បន្ទាប់​ពីដឹង​ថា​លោក​ត្រូវបានជ្រើស​តាំង លោក សាយ បាន​ថ្លែងថា នៅ​ក្នុង​ខួប​កំណើត​អាយុ ៣០ឆ្នាំ​នេះ លោក​ចង់​ធ្វើ​អំពើ​ល្អ​មួយ​ដល់​ប្រទេសជាតិ​​របស់​គាត់។ លោក សាយ បានថ្លែងថា៖ “សម្រាប់​ខ្ញុំផ្ទាល់ គឺ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅពេល​ដែល​គេ​បាន​ឃើញ​​នូវ​អំពើ​ល្អ​របស់​ខ្ញុំហើយនិងក្រុមរបស់ខ្ញុំ ដែល​យើង​កំពុង​តែ​ស្វះ​ស្វែង​ធ្វើ​ការ​រត់​ទូទាំង​ប្រទេស រៃអង្គាស​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដែល​ជា​សកម្មភាព​សង្គម​មួយ”។

លោក សាយ បាន​បញ្ចប់ការ​រត់​ចម្ងាយផ្លូវ ២.២២០​គីឡូម៉ែត្រ​រួចហើយ​គិត​ត្រឹមថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​ ជា​ផ្នែក​មួយ​នៃ​ចំណាយ​ផ្លូវ​សរុបចំនួន ២.៣៩១គីឡូម៉ែត្រ​ ហើយ​លោកគ្រោង​​​បញ្ចប់​ការ​រត់​ចម្ងាយ​ផ្លូវ​ដ៏​វែង​នេះ​នៅថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ខាង​មុខ​នេះ។

លោក អែល ម៉ាត់ ក៏ត្រូវបានជ្រើស​តាំង​ផង​ដែរដោយសារ​មាន​​ការទទួល​ស្គាល់​លើការងារ​ជំនួយ​សប្បុរស​ធម៌​​ដែល​គាត់បាន​ផ្តល់​ទៅ​ឱ្យ​​សហគមន៍​របស់គាត់។ លោក អែល ម៉ាត់ បាន​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ កុមារ​កំព្រា និង​មនុស្ស​ចាស់ជរា។

លោក កូប ហាសាន់ ដែលជា​អ្នកជ្រើស​តាំង​លោក អែល ម៉ាត់ បាន​ថ្លែង​ថា៖ “ខ្ញុំជ្រើសរើសយកគាត់ [អែល ម៉ាត់] នឹង​គឺ​ដោយសារ​​​គាត់​ធ្វើ​ការ​អត់​ចង់​បាន​អ្វី​​ទាំង​អស់ ​សូម្បី​តែ​ប្រាក់​ខែ​ក៏​គាត់​អត់​មាន​ដែរ។ ​តែ​ខ្ញុំ​ឃើញ​គាត់​ប្រឹង​ប្រែង​ធ្វើ​មែន​ទែន”។

បន្ទាប់​ពី​ទទួលបានដំណឹង​អំពីការ​ជ្រើស​តាំង​រូបគាត់ លោក អែល ម៉ាត់​ បាន​ថ្លែង​ថា៖ “ការ​ពិត​ខ្ញុំ​គ្មាន​លុយ​កាក់ទេ ប៉ុន្តែមានទឹកចិត្ត មាន​គំនិត​មួយ​ចង់​អោយ​អ្នក​ភូមិ​អ្នក​ស្រុក​ឲ្យ​​មានជីវភាពធូរធារ មាន​ការ​អភិវឌ្ឍន៍ភូមិឃុំឲ្យ​មាន”។

លោក​បាន​បន្ថែម​ថា៖ “បើសិនជាខ្ញុំបានជ័យជំនះ ទីមួយ​​លុយ​នឹង​ខ្ញុំ​មិន​យក​ខ្លួនឯង​ទាំង​អស់ទេ គឺ​ខ្ញុំ​ចែក​​ជួយអ្នកក្រីក្រ ក្មេង​​កំព្រា ចាស់​ជរា​មួយ​ផ្នែក​ធំ”។

អ្នក​ត្រូវ​បានជ្រើសតាំង​ដ៏មានប្រជាប្រិយ​ម្នាក់​ផ្សេង​ទៀត​គឺ​លោក អ៊ុក យុទ្ធ រស់​នៅខេត្ត​ក្រចេះ។ អ្នកជ្រើស​តាំងចំនួន ៥​នាក់ បានជ្រើសតាំងរូប​គាត់​ដោយសារ​ការងារ​ដែលគាត់​ធ្វើជាមួយ​កុមារ​ក្រីក្រ។ និយាយអំពីមូលហេតុ​ដែល​គាត់​បានជ្រើស​តាំង​លោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុកចរិយា បានថ្លែង​ថា៖ “មូលហេតុ​ដែល​ខ្ញុំ​ជ្រើស​​រើស​លោក យុទ្ធ ធ្វើ​ជា​ពលរដ្ឋគំរូ គឺ​ដោយសារ​តែ​​គាត់ជួយ​សម្រួល​ដល់​កុមារ​​នៅក្នុង​សហគមន៍ឱ្យមក​សិក្សា​ដោយ​មិន​ចាំបាច់​បង់​ប្រាក់ទៅ​លើ​មុខវិជ្ជា​ភាសា​អង់គ្លេស”។

លោក អ៊ុក យុទ្ធ ដែលជាអ្នក​សម្របសម្រួល​សមាគមខ្មែរដើម្បីអភិវឌ្ឍន៏តាមជនបទ ដែលជា​អង្គការ​សហគមន៍​មួយ​ប្រតិបត្តិការ​​ក្នុង​ខេត្ត​ក្រចេះ​បានថ្លែងថា៖ “យើង​ផ្ដោត​ទៅ​លើ​កុមារ​ដែល​ក្រីក្រ កុមារ​ដែល​មក​ពី​តំបន់​ជិត​ខាង ដូច​ជា​នៅ​តំបន់​ចុង​ជ្រោយ ក្នុង​ភូមិ​អូរឬស្សី១នេះ។ ដោយ​សារ​មើល​ឃើញ​ពី​ការ​លំបាក​ផ្នែក​ភាសា និង​ការ​លំបាក​ក្នុង​វិស័យ​អប់រំ អញ្ចឹងទើប​សម្រេច​ចិត្ត​ធ្វើ​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយ​ដល់​ក្មេង​ទាំង​នោះ ជា​ពិសេស​ក្មេង​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ក្មេង​ដែល​ខ្វះ​អាហា​រូបត្ថម្ភ ហើយ​និង​ពិបាក​ក្នុង​ការ​អាន”។

លោកបាន​បន្ថែម​ថា៖ “បើ​សិន​ជា​មាន​ឱកាស​ឈ្នះ​ពិត​ប្រាកដ​មែន យើង​នឹង​យក​ថវិកា​នេះ​មក​អភិវឌ្ឍ​កន្លែង​របស់​យើង អភិវឌ្ឍ​កុមារ​នៅ​ទី​នេះ ឲ្យ​បាន​ប្រសើរ​ជាង​មុន”។

អ្នក​ជ្រើស​តាំង​យ៉ាង​ច្រើន​បាន​ផ្ញើ​ការ​ជ្រើស​តាំង​របស់ពួកគេ​សម្រាប់​មនុស្ស​ដែល​ពួកគេ​ជឿ​ថា​បាន​ធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ប្រទេសជាតិ​ អ្នកជិត​ខាង ភូមិ ឬ​ខេត្ត​របស់​ខ្លួន។

អ្នក​ជ្រើស​តាំងត្រូវ​បានអនុញ្ញាត​ឱ្យ​ជ្រើស​តាំង​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ ហើយ​អ្នក​ជ្រើសតាំងទាំង​នោះ​​​ត្រូវ​ផ្តល់​ព័ត៌មាន​ទំនាក់​​​ទំនង​លម្អិត​របស់​អ្នក​ត្រូវបានជ្រើស​តាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពីអំពើ​ល្អ ដែលជួយ​ឱ្យ​​បុគ្គល​រូប​នោះ​​ត្រូវ​បាន​ជ្រើស​តាំង។

អ្នក​ជ្រើស​តាំង​ក៏​ត្រូវ​បានស្នើ​សុំ​ឱ្យ​ផ្តល់​រូបថត​ឌីជីថល ឬវីដេអូ​ទៅ​តាម​ជម្រើស​របស់ពួក​គេ​ផង​ដែរ។ អ្នក​ត្រូវ​បាន​ជ្រើស​តាំង​សាក​សម​បំផុត នឹង​ត្រូវបានទាក់ទង​ដោយ​អ្នក​រៀបចំកម្មវិធី ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​​អំពី​សាវតា​របស់​ពួកគេ ព្រម​​ទាំង​អំពើ​ល្អ​​ដែលជួយ​ឱ្យ​ពួកគេ​​ត្រូវ​បាន​ជ្រើស​តាំង។ ក្រោយ​មក អ្នក​រៀបកម្មវិធី នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​របស់​អ្នក​ត្រូវ​បានជ្រើស​តាំង​នោះ។ រាល់​ការ​ផ្សាយ​គឺជា​ឆន្ទានុសិទ្ធិ​របស់​អ្ន​ករៀបចំ​ការ​កម្មវិធី។

អ្នក​របៀបចំ​កម្មវិធី គ្រោង​​នឹងជម្រុះ​បេក្ខជនមក​នៅ​ត្រឹមតែ ១០​នាក់ប៉ុណ្ណោះ ដែល​​​ពួកគេ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​​ពាន​រង្វាន់។ ជ័យលាភី​ នឹង​​ត្រូវបានជ្រើស​រើស​ដោយ​គណៈកម្មការ​ ​ដែល​មាន​សមាសភាព​​បីរូប។ ឈ្មោះ​សមាសភាព​របស់​គណៈកម្មការ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ឆ្នាំ​២០២១។

កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​នេះ​មាន​បំណង​បង្ហាញឱ្យ​ឃើញ​នូវ​អំពើ​ចេះ​ជួយ​យក​អាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​នៅ​ក្នុង​​​​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​របស់​​ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodiaឬចូលទៅកាន់គេហទំព័រ www.smart.com.kh

None



អត្ថបទបន្ទាប់


កូវីដ១៩៖ថៃចាត់វិធានការទម្លាក់ថ្លៃទឹកភ្លើងដើម្បីសម្រួលជីវភាពពលរដ្ឋ

គណៈរដ្ឋមន្ត្រីថៃនៅព្រឹកថ្ងៃទី ១២ ខែមករាបានសម្រេចដាក់ចេញនូវវិធានការកាត់បន្ថយតម្លៃទឹក និងអគ្គិសនីដល់ប្រជាជន គោលដៅជួយសម្រួលដល់ជីវិភាពពលរដ្ឋ…

ក្រុមហ៊ុន Twitter ខាតបង់ ៥ពាន់លានដុល្លារក្នុងផ្សារហ៊ុន ក្រោយបិទគណនីលោក ដូណាល់ ត្រាំ

ក្រោយសម្រេចបិទគណនីរបស់លោកដូណាល់ត្រាំ ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Twitter ត្រូវបានធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់ ១២% គិតជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ