ធនាគារ SME-សហគ្រាស-ស្តាអាជីវកម្មពីវិបត្តិកូវីដ១៩

ទុន ៤២៣លានដុល្លាររបស់ធនាគារ SME ត្រូវបានបញ្ចេញជូនសហគ្រាសជាង៣ពាន់ ដើម្បីស្ដារអាជីវកម្មពីវិបត្តិកូវីដ១៩


គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម ជាង៣ពាន់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ នេះបើតាមថ្នាក់ដឹកនាំធនាគារ SME ។
ទុន ៤២៣លានដុល្លាររបស់ធនាគារ SME ត្រូវបានបញ្ចេញជូនសហគ្រាសជាង៣ពាន់ ដើម្បីស្ដារអាជីវកម្មពីវិបត្តិកូវីដ១៩

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ការបង្កើតឱកាសការ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលធន់ទៅនឹងវិបត្តិ។ ជាក់ស្ដែង យសហគ្រាសធុនតូច និងមធ្យម បានរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានរួមចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប និងបានផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ ក៏ប៉ុន្តែ វិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នៅតែជួបប្រទះនូវបញ្ហាមួយចំនួន ជាពិសេសទាក់ទងនឹងកង្វះហិរញ្ញប្បទាន តែម្ដង។ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ និងគាំទ្រឲ្យសហគ្រាសបន្តលំនឹងអាជីវកម្មរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានទម្លាក់ហិរញ្ញប្បទាន ជាបន្តបន្ទាប់ដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធិផលនៃការអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី២ និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទាន» នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែ វិស័យនេះ បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា កង្វះហិរញ្ញប្បទាន,ភាពមានកម្រិតនៃសមត្ថភាពស្ថាប័ន ក្នុងការអភិវឌ្ឍផលិតផល និងការធ្វើនវានុវត្តន៍ និងកង្វះកម្លាំងពលកម្មជំនាញ ជាដើម។ ឯកឧត្តមបន្តថា បញ្ហាទាំងនេះ បានធ្វើឲ្យរាំងស្ទះដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកខ្លួន និងការចូលរួមកាន់តែសកម្មក្នុងច្រវ៉ាក់តម្លៃតំបន់ និងសាកល ក៏ដូចជា ការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

បើតាមឯកឧត្តម ផាន់ ផល្លា កន្លងមក ដើម្បីរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍គោលនយោបាយនានា ជាច្រើន ដូចជា ការលើកទឹកចិត្តផ្នែកសារពើរពន្ធ,ការបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ,មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ,ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្ដល់សហហិរញ្ញប្បទាន សម្បទាន ទៅសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តម ផាន់ ផល្លា បានសង្កត់ធ្ងន់ថា ដោយសង្កេតឃើញថា ស្ថានភាពជំងឺកូវីដ១៩ នៅតែអូសបន្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដល់នូវហិរញ្ញប្បទានដល់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បន្តទៀត ដើម្បីជួយដល់ម្ចាស់អាជីវកម្មដែលបានរងគ្រោះដោយសារបញ្ហាកូវីដ១៩។

ដោយឡែក លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួន៣ របស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩។ លោកបន្តថា គម្រោងទាំង៣នេះ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦៩លានដុល្លារអាមេរិក ដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣ គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅ សហគ្រាស ក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក។ ចំណែក១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន៤គ្រឹះស្ថាន។

សូមបញ្ជាក់ថា គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងទំហំហិរញ្ញប្បទានសរុបចំនួន ១០០លានដុល្លារ ដែលបានផ្តល់ឥណទានដល់សហគ្រាសរុប ចំនួន៧៥៣។ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនូន៥០លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៥០លានដុល្លារ។ វិស័យអទិភាពដែលទទួលបានឥណទាននេះ រួមមាន វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យកម្មសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក និងការកែច្នៃផ្សេងៗ និងវិស័យព័ត៌មានវិទ្តា និងទូរគមនាគមន៍ជាដើម។ ដោយឡែក គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី២ បានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០២១ ក្នុងទំហំហិរញ្ញប្បទានចំនួន ២៤០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនួន១២០ លានដុល្លារ និងថវិកាបដិភាគរបស់របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមានចំនួន១២០លានដុល្លារ។ គម្រោងនេះបានបញ្ចប់ហើយកាលពីខែកញ្ញា ឆ្នាំ២០២២ ដោយសហគ្រាសចំនួន១៩៩២ ទទួលបានឥណទានពីគម្រោងនេះ។ រីឯគម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំថវិកាសរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារ៕




អត្ថបទបន្ទាប់


សិង្ហបុរី និងញូវយ៉ក ជាប់ចំណាត់ជាទីក្រុងមានការចំណាយថ្លៃបំផុតសម្រាប់ការរស់នៅ

សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលម្ដងទៀត នៅឆ្នាំនេះ គឺជាទីក្រុងដែលមានការចំណាយថ្លៃបំផុតក្នុងការរស់ ខណៈទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឈរលំដា…

ផ្សារទំនើបអ៊ីអន៣ តម្លៃជាង២០០លានដុល្លារ នឹងបើកដំណើរការសាកល្បងនៅសប្ដាហ៍ក្រោយ

ផ្សារទំនើបអ៊ីអន៣ ឬអ៊ីអនមានជ័យតម្លៃជាង២០០លានដុល្លារ នឹងបើកឲ្យដំណើរការសាកល្បងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសជ្រើស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ